រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ដែលជាព្រឹត្តិការណ៍មិនធ្លាប់មានកាលពីមុនក្នុងកម្រិតរដ្ឋាភិបាល។
យោងតាមសេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៤ ខែតុលានេះ គណៈកម្មការដឹកនាំដោយលោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាប្រធាន និងមានលោក ឈិន កេតនា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាអនុប្រធាន និងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតជាសមាជិក។
គណៈកម្មការនេះមានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និង ធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម និងលោកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូលនិងចំណាយថវិកាពីប្រភពនានា។
ទោះបីជាយ៉ាងណា មិនទាន់មានការកំណត់ច្បាស់លាស់ថាតើពិធីបុណ្យកឋិនទាននាពេលខាងមុខនឹងត្រូវដង្ហែទៅកាន់វត្តព្រះពុទ្ធសាសនាមួយណានៅឡើយទេសម្រាប់ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
យោងតាមអង្គការខ្មែរកម្ពុជាក្រោមដើម្បីការពារសិទ្ធិមនុស្ស មានវត្តព្រះពុទ្ធសាសនាចំនួន ៥៦៧វត្តនិងព្រះសង្ឃជាង ២ម៉ឺនអង្គ។ កម្ពុជាក្រោមគឺជាអតីតទឹកដីកម្ពុជា ប៉ុន្តែត្រូវបានប្រគល់ទៅឲ្យវៀតណាមក្នុងសម័យអាណានិគមនិយមបារាំង។ ប្រជាពលរដ្ឋដែលរស់នៅទីនោះនៅបន្តរក្សាប្រពៃណីសាសនារបស់ខ្លួន។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា កាលពីកន្លងទៅ មានការរៀបចំពិធីបុណ្យបែបសាសនាពីសំណាក់ពលរដ្ឋកម្ពុជាខ្លះនៅកម្ពជាក្រោម ប៉ុន្តែ កម្មវិធីធំកម្រិតរដ្ឋាភិបាលបែបនេះ ជាការវិវត្តថ្មីមួយដែលមិនធ្លាប់មានពីមុនមក។ ការរៀបចំនេះ បង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម ដែលអនុញ្ញាតឲ្យមានការរៀបចំពិធីបែបនេះឡើង ហើយក៏បង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើបងប្អូនខ្មែរនៅកម្ពុជាក្រោមផងដែរ។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថា កម្ពុជាក្រោមជាអតីតទឹកដីរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នកាន់កាប់ដោយវៀតណាម។ ទោះបីវៀតណាមគ្រប់គ្រង ប៉ុន្តែជាប្រពៃណីទំនៀមទម្លាប់ពួកគាត់នៅតែរក្សា។ ពលរដ្ឋដែលបច្ចុប្បន្នមានសញ្ជាតិវៀតណាម ប៉ុន្តែមានដើមកំណើតជាខ្មែរ គួរតែមានសិទ្ធិផ្សាភ្ជាប់ឈាមជ័រជាបងប្អូន និងផ្សាភ្ជាប់ខាងប្រពៃណី ទំនៀមទម្លាប់»។
យ៉ាងណាក៏ដោយ លោកថ្លែងថា ការរៀបចំពិធីបុណ្យតាមបែបប្រពៃណីសាសនានេះ មិនគួរត្រូវបានយកទៅបកស្រាយដើម្បីធ្វើឲ្យប៉ះពាល់ដល់ផ្នែកនយោបាយរបស់ប្រទេសវៀតណាមទេ ព្រោះវៀតណាមអាចនឹងមិនអនុញ្ញាតឲ្យមានពិធីបែបនេះនាពេលអនាគត។
លោកបន្តថា ជាទូទៅ ថ្នាក់ដឹកនាំវៀតណាមដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា តែងផ្ដាំផ្ញើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនៅកម្ពុជា ហើយថ្នាក់ដឹកនាំកម្ពុជាដែលបំពេញទស្សនកិច្ចទៅប្រទេសផ្សេងៗក៏តែងតែងស្នើឲ្យប្រទេសសាម៉ីយកចិត្តទុកដាក់លើពលរដ្ឋកម្ពុជាផងដែរ។
លោកនិយាយថា៖ «ទោះបីពលរដ្ឋកម្ពុជាក្រោមក្លាយជាពលរដ្ឋវៀតណាម ប៉ុន្តែពួកគាត់ជាជនជាតិខ្មែរ មានដើមកំណើតជាខ្មែរ។ ដូច្នេះរាជរដ្ឋាភិបាលដែលផ្ដួចផ្ដើមរៀបចំបុណ្យកឋិននេះគឺជាការយកចិត្តទុកដាក់ដល់បងប្អូនកម្ពុជាក្រោមដែលរស់នៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន និងជួយជ្រោមជ្រែងដល់ការថែរក្សាប្រពៃណី សាសនា»។
លោកបន្តទៀតថា៖ «បងប្អូនខ្មែរកម្ពុជាក្រោមបានរក្សាប្រពៃណីទំនៀមទម្លាប់ប្រពៃណីដើម ស្ទើរតែបានល្អជាងបងប្អូនយើងនៅកណ្ដាលទៅទៀត។ បងប្អូនយើងនៅកណ្ដាលមានការកែច្នៃខ្លះ និងទទួលឥទ្ធិពលពីបរទស ប៉ុន្តែ បងប្អូននៅកម្ពុជាក្រោមនៅរក្សារបៀបដើម ដែលជាការល្អ។ បងប្អូនយើងអាចចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីឲ្យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកាន់តែល្អ កាន់តែមានគេទទួលស្គាល់ ដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់អត្តសញ្ញាណរបស់ខ្មែរផងដែរ»៕