ភ្នំពេញៈ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌបាន​កើត​មាន​ចំនួន ​៣៤​លើក​ ដែល​ថយ​ចុះជាង​ ៤០​ភាគរយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ​កាល​ពី​ឆ្នាំ​ ២០២៣​កន្លង​មក​ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ចំនួន​៨នាក់។  

លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹម​ខឿន ​អគ្គស្នង​ការរង​ និង​ជា​អ្នក​នាំ​ពាក្យ​នគរបាលជាតិ​បាន​ឱ្យ​ដឹង​ថា ​រយៈពេល​៣​ថ្ងៃនៃបុណ្យ​ភ្ជុំ​បិណ្ឌ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣ ​ខែ​តុលា ​ឆ្នាំ២០២៤​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ចំនួន​៣៤លើក​នៅទូទាំង​ប្រ​ទេស។ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក ​ចំនួន​គ្រោះថ្នាក់​នេះ​មាន​ការ​ថយ​ចុះចំនួន​២៤លើក​ ឬ​៤១​ភាគ​រយ។ 

លោក​ឧត្តមសេនីយ៍​ឯក​បញ្ជាក់​ថា៖«៣ថ្ងៃ​ឆ្នាំ​នេះ ​ហេតុការ​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​តែ​៣៤​លើក​ទេ ​តែឆ្នាំ​មុន​កើតឡើង​៥៨​លើក​។ ប៉ុន្តែ​សំខាន់​ យើង​ឃើញ​ថា​ ការ​ស្លាប់​មាន​កំណើន​។ លើក​នេះ​ បណ្តាល​ឱ្យ​ស្លាប់​ចំនួន​៣០​នាក់​។ ឆ្នាំមុន​កើត​មាន​៥៨​លើក ​ស្លាប់​ ២២​នាក់»។ 

លោក​បន្ត​ថា ​រីឯ​ចំនួន​អ្នក​រង​របួស​វិញ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​នេះ ​មាន​ចំនួន​តែ​៥០​នាក់​ប៉ុណ្ណោះ​ ខណៈ​ពេល​ពី​ឆ្នាំ​ទៅមាន​រហូត​ដល់​ទៅ​៧៩​នាក់​ ដែល​មាន​ការ​ថយ​ចុះ​២៩​នាក់ ​ឬ​៣៧​ភាគ​រយ។ 

គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ភាគ​ច្រើន​គឺ​នៅ​ថ្ងៃ​ទី​២ ​តុលា ​ដែលមាន​រហូដល់ទៅ​ចំនួន ១៥​លើក ​បណ្តាលឱ្យមនុស្ស​ស្លាប់១៧​នាក់ ​ក្នុង​នោះ​មាន​ស្រី​ចំនួន​ ៣​នាក់ ​និង​អ្នក​របួស​ធ្ងន់​ស្រាល​១៩​នាក់។ ក្នុង​ចំណោម​ជន​រង​គ្រោះមាន​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន ​២៦​នាក់។ នេះ​បើ​យោង​តាម​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ។ 

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​មូល​ហេតុដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ​កត្តាល្មើស​ល្បឿន ​ការ​មិន​គោរព​សិទ្ធិ ​មិនប្រកាន់​ស្តាំ ការ​ប្រជែ​ង និង​កត្តាយាន​ជា​ដើម។

គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​បាន​សម្លាប់​មនុស្ស​ចំនួន​៤​នាក់​ និង​របួស​ ៨​ នាក់​ផង​ដែរ​នៅ​ថ្ងៃ​សុក្រ​ទី​៤​ ខែ​តុលា​នេះ។ 

ទាក់​ទង​ទៅ​នឹង​បញ្ហា​ចរាចរណ៍​នេះ​ផង​ដែរ ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​និង​ជា​ប្រធានអនុ​គណៈ​កម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​ លោក​ជាម ​ច័ន្ទសោភ័ណ​បាន​ណែ​នាំ​ឱ្យ​អង្គភាព​ពាក់​ព័ន្ធ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ទូ​លំទូ​លាយ ​ដល់​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត ​(ម៉ូតូ​) ឱ្យ​ពាក់​មួក​សុវត្ថិភាព​ ។ ទោះ​យ៉ាង​​ណា​ ចំពោះ​អ្នក​បើក​បរ​ត្រីចក្រយាន​យន្ត ​ដូចជា ​ផាស់​អាប់​ គឺ​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ទេ។

លោក​ ជាម​ ច័ន្ទសោភ័ណ​ បានណែ​នាំ​ថា៖«នគរបាលចរាចរណ៍​ផ្លូវ​គោក​ទូ​ទាំង​ខេត្ត ​ត្រូវ​បង្កើន​ប្រសិទ្ធ​ភាព​នៃការ​អនុវត្ត​វិធាន​ការ​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ​ប្រកប​ដោយ​តម្លាភាព​គ្មាន​ការ​លើក​លែងនឹ​ងយោ​គយ​ល់នោះ​ទេ​ និង​ត្រូវ​ធ្វើ​ការផា​ក​ពិ​ន័យ​តាម​ច្បាប់ ​ចាប់​ពី​ថ្ងៃ​ទី១ ​ខែតុលា ​ឆ្នាំ​២០២៤​នេះ​ត​ទៅ»៕