ថាមពលអគ្គិសនីពីកម្លាំងខ្យល់ អាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងបណ្តាញអគ្គិសនីជាតិចាប់ពីឆ្នាំ២០២៦ ដែលនេះជាប្រភពថាមពលស្អាតថ្មីមួយទៀតនៅក្នុងគោលនយោបាយថាមពលកម្ពុជា ដែលប្រភពថ្មីនេះ នឹងជួយឱ្យកម្ពុជាមានប្រភពថាមពលកាន់តែចម្រុះ តម្លៃទាប និងមាននិរន្តន៍ភាពជាងមុន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ថ្លែងក្នុងពិធីបាឋកថាស្តីពី«គោលនយោបាយថាមពលកម្ពុជា» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងរ៉ែ និងថាមពល ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លិបអ្នកកាសែតកម្ពុជា កាលពីរសៀលថ្ងៃទី៤ ខែតុលា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល វិស័យថាមពលនៅកម្ពុជាបានបន្តរីកចម្រើនយ៉ាងឆាប់រហ័ស គឺពីគ្មានថាមពលអគ្គិសនីប្រើប្រាស់សោះកាលពីអំឡុងឆ្នាំ ១៩៧៩ រហូតដល់ចុងឆ្នាំ ២០២៣ កន្លងមក ប្រទេសកម្ពុជាមានបណ្តាញអគ្គិសនីទៅដល់ភូមិចំនួន ១៤ ១៥១ ដែលស្មើនឹង ៩៩,៨៨ភាគរយនៅទូទាំងប្រទេស។
លោកលើកឡើងទៀតថា ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានខាងលើ ពិសេសក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏កំពុងខិតខំក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យថាមពលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានថាមពលពីប្រភពស្អាតកាន់តែច្រើន ក្នុងន័យធានាថា វិស័យថាមពលនៅកម្ពុជា គឺ មានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់, មានតម្លៃសមរម្យ, ថាមពលមានស្ថិរភាព, និង៤ មានសមធម៌។
ទាក់ទងនឹងគម្រោងធ្វើឱ្យវិស័យថាមពលនៅកម្ពុជា កាន់តែមានភាពរឹងមាំ និងស្អាតជាងមុន លោក កែវ រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល គឺកំពុងខិតខំក្នុងការពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើនសមត្ថភាពថាមពលស្អាត ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ដូចជា ការពង្រីកការវិនិយោគលើថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ជាពិសេសថាមពលថ្មីដែលមានប្រភពពីកម្លាំងខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី។
លោកបានថ្លែងថា៖«កម្ពុជាកំពុងពង្រីងថាមពលរបស់ខ្លួនដែលដើរដោយខ្យល់ ដែលមានអានុភាពសរុប ៩០០មេហ្គាវ៉ាត់ គឺចំនួ ៦ គម្រោងស្ថិតក្នុងខេត្តមណ្ឌលគិរី»។
លោកប្រាប់ទៀតថា បានផែនការគម្រោងនេះអាចនឹងចាប់ផ្តើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០២៦។ ការមានប្រភពច្រើន ក៏នឹងអាចជួយឱ្យកម្ពុជាអាចកាត់បន្ថយតម្លៃឱ្យកាន់តែទាបនាពេលអនាគតផងដែរ។
ស្ថិរភាព និងតម្លៃអគ្គិសនីទាប ជាសក្តានុពលក្នុងការទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុន
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កន្លងមកមានអ្នកវិនិយោគបរទេសជាច្រើនបានប្រាប់លោកថាមូលហេតុដែលគេរើទីតាំងរោងចក្រមកកម្ពុជា គឺដោយសារកម្ពុជាមានស្ថិរភាពថាមពលល្អ និងជាថាមពលមានប្រភពស្អាត។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកតែ តាំងប៉ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឱកាសក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននឹងមានកាន់តែច្រើនបន្ថែមទៀត បើតម្លៃអគ្គិសនីនៅកម្ពុជាអាចធ្លាក់ចុះទាបជាងពេលនេះ ឬប្រហាក់ប្រហែលប្រទេសជិតខាង។ គ្រប់ចង្វាក់ផលិតកម្ម គឺត្រូវការប្រើប្រាស់ថាមពល ដូច្នេះបើតម្លៃអគ្គិសនីទាប ថ្លៃដើមផលិតក៏ទាប ដែលនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិកើនឡើង។
លោកបន្តថា ឧស្សាហកម្មធំៗបានចូលមកវិនិយោគផ្ទាល់នៅកម្ពុជាជាបន្តបន្ទាប់នាពេលនេះ។
លោកថ្លែងថា៖«តម្លៃប្រេង និងតម្លៃអគ្គិសនី ជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគគិន ព្រោះប្រេង និងអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ផ្នែកផលិតកម្ម ក្រៅពីការចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្ម។ ពេលណាតម្លៃប្រេង រួមទាំងតម្លៃអគ្គិសនីមានស្ថិរភាព និងតម្លៃទាបវិនិយោគិននឹងមើលឃើញពីឱកាសចេញពីកត្តាទាំងអស់នោះ»៕