មណ្ឌលគិរីៈ សំណាកសាកសពដំរីឈ្មោលមួយក្បាល ទំងន់ប្រមាណ៣តោន ដែលបានស្លាប់ក្នុងរណ្តៅគ្រាប់បែក B៥២ ក្នុងដែនជម្រកសត្វព្រៃកែវសីមានោះ ត្រូវបានយកទៅធ្វើកោសលវិច័្ចយបន្ថែម នៅរាជធានីភ្នំពេញនាថ្ងៃចន្ទ ទី៧ ខែតុលានេះ ដើម្បីរកមូលហេតុនៃការស្លាប់ឱ្យបានច្បាស់លាស់។
ប្រជាសហគមន៍បានប្រទះឃើញដំរីព្រៃ ឬដំរីអាស៊ី១ក្បាល អាយុប្រហែល៣០ឆ្នាំ ស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីថ្ងៃទី៥ ខែតុលា។
ក្រោយពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើអន្តរាគមន៍ស្រង់ដំរីនេះចេញពីរណ្តៅ នៅល្ងាចថ្ងៃទី៦ ខែតុលា។ នៅព្រឹកថ្ងៃចន្ទនេះ មន្រ្តីជំនាញពីសួនសត្វភ្នំតាម៉ៅ មន្ទីរបរិស្ថាន កសិកម្មខេត្ត និងអង្គការ WCS បានធ្វើកោសលវិច័្ចយ និងវះកាត់សាកសពដំរីនេះ ដើម្បីយកទៅធ្វើពិសោធន៍បន្ថែម។ នេះបើយោងតាមលោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។
លោក ប៊ុនធឿន បញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ព្រឹកនេះយើងវះយកសំណាកមួយចំនួននៅទីតាំងឃើញស្លាប់ហ្នឹងយកទៅពិនិត្យមើលនៅភ្នំពេញ ដើម្បីដឹងពីមូលហេតុអីបានស្លាប់អញ្ជឹង»។
លោកបានឱ្យដឹងថា ដំរីនេះបានឈឺជើងឆ្វេងខាងមុខ ប៉ុន្តែវានៅដើរបាន។ តាមការពិនិត្យសាកសពដោយផ្ទាល់ឃើញថា សពដំរីនេះមានស្នាមរបួសជើងឆ្វេងមុខ ហើយវាជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី ១០ ទៅ ២០ក្បាល ដែលបានបង្ហាញខ្លួន នៅតំបន់នេះកាលពីខែមេសាកន្លងមក។
លោកថ្លែងដូច្នេះថា៖«មិនមែនវាធ្លាក់ចូលរណ្តៅនេះទេ។ តាមការសន្និដ្ឋានវាឈឺជើងហើយចុះផឹកទឹក ដើរអត់រួច។ យើងយកទឹក[ក្នុងរណ្តៅ] និងសំណាកដំរីទៅពិនិត្យមើលសិនទើបដឹងថា ក្នុងទឹកមានអី ឬក៏ក្នុងពោះវៀនវាមានសារធាតុពុល ឬអត់។ អញ្ជឹងយើងអត់ទាន់សន្និដ្ឋានបានទេ ទាល់តែឆ្លងកាត់ការធ្វើកោសលវិច័្ចយសិន»។
លោកបន្ថែមថា ដោយសារតែនៅតំបន់នោះជាចំការកៅស៊ូ និងពិបាកដឹកសពដំរីចេញ ក្រុមមន្រ្តីនឹងរកកន្លែងមានសុវត្ថិភាព ដើម្បីកប់សាកសពវា។
នេះជាកណីស្លាប់ដំរីលើកទី៣ក្នុងខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៤នេះ។ កាលពីខែមករាកន្លងមក កូនដំរីមួយក្បាលបានស្លាប់ ដោយសារតែត្រូវគ្រាប់កំាំភ្លើង។ កាលពីខែឧសភា ដំរីញីមួយក្បាល បានស្លាប់ក្រោយពីត្រូវបានសង្រ្គោះពីល្បាប់ភក់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយសារតែរបួសជើងធ្ងន់ធ្ងរ និង ដាច់ចំណីយូរ។
ទោះយ៉ាងណា ក្រុមការងារ បានសន្និដ្ឋានជំហានដំបូងថា ករណីស្លាប់ដំរីចុងក្រោយនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលដែលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត។ នេះបើយោងតាមក្រសួងបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិ ដ៏មានសារៈសំខាន់មួយ។
លោកបានឱ្យដឹងថា ហ្វូងដំរីព្រៃឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគីរី បានបង្ហាញខ្លួនជាញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។ លើសពីនោះ ក៏អាចបញ្ជាក់បានថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថាន បានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិផងដែរ។
លោកបានជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។
ក្រៅពីជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ និងការស្តារទីជម្រក លោកក៏បាន ជំរុញឱ្យកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។
ដំរីព្រៃ ឬដំរីអាស៊ី គឺជាប្រភេទសត្វ ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ តាមការប៉ាន់ស្មាន ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ទៅ ៥០ ០០០ ក្បាលប៉ុណ្ណោះ។ ក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូ នាពេលកន្លងមកបានឱ្យដឹងថា ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិ។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ជាដើម ដែលជាតំបន់ជីវៈចម្រុះ ដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕