អ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានរកឃើញផូស៊ីលឈើដែលមានអាយុកាលចាស់ជាងគេនៅខេត្តបន្ទាយមានជ័យ ដែលមានអាយុកាលចន្លោះពី ២៥២ដល់២៩៩លានឆ្នាំ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានស្រាវជ្រាវរកឃើញផូស៊ីលឈើនេះនៅភ្នំកងវ៉ា ក្នុងក្រុងសិរីសោភ័ណ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅថ្មីៗ។
លោកថា ក្រុមការងារបានទទួលព័ត៌មានពីប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ហើយបានចុះទៅពិនិត្យនៅក្នុងរណ្តៅដីមួយកន្លែងនៅជើងភ្នំកងវ៉ា ហើយបានកាយស្រទាប់ដី ឬថ្ម និងបានឃើញផូស៊ីលដើមឈើមួយចំនួន។
លោកបន្តថា៖ «អ្នកជំនាញធ្លាប់បានចុះសិក្សាពិនិត្យទីតាំងភ្នំកងវ៉ា នាពេលកន្លងមក និងតាមរយៈការសិក្សាប្រៀបធៀបនេះ ផូស៊ីលឈើទាំងនោះអាចស្ថិតនៅលើកោះ ឬដីគោកក្នុងពេលមួយ គឺក្នុងសម័យកាលភ័រមៀន (Permian) ដែលមានអាយុ (២៥២ដល់២៩៩លានឆ្នាំ) ក្នុងស័ក Paleozoic»។
បើតាមលោក ខ្វៃ អាទិត្យា ផូស៊ីលឈើនេះ គឺជាផូស៊ីលមួយក្នុងចំណោមផូស៊ីលចំណោមផូស៊ីលជាច្រើនដែលរកឃើញនៅតំបន់ការពារធម្មជាតិចំនួន ១៤កន្លែងក្នុងនៅក្នុងខេត្តរតនគីរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងបន្ទាយមានជ័យ។
លោកថា ការសិក្សាស្រាវជ្រាវផូស៊ីលនៅក្នុងខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពីឆ្នាំ២០១៩ ដោយនៅខេត្តនេះ អ្នកស្រាវជ្រាវបានរកឃើញស្ថានីយផូស៊ីលនៅស្ថានីយចំនួន១២កន្លែង រួមមានផូស៊ីលសត្វសមុទ្រ ខ្យង ផ្កាថ្ម លៀស ជាដើម។
សម្រាប់ខេត្តបន្ទាយមានជ័យ ការសិក្សាស្រាវជ្រាវផូស៊ីល ត្រូវបានធ្វើឡើងនៅតំបន់បេតិភណ្ឌធម្មជាតិភ្នំបាក់ ភ្នំជញ្ជាំង ភ្នំស្វាយ ភ្នំកងវ៉ា ភ្នំខ្លាកូន ឬភ្នំដូងព្រះ ដែលទាំងអស់នោះជាស្ថានីយផូស៊ីលសត្វសមុទ្រធំជាងគេនៅកម្ពុជាបូករួមនឹងផូស៊ីលឈើខ្លះដែរ។
កាលពីឆ្នាំ២០២១ ក្រសួងបរិស្ថានក៏បានរកឃើញផូស៊ីលឆ្អឹងស្មងជើងដាយណូស័រ នៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ផូស៊ីលនេះមានអាយុកាល ៦៥លាន-១៩០លានឆ្នាំមុន ហើយជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា៕