ក្រសួង​អប់រំ យុវជន​ និង​កីឡា អំពាវនាវ​ដល់​បេក្ខជន​ទាំង​អស់​ឲ្យ​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ត្រៀម​ខ្លួន​រួច​រាល់​ប្រកប​ដោយ​ភាព​ក្លាហាន​និង​ការ​ជឿជាក់។

ក្រសួង​ក្រើន​រំឭក​ថា បេក្ខជន​ទាំង​អស់​មិន​ត្រូវ​លាក់​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ដើម្បី​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជា​ដាច់​ខាត។ ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទប្បញ្ញត្តិ និង​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ថ្ងៃ​ទី៧ ខែ​តុលា​នេះ​ លោក​ ហង់ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​​អំពាវនាវ និង​ក្រើន​រំឭក​ដល់​បេក្ខជន​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ទាំង​អស់​ឲ្យ​ទទួល​ដំណេក និង​ បរិភោគ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​អនាម័យ​ល្អ។

លោក​ថ្លែង​ថា៖ «ក្មួយៗ​ត្រូវ​ទទួល​ទាន​ដំណេក បរិភោគ​អាហារ និង​ទទួល​ទាន​ទឹក​ស្អាត ជា​ពិសេស​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ក្មួយៗ​មាន​ភាព​ក្លាហាន អារម្មណ៍​នឹងនរ ប្រកប​ដោយ​ភាព​ជឿជាក់ និង​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ប្រឡង»។

លោក​បន្ត​ថា បេក្ខជន​ទាំង​អស់​ត្រូវ​ត្រៀម​សម្ភារៈ​ចាំបាច់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​និង​មក​មណ្ឌល​ប្រឡង រួម​មាន​មួក ឆ័ត្រ​ និង​អាវ​ភ្លៀង។ គ្រប់​បេក្ខជន​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើដំណើរ​មក​មណ្ឌល​ប្រឡង​ផង​ដែរ។

ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី៨ និង​ទី៩ ខែ​តុលា ដែល​មាន​បេក្ខជន​សរុប​ ១៣៧ ០៤០ នាក់ ក្នុង​នោះ​មាន​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ៣៩ ៣៥៨ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៩៧ ៦៨២​នាក់។ មាន​មណ្ឌល​ប្រឡង​សរុប​ចំនួន ២៣០ និង​មាន​បន្ទប់​ប្រឡង់​សរុប ៥ ៥៣៣​បន្ទប់។

ដំណើរការ​កំណែ​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១១ ​ដល់​ ១៧ ខែ​តុលា ចំណែក​លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា សម្រាប់​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត។

លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន​ទំនាក់​វប្បធម៌ ​អប់រំ ​និង​ទេសចរណ៍​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា  ថ្លែង​ថា បេក្ខជន​ប្រឡង​បាក់​ឌុប​បាន​រៀន​សូត្រ​ដើម្បី​ប្រឡង​ តាំង​ពី​ថ្នាក់​ទី១០​ មក។ ប៉ុន្តែ ដោយ​ពេល​វេលា​នៅ​សល់​មិន​ដល់​មួយ​ថ្ងៃ​ផង លោក​លើក​ទឹក​ចិត្ត​ឲ្យ​បេក្ខជន​រំឭក​ឡើង​វិញ​ខ្លីៗ​អ្វី​ដែល​បាន​រៀន ដូចជា​រូបមន្ត​គ្រប់​មុខ​វិជ្ជា​ដែល​ខ្លួន​បាន​សង្ខេប និង​ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​យក​កម្លាំង​ដើម្បី​ប្រឡង​នៅ​ថ្ងៃ​ស្អែក។ ចំពោះ​ឪពុក​ម្ដាយ​និង​បង​ប្អូន​​មិត្តភក្ដិ​វិញ​ក៏​ត្រូវ​ចូល​រួម​លើក​ទឹក​ចិត្ត​ផង​ដែរ។​

លោក​បន្ត​ថា៖ «សម្រាប់​បេក្ខជន​ខ្លួន​ឯង ថ្ងៃ​ប្រឡង​គឺជា​ថ្ងៃ​កំណត់​ជោគ​វាសនា​របស់​ខ្លួន​បន្ទាប់​ពី​បាន​សិក្សា​ជាច្រើន​ឆ្នាំ។ ដូច្នេះ​ ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ ដោយ​មិន​ចាំ​បាច់​រំពឹង​លើ​ការ​ស្រោច​ទឹក ឬ​ការ​បន់ស្រន់​​ ឬ​ពឹង​លើ​ព្រេង​វាសនា ឬ​ចាត់​ទុក​ថា​ពូជ​អំបូរ​របស់​ខ្លួន​ពូកែ​នោះ​ទេ មិន​បាច់​គិត​រឿង​នេះ​ទេ។ ពេល​វិញ្ញាសា​ចេញ​មក ត្រូវ​សួរ​អាន​ឲ្យ​យល់​ច្បាស់ បើ​មិន​យល់​អាច​សួរ​អនុរក្ស​នៅ​តាម​បន្ទប់​បាន»។

សម្រាប់​សំណួរ​នីមួយៗ បេក្ខជន​គួរ​គិត​ទុក​​មុន​ថា ខ្លួន​នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដែល​សមរម្យ។ សំណួរ​ណា​ដែល​បេក្ខជន​ចេះ​ ត្រូវ​ធ្វើ​មុន ជា​ពិសេស​សំណួរ​ដែល​អាច​ទទួល​បាន​ពិន្ទុ។ លើស​ពី​នេះ​ទៀត បេក្ខជន​គួរ​ឆ្លើយ​ឲ្យ​បាន​គ្រប់​សំណួរ។ ពេល​ចូល​ក្នុង​បន្ទប់​ប្រឡង បេក្ខជន​ ត្រូវ​មាន​ស្មារតី​រឹងមាំ កុំ​ភ័យ កុំ​តក់​ស្លុត ហើយ​ហ៊ាន​សួរ​ដោយ​មិន​ខ្លាច ឬ​អៀន​ខ្មាស។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ប៊ុនថង។

លោក​ថា សម្រាប់​អ្នក​ដែល​បាន​ឆ្លើយ​សំណួរ​រួច​ហើយ ទោះ​បី​នៅ​សល់​ម៉ោង​ក៏​មិន​គួរ​ចេញ​មុន​ម៉ោង​រោទ៍​ដែរ គួរ​តែ​អង្គុយ​អាន​និង​ពិនិត្យ​ឡើង​វិញ ដូច​ជា​អក្ខរា​វិរុទ្ធ​ ឬ និម្មិត​សញ្ញា​នានា​ដែល​ខ្លួន​បាន​សរសេរ។

លោក​បន្ត​ថា៖ «យើង​ត្រូវ​តែ​មាន​សង្ឃឹម ដរាប​ណា​លទ្ធផល​មិន​ទាន់​ចេញ​ជា​ផ្លូវការ យើង​ត្រូវ​តែ​មាន​សង្ឃឹម។ ដូច្នេះ​ពេល​ឃើញ​វិញ្ញាសា​ដែល​ពិបាក មាន​ន័យ​ថា វា​ក៏​ពិបាក​សម្រាប់​អ្នក​ដទៃ​ដូច​តែ​គ្នា។ អីចឹង យើង​ប្រឹង​ធ្វើ​ឲ្យ​អស់​លទ្ធភាព​ក្នុង​ម៉ោង​ដែល​យើង​មាន»។

លោក​​បន្ត​ទៀត​ថា ព័ត៌មាន​បេក្ខជន​នៅ​លើ​ក្បាល​នៃ​សន្លឹក​កិច្ចការ​ប្រឡង​នីមួយៗ ក៏​ជា​រឿង​សំខាន់​ដែល​មិន​ត្រូវ​ភ្លេច​ ដូចជា​លេខ​តុ លេខ​បន្ទប់ ឬ​ព័ត៌មាន​​ផ្ទាល់​ខ្លួន​ដែល​តម្រូវ​នៅ​លើ​ក្រដាស​វិញ្ញាសា៕