កំពតៈ សហគមន៍ព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោកំពុងតែទទួលបានការចាប់អារម្មណ៍ តាមរយៈការងារអភិរក្សបានល្អ ដែលធ្វើឱ្យសម្បូរធនធានជីវៈចម្រុះសមុទ្រ ជាពិសេសគឺសត្វផ្សោតផ្កាឈូក ផ្សោតក្បាលត្រឡោក និងជ្រូកទឹកជាដើម។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានបង្ហោះវីដេអូឃ្លិបពីសត្វផ្សោតនៅសហគមន៍នេះ នៅលើបណ្តាញសង្គមរបស់លោក ដោយសរសេរថា៖«តាមរយៈការអភិរក្សបានយ៉ាងល្អនេះ យើងឃើញថា វត្តមាននៃជីវៈចម្រុះទាំងនោះ តែងបានបង្ហាញខ្លួនដល់អ្នកទេសចរបានទស្សនាជារឿយៗ អំឡុងពេល ធ្វើដំណើរ កម្សាន្តនៅ ក្នុងសហគមន៍ផងដែរ»។
សហគមន៍នេសាទព្រែកត្នោត មានផ្ទៃដីទំហំ ១ ១៦៨ហិកតា ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងទន្ទ្រាននានាក្នុងខេត្តកំពត ព្រមទាំងជាទីតាំងសម្រាប់ដាំដុះដើមកោងកាងបន្ថែមផងដែរ ។ លើសពីនេះ សហគមន៍នេះ ក៏ជាកន្លែងអភរិក្សធនធាន និងជីវៈចម្រុះសមុទ្រយ៉ាងច្រើន ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ និងអណ្តើកសមុទ្រជាដើម។ នេះបើយោងតាមហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាល។
គណៈកម្មការសហគមន៍ព្រែកត្នោត លោក ម៉ៅ ចូច បានឱ្យដឹងថា សហគមន៍ព្រែកត្នោតមានផ្សោតផ្កាឈូកប្រមាណជា ១៥ក្បាល និងផ្សោតក្បាលត្រឡោកប្រហែលជា ៥០ ក្បាល។ ក្នុងចំណោមធនធានធម្មជាតិផ្សេងៗ ផ្សោតទាំងនោះជួយទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងជាងគេ។
លោកនិយាយថា៖«តាំងពីមានការរៀបចំទំលាក់ប្រអប់ថ្ម ធ្វើជាជម្រកសិប្បនិមិត្តហ្នឹងមក ឃើញមានសត្វច្រើន។ ជ្រូកទឹកក៏មាន១ក្បាលដែរ។ តំបន់យើងមានផ្សោតច្រើនអញ្ជឹង ជួយទាក់ទាញភ្ញៀវទេសចរបានច្រើនដែរ។ ភាគច្រើនភ្ញៀវចង់មើលផ្សោត និងផ្កាថ្មដែរ»។
នៅខេត្តកំពតមានផ្សោតផ្កាឈូក (ផ្សោតឃ្លៀច) ចន្លោះពី ៤០ ទៅ ៤៦ក្បាល។ រីឯ ផ្សោតក្បាលត្រឡោកមានពី ២០ ទៅ ៣០ក្បាល។ ផ្សោតទាំងនោះរស់នៅក្នុងដែនសហគមន៍នេសាទចំនួនបី ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។ ក្នុងនោះមាន សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍នេសាទចង្ហោន។ នេះបើយោងតាមលោកស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្ត។
ទាក់ទងទៅនឹងសត្វផ្សោតនេះផងដែរ មន្រ្តីជំនាញអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានធ្វើការអំពាវនាវ ដល់ប្រជានេសាទ តាមដាន និងសង្គ្រោះសត្វផ្សោតទន្លេមេគង្គ ឱ្យទាន់ពេលវេលា នៅពេលទន្លេមេគង្គកំពុងតែឡើងក្នុងរដូវវស្សានេះ។
លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល មានប្រសាសន៍ថា នៅអំឡុងរដូវទឹកទន្លេជន់ឡើង គឺជាពេល ដែលសត្វផ្សោតចេញពីទីជម្រកសុវត្ថិភាពរបស់វា ដែលជាអន្លង់ទឹកជ្រៅៗ ទៅតាមខ្សែទឹក ដើម្បីរកចំណីនៅតាមទីវាល។ ការបំលាស់ទីនេះនាំឱ្យសត្វផ្សោតអាចប្រឈមហានិភ័យដោយការជាប់មង ឬ ឧបករណ៍នេសាទ ជាយថាហេតុ នៅតាមដងព្រែក និងដៃទន្លេ ដែលទាមទារឱ្យគ្រប់គ្នា ជាពិសេសបងប្អូនប្រជានេសាទ យកចិត្តទុកដាក់តាមដាន និងប្រុងប្រយ័ត្ន។ នេះបើយោងតាមវីដេអូឃ្លិបមួយ ដែលបង្ហោះដោយក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ។
មន្រ្តីខណ្ឌរដ្ឋបាលជលផលតាមដងទន្លេមេគង្គទាំងអស់ត្រូវបានណែនាំឱ្យហការជាមួយប្រជានេសាទនៅមូលដ្ឋាន ដើម្បី អប់រំផ្សព្វផ្សាយឱ្យដឹងថា សត្វផ្សោតបានបំលាស់ទីទៅចរន្តទឹកខាងក្រោម។ ជាពិសេសគឺ ណែនាំឱ្យគាត់ដឹងពីវិធីសាស្រ្តនៅក្នុង ជួយសង្រ្គោះដោយដោះលែងសត្វផ្សោត ប្រសិនបើសត្វផ្សោតជាប់ដោយចៃដន្យនៅមងនេសាទទាំងអស់នោះ។
លោកបានពន្យល់ថា៖«សួរថា ដោះលែងយ៉ាងម៉េច?ជាទូទៅសត្វប្រភេទនេះវារស់នៅក្នុងទឹកមិនបានយូរទេ បានប្រមាណពី១២ ទៅ១៥នាទី ប៉ុណ្ណឹងឯង។ អញ្ជឹងនៅពេលដែលសត្វផ្សោតជាប់ទៅនឹងមងរបស់គាត់ វិធីដែលល្អ បំផុតគឺត្រូវកាត់មង។ កាត់មងហើយដោះសត្វផ្សោតហ្នឹងចេញពីមងរបស់គាត់។ នេះជាវិធីមួយ ដែលយើងអាចធនាបានថាសត្វផ្សោត នៅមានជីវិត បន្តរស់នៅបាន»។
លោកបន្តថា ផ្សោតបំលាស់ទីទៅចរន្តទឹកខាងក្រោមនៅរដូវវស្សានេះមិនមែននៅជារៀងរហូតទេ។ វាចេញពីទីជម្រករកចំណីតាមហ្វូងត្រី ហើយវាត្រឡប់មកទីជ្រកវាវិញ។ រីឯនៅរដូវប្រាំង សត្វផ្សោតភាគច្រើនចូលចិត្តមកផ្តុំគ្នារស់នៅតាមអន្លង់ទឹកជ្រៅ ដែលជាកន្លែងមានប្រព័ន្ធអេកូឡូស៊ីល្អ មានប្រភពចំណី និងជាកន្លែង ដែលជាសុវត្ថិភាពរបស់វា។
លោកបានលើកឡើងថា ជាក់ស្តែងនៅអន្លង់កាំពី ក្នុងខេត្តក្រចេះ គឺជាកន្លែងប្រកបដោយសុវត្ថិភាព និងមានប្រព័ន្ធអេកូឡូស៊ី ដែលមានសុខភាពល្អ និងពោរពេញទៅដោយត្រី ជាហេតុធ្វើឱ្យផ្សោតមកផ្តុំគ្នារស់នៅកន្លែងនេះ។
ក្រសួងកសិកម្មបានលើកឡើងថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ប្រមាណ ១០៥ក្បាលគិតត្រឹមខែមិថុនាឆ្នាំ ២០២៤នេះ ក្នុងនោះកូនផ្សោតកើតថ្មីមាន ៨ក្បាល ក្នុងឆ្នាំនេះ។ ទោះយ៉ាងណា ផ្សោត ៣ក្បាលបានស្លាប់ទៅវិញ។ ករណីស្លាប់ចុងក្រោយ គឺផ្សោតញី ជំទង់ ១ក្បាល បានស្លាប់នៅក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះ កាលពីខែសីហាកន្លងមក ដោយជាប់នឹងមងនេសាទក្រឡា ១៥សង់ទីម៉ែត្រ។
លោក សុមានី ក៏បានឱ្យដឹងផងដែរថា ការការពារសត្វផ្សោតគឺធ្វើឡើងតាមយន្តការច្បាប់ ដែលមានឆ្មាំទន្លេសរុបចំនួន ៧២រូប។ ក្នុងនោះ រួមមាន៤៤រូបនៅក្នុងខេត្តក្រចេះ និង២៨រូបនៅខេត្តស្ទឹងត្រែង។ ក្រុមឆ្មាំទន្លេបាន បែងចែកវេនគ្នាល្បាត២៤ម៉ោង លើ២៤ម៉ោង ដើម្បីការពារផ្សោតទាំងនោះ។
លោកបញ្ជាក់ថា៖ «អន្លង់ទឹកជ្រៅ គឺជាទីម្រករបស់ត្រីមេពូជ និងជីវៈចម្រុះជលផលគ្រប់ប្រភេទ។ អញ្ជឹងការការពារសត្វផ្សោត គឺអាចធនាបាននូវផលស្តុកត្រីក្នុងធម្មជាតិ ដែលបង្កលទ្ធភាពដល់ប្រជាជននៅតែ ដកហូតបានធនធានជលផលទាំងអស់នោះសម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ៕