ភ្នំពេញៈ អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​​តែងតែ​ឮ​សំឡេង​រោទ៍​និយាយ​ថា «​ការ​ពិសារ​គ្រឿង​ស្រវឹង​ប៉ះពាល់​​សុខភាព​តាំងពី​កែវ​ដំបូង»។ ប៉ុន្ដែ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​កំពុង​តែ​រីក​ចម្រើន​ខ្លាំង​នៅ​កម្ពុជា។

លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុម​ការងារ​គ្រប់​គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង (ក.គ.ផ.ស.) ​បាន​ថ្លែង​ថា ​វិស័យ​ឧស្សាហកម្ម​គ្រឿង​ស្រវឹង ​​បាន​ចូលរួម​ដល់ដំណើរការ​លូតលាស់​សេដ្ឋកិច្ច​ជាតិ និរន្តរភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។ 

លោក​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី «ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ដោយ​ការ​ទទួល​ខុស​ត្រូវ» រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) និង Grab Cambodia កាល​ពី​ថ្ងៃទី២៧ ខែ​កញ្ញា​កន្លង​ទៅ។

តាម​រយៈ​ការ​ធានា​បាន​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យមាន​ដំណើរ​ការល្អ វា​ជា​កម្លាំង​ចលករ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។

ប្រធាន (ក.គ.ផ.ស.) រូបនេះ​ទទួល​ស្គាល់​ថា ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ជាប់​លេខ​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ហើយ​លោក​បាន​លើកឡើងថា ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជះ​ឥទ្ធិពល​​លើ​សង្គម​។

លោក​បាន​ថ្លែងថា​​ យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​ប្រជាជន​ខ្មែរ​របស់​យើង​ប្រមាណ​ជាង​ ១​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ​ ហើយ​នៅ​ក្នុង​នោះ បញ្ហា​ពីរ​សំខាន់ ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការ​បើកបរ​ហួស​ល្បឿន​ និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​​គ្រឿង​ស្រវឹង​នេះ​ឯង​។ 

លោក​បាន​លើក​ឡើង​ជា​ឧទាហរណ៍ គ្រោះថ្នាក់​ចរាចរណ៍​​ជាក់ស្ដែង ដែល​កើត​ឡើង​ពី​បញ្ហា​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ថា៖ «​ថ្មីៗ​នេះ យើង​ឃើញ​ហើយ​ថា អ្នក​បើកបរ​ក្នុង​អាការៈ​នៃ​គ្រឿង​ស្រវឹង បាន​ធ្វើ​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ៤​​នាក់​បាន​ស្លាប់​នៅ​ស្ពាន​ឫស្សីកែវ​ ដោយ​ [ជន​បង្ក] ចេញ​ពី​ហូប​ការ​មក​បើក​ក្នុង​ល្បឿន​លឿន​ និង​បុក​រះ​លើ​ប្រជាពលរដ្ឋ​ឈប់​រង់ចាំ​ភ្លើង​ក្រហម​»។ 

លោក​បន្ដ​ថា​៖ «​នេះ​ក្លាយជា​បញ្ហា​សោគ​សង្រែង​ ដោយ​ក្រុម​គ្រួសារ​ខ្លះ គាត់​មាន​តែ​កូន​ម្នាក់ ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ខ្ពស់ តែ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​ការ​ធ្វេស​ប្រហែស​ ឬ​ការ​បើកបរ​ដោយ​​អាការៈ​គ្រឿង​ស្រវឹង​របស់​ជន​មួយ​ចំនួន​»។ 

រាជរដ្ឋាភិបាល​កម្ពុជា​ទើប​ចេញ​ប្រកាស​ថ្មី​មួយ​ក្នុង​គោលបំណង​រឹតបន្តឹង​ការ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។​

ចាប់ពី​ថ្ងៃទី២៣ ខែកក្កដា ប្រកាស​អនុវត្ត​ចំពោះ​ផលិតផល​គ្រឿង​ស្រវឹង​ទាំងអស់​ដែល​មាន​ជាតិ​អាកុល​​លើស​ពី ៣ភាគរយ​ មាន​វិសាលភាព​លើ​គ្រប់​ទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ផងដែរ។

បទ​ប្បញ្ញត្តិ​កំណត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ និង​វិទ្យុ​នៅ​ចន្លោះ​ម៉ោង ៦ ល្ងាច​​ ដល់​ម៉ោង​ ៨​ យប់ និង​ហាមឃាត់​ការផ្សាយ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ក្នុង​ចម្ងាយ ២០០ ម៉ែត្រ​ពី​សាលារៀន ឬ​មន្ទីរពេទ្យ​ ឬគ្រឹះស្ថាន​សាសនា​ រមណីដ្ឋាន​វប្បធម៌ ប្រវត្ដិសាស្ដ្រ​ និង​អាកាសយានដ្ឋាន​អន្ដរជាតិ​។​

ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ត្រូវតែ​រួមបញ្ចូល​សារ​អប់រំ ដូចជា «​ពិសារ​​គ្រឿង​ស្រវឹង សូមកុំ​បើកបរ» ដែល​មាន​ទំហំ​​យ៉ាង​ហោច​ណាស់ ២៥​ភាគរយ​នៃ​ទំហំ​ផ្សាយ​ពាណិជ្ជកម្ម។

បទ​ប្បញ្ញត្តិ​នេះ​មាន​គោល​បំណង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ខណៈ​ពេល​ដែល​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ និង​ការពារ​វប្បធម៌​កម្ពុជា​។ 

លោក ភក្ដ្រា បាន​បន្ដ​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នាំ​ឱ្យ​កើត​ចេញ​នូវ​បញ្ហា​ជាច្រើន​ទៀត រួម​មាន​ ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ទៅ​រក​សេវាកម្ម​ផ្លូវ​ភេទ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ដែល​បង្ក​ជា​បញ្ហា​ច្រើន​។ 

សមត្ថកិច្ចចុះអប់រំ​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន។ រូបថត សហការី

លោករដ្ឋមន្ដ្រី​បាន​ឱ្យ​ដឹងថា នៅ​ប្រទេស​កម្ពុជា​ យុវជន​ប្រឈម​ហានិភ័យ​នៃការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​មាន​ចន្លោះ​ពី ៣ម៉ឺន​ទៅ ៥​ម៉ឺន​នាក់​ ដោយ​មិន​គិត​អំពី​អ្នក​ញៀន​រួច​ជាស្រេច​នោះទេ។ 

ការ​ទៅរក​សេវាកម្ម​ផ្លូវភេទ បង្ក​ជា​បញ្ហា​ជួញដូរ​ផ្លូវភេទ ដែល​នាំ​ឱ្យ​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​អេដស៍។ ទាំងនេះ​ជា​បច្ច័យ​កើត​ចេញ​ពី​ការសេព​គ្រឿង​ស្រវឹង​ដោយ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​។

លោក​បាន​លើកឡើងថា ជំហរ​របស់​រាជរដ្ឋាភិបាល មិន​ឈានដល់​ការបិទ​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំង​ស្រុង​នោះទេ គឺ​រៀបចំ​សណ្តាប់ធ្នាប់ នៃ​ការផ្សាយ​ពាណិជ្ជកម្ម​កុំឱ្យ​ជ្រុល​ហួសហេតុ និង​ ​ថ្លឹងថ្លែង​អំពី​ការធានា​និរន្តរភាព​នៃ​ដំណើរការ​លូតលាស់ សេដ្ឋកិច្ច និរន្តរភាព​ទីផ្សារការងារ​របស់​ប្រជាពលរដ្ឋ និង​ធានា​ចំណូល​សម្រាប់​ដំណើរការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ ដែល​កំពុង​ប្រឈម​ទៅនឹង​ស្ថានភាព​បិទទ្វារ​ជា​បណ្តើរៗ ដោយ​សារ​ការវិវត្តន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប និងវិបត្តិ​សេដ្ឋកិច្ច​ដែល​ពិភព​លោក​កំពុង​ជួបប្រទះ​។ 

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា (AIP) បាន​កោត​សរសើរ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ក្នុង​អាណត្តិ​ទី​ប្រាំពីរ​​​ក្នុងការ​ពង្រឹង​បទ​ប្បញ្ញត្តិ​គ្រឿង​ស្រវឹង​។​

លោក​បានឱ្យដឹង​ថា៖ «​យើង​រំពឹងថា​នឹងមាន​ការកែលម្អ​សក្តានុពល​នៃ​ច្បាប់​ចរាចរណ៍​នៅ​ឆ្នាំ ២០២៤​ ដោយ​ផ្តោតលើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់តែ​រឹងមាំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​បន្ថែមទៀត»។​

លោក ស សុខា បាន​ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​លើក​ទី១៨ នៅ​ក្រុង​ព្រះសីហនុ កាលពី​ខែ​ធ្នូ ឆ្នាំ​២០២៣​ថា លោក​មិន​គាំទ្រ​អ្នកបើកបរ​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ស្លាប់ និង​ការដោះស្រាយ​បញ្ហា​ក្រៅ​ក្របខណ្ឌ​ច្បាប់​​​ឡើយ។​

លោក សុខា កត់សម្គាល់ថា មាន​រោងចក្រ​ផលិត​ស្រា​បៀរ​ក្នុងស្រុក​ចំនួន ៧ សម្រាប់​ប្រជាជន​ប្រមាណ ១៦ លាន​នាក់ ដោយ​មិន​រាប់​បញ្ចូល​ផលិតផល និង​ម៉ាក​ដែល​នាំចូល​ឡើយ​។ អាស្រ័យហេតុនេះ លោក​ថា ការទទួល​ទាន​គ្រឿង​ស្រវឹង​ និង​ការ​បើកបរ បង្កើន​ហានិភ័យ​​ខ្លស់​។​

លោកបាន​ជំរុញ​ឱ្យ​យុវជន ជាពិសេស​កងកម្លាំង​ប្រដាប់​អាវុធ ធ្វើជា​គំរូ​ដល់​មនុស្ស​ជំនាន់​ក្រោយ ដោយ​ការឈប់​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ៕