ភ្នំពេញៈ ស្រ្តីអ្នកសុំទានមា្នក់ និងកូនតូច២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីរថយន្តមួយគ្រឿងបានបុកពួកគេកំពុងតែដើរឆ្លងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារទី៨ ខែតុលានេះ។
បុរសឈ្មោះ សែល ទូច ដែលត្រូវជាប្តីស្រ្តីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា គ្រួសារលោកបានទៅសុំ ព្រះសង្ឃស្នាក់នៅក្នុងវត្តកំបូល។ នៅវេលាម៉ោងប្រហែលជា ៤:៣០នាទី ព្រឹកប្រពន្ធ និងកូនចំនួន២នាក់របស់លោកបានចេញពីវត្ត ដើម្បីដើរសុំលុយគេ។ ស្រ្តីជាប្រពន្ធបានពរកូនស្រីអាយុ៤ឆ្នាំ និងដឹកដៃកូនប្រុសអាយុ៦ឆ្នាំ ដើរឆ្លងផ្លូវពីជើងទៅត្បូង។ ពេលដើរជិតដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន បុកស្លាប់ទាំង៣នាក់តែម្តង។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល លោកភិន ភាពបានឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះមាជ មុំអាយុ៤២ឆ្នាំ។ រីឯកូនប្រុសឈ្មោះទូច សំណាង និងកូនស្រីឈ្មោះទូច វិច្ឆិកា។
លោកបន្តថា រថយន្ត ដែលបុកជនរងគ្រោះស្លាប់នោះបានបើករត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរយៈមើលកាមើរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលនៅសងខាងផ្លូវ ម្តុំកន្លែងកើតហេតុ។
លោកបញ្ជាក់ថា៖«ដោយសារតែពេលហ្នឹងនៅងងឹតនៅឡើយ តាមមើលស្មាន ទៅ ឡានដែលបុកហ្នឹង ដូចជាប្រភេទឡានតូច។ ឡានហ្នឹងបើកពីកើតទៅលិច។ ស្លាកលេខឡាននោះ មើលមិនច្បាស់ទេ។ តែឥលូវ យើងកំពុងតែបន្តឆែកកាមើរ៉ាមើលទៀត»។
លោកបន្ថែមថា នៅពេលដែលជនរងគ្រោះកំពុងតែដើរឆ្លងផ្លូវជិតដល់គំនូសពាក់កណ្តាលផ្លូវ ក៏មានរថយន្តកុងតឺនឺមួយគ្រឿងនៅខាងមុខ ហើយទំនងជាគាត់ឈប់ ហើយរាងរថយក្រោយបន្តិច ពេលនោះកូនឡាននោះក៏បុកតែម្តងទៅ។ ដោយសារតែនៅពេលនោះស្ងាត់ផង ហេតុនោះកូនរថយន្តនោះក៏បើកបរក្នុងល្បឿនលឿនផងដែរ។
ប្រភពដដែលបានឱ្យដឹងថា គ្រួសាររងគ្រោះទើបតែធ្វើដំណើរមកពីស្រុកស្រែអំបិល ក្នុងខេត្តកោះកុង ដើម្បីដើរសុំទានគេចិញ្ចឹមជីវិត។ សពជនរងគ្រោះត្រូវបានយកទៅបូជានៅវត្តជន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កាលពីថ្ងៃចន្ទទី៧ ខែតុលានេះបានកើតឡើងចំនួន ៦លើក ដែល បណ្តាលឱ្យមនុស្សស្លាប់៣នាក់ និងរបួស៧នាក់។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាពមាន៤នាក់។ នេះបើយោងតាមនគរបាលជាតិ។ មូលហេតុចំបង ដែលបង្កឱ្យមានគ្រោះថ្នាក់នោះគឺជាកត្តាបើកបរល្មើសល្បឿនកំណត់។
ក្នុងរយៈពេល៧ ថ្ងៃ (ចាប់ពីថ្ងៃទី១-៧ ខែតុលា) មានយានយន្តចូលគោលដៅ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ៧១១គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៥៩គ្រឿង ដែល ត្រូវបានផាកពិន័យផងដែរ៕