លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែងលោក កន សុខកាយ ពីតួនាទីអភិបាលស្រុកល្វាឯម ក្នុងខេត្តកណ្ដាល ក្រោយពេលចាញ់បោកឧកញ៉ា លី សាម៉េត ក្នុងទឹកប្រាក់៣០ម៉ឺនដុល្លារដើម្បីបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបញ្ចប់តំណែងលោក កន សុខកាយ ធ្វើឡើងដោយសារ «សាមីខ្លួនបានប្រព្រឹត្តខុសក្រមសីលធម៌និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា»។
ចំណាត់ការនេះធ្វើឡើង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលាតត្រដាងពីករណីចាញ់បោករបស់លោក កន សុខកាយ ទៅលើឈ្មោះ លី សាម៉េត ហៅ គ្រូមា ក្នុងទឹកប្រាក់ ៣០ម៉ឺនដុល្លារដើម្បីបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ ខែតុលាថា៖ «ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ ម៉ឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។
លោកបញ្ជាក់ថា ឈ្មោះ លី សាម៉េត បានប្រើឈ្មោះលោកដើម្បីបោកប្រាស់មនុស្សជាច្រើន ដោយករណីខ្លះមានទឹកប្រាក់រហូតដល់ ១០លានដុល្លារអាមេរិក។
លោកថា ក្នុងតំណែងលោកជារដ្ឋមន្ត្រីការបរទេសរយៈពេល ៦ ឆ្នាំ និងជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ ហើយបច្ចុប្បន្ននេះជាប្រធានព្រឹទ្ធសភា លោកធ្លាប់បានចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
លោកថា៖ «ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ»។
បើតាមលោក ហ៊ុន សែន ក្រៅពីឈ្មោះមួយចំនួនដែលលោកបានលើកឡើង អាចនៅមានមនុស្សជាច្រើនទៀតដែលបានចាញ់បោកឈ្មោះ លី សាម៉េត។ លោកស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យមើលករណីនេះ ហើយប្រាប់ឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការតាមរយៈក្រុមមេធាវីរបស់លោក។
លោក លី សាម៉េត មានងារជាអ្នកឧកញ៉ា និងធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើន៕