ភ្នំពេញៈ អាជ្ញាធរកំពុងតែចែកស្រូវពូជជាង ៦០០តោនដល់កសិករ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែទឹកជំនន់ ក្នុងខេត្តក្រចេះ ខណៈដែលមន្រ្តីជំនាញកសិកម្មកំពុងបន្តចុះពិនិត្យ និងវាយតម្លៃពីការខូចខាតស្រូវនៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកតូច ប៊ុនហួរបានឱ្យដឹងថា ការវាយតម្លៃនៃការខូចខាតក្នុងដំណាក់កាលទី២ នៃគ្រោះធម្មជាតិមិនទាន់ត្រូវបាន បញ្ចប់ជាទូទៅនោះទេ។ ប៉ុន្តែអាជ្ញាធរខេត្តក្រចេះ ដែលជាខេត្តទទួលរងខូចខាតស្រូវច្រើនជាងគេនោះបានធ្វើសំណើរទៅគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា(បសបក) ដើម្បីស្នើសុំស្រូវពូជជាង ៦០០តោន។
លោកមានប្រសាសន៍ថា៖«ក្រសួងក៏បានផ្តល់ស្រូវពូជប្រហាក់ប្រហែលជា៦០០តោនជាង យកទៅចែកពលរដ្ឋ។ មកដល់ពេលនេះបាន៣ស្រុកហើយ។ នៅមានការវាយតម្លៃនៃការខូចខាតបន្តបន្ទាប់ទៀត»។
លោករដ្ឋលេខាធិការក៏បានឱ្យដឹងផងដែរថា ជាទូទៅតាមគោលការណ៍លក្ខខណ្ឌប្រព័ន្ធស្បៀងបម្រុង ជារៀងរាល់ឆ្នាំគឺផ្តល់ឱ្យក្រសួងកសិកម្ម សម្រាប់ត្រៀមបម្រុងជាពូជសុទ្ធចំនួន២ពាន់តោន និងជាសាច់ប្រាក់ដែលត្រៀមបម្រុង៣ពាន់តោនទៀត។
លោកថ្លែងដូច្នេះថា៖ «សម្រាប់ឆ្នាំ ២០២៣-២០២៤ នេះ យើងប្រើប្រាស់មិនអស់ទេ ដោយសារតែ កត្តាលិចលង់វាថយចុះ។ បើមានតម្រូវការយើងយកថវិកាហ្នឹងទៅទិញជាពូជ យកមកចែកជូនប្រជាជន...តែមិនដែលខ្វះខាតទេ។ ទោះបីឡើងលើសកម្រិតថវិកា ដែលគ្រោងហ្នឹង ក៏រដ្ឋាភិបាលអនុម័តភ្លាមៗដែរ ទៅតាមតម្រូវការជាក់ស្តែង»។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរមូលដ្ឋាននៃខេត្តដែលប៉ះពាល់ផ្សេងទៀតធ្វើសំណើរសុំស្រូវពូជបន្តទៀតនោះទេ ខណៈពេលដែលទឹកក៏មិនទាន់ស្រកអស់ភ្លាមៗដែរ។
លោកក៏បានឱ្យដឹងផងដែរថា តំបន់លិចលង់ខ្លះអាចស្តារឡើងវិញបាន ហើយក្រសួងកំពុងតែបញ្ជូនមន្រ្តីជំនាញចុះទៅពិនិត្យ និងវាយតម្លៃនៅខេត្តដែលប៉ះពាល់ផ្សេងៗទៀត ដូចជាខេត្តត្បូងឃ្មុំ និងកំពង់ចាមជាដើម។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ខេត្តដែលប៉ះពាល់ពីជំនន់ទឹកភ្លៀងមានចំនួន៩ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះសីហនុ មណ្ឌលគិរី សៀមរាប ត្បួងឃ្មុំ រតនគិរី កំពង់ចាម និងកំពង់ធំ។ ក្នុងនោះ ខេត្តក្រចេះមានការប៉ះពាល់ច្រើនជាងគេ ដែលបានលិចស្រូវសន្ទូង និងពង្រោះសរុបចំនួន៧ ៩៣៤ហិកតា និងដំណាំចម្ការ និងដំណាំរួមផ្សំ ៧៩៤ ហិកតាផដែរក្នុងក្រុងស្រុកចំនួន៦។
អាជ្ញាធរខេត្តក្រចេះបាននឹងកំពុងតែធ្វើការចែកស្រូវពូជដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់ ដើម្បីយកទៅដាំដុះស្តារឡើងវិញឱ្យបានទាន់ពេលវេលាក្រោយពីទឹកស្រក៕