ព្រះវិហារៈ សហគមន៍មូលដ្ឋានចំនួន ៨បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់មូលនិធិខ្នាតតូចពីគម្រោង USAID អភិរក្ស ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ជីវភាពសហគន៍ ក៏ដូចជាអភិរក្សធនធានធម្មជាតិនៅបឹងទន្លេសាប និងដែនជម្រកសត្វព្រៃ។
ការផ្តល់មូលនិធិខ្នាតតូចដោយផ្ទាល់ដល់សហគមន៍មូលដ្ឋាន នេះគឺដោយសារតែ សហគមន៍ ជាអ្នកការពារជួរមុខក្នុងតំបន់ការពារធម្មជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃ។ វាគឺជាវិធីសាស្រ្តគ្រឹះរបស់គម្រោង USAID អភិរក្ស ក្នុងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍ ដែលដឹកនាំផ្ទាល់ដោយសហគមន៍មូលដ្ឋាន។ នេះបើយោងតាមUSAID អភិរក្ស (USAID Conserve) នាថ្ងៃអង្គារ ទី៨ ខែតុលានេះ។
USAID អភិរក្ស បញ្ជាក់ថា៖«តាមរយៈការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន សម្ពាធលើធនធានធម្មជាតិត្រូវបានកាត់បន្ថយ។ លើសពីនេះទៀត មូលនិធិខ្នាតតូចនេះលើកកម្ពស់សមត្ថភាពសហគមន៍តាមរយៈការបណ្តុះបណ្តាល និងការបង្វឹក ដែលរួមចំណែកដល់ ភាពប្រសើរឡើងនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
សហគមន៍ទាំង ៨ រួមមាន សហគមន៍តំបន់ការពារធម្មជាតិចំនួន ២ គឺសហគមន៍ ម្លប់ព្រៃគើប និងសំបូរអភិវឌ្ឍន៍ ដែលស្ថិតក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រៅពីនោះមានសហគមន៍នេសាទចំនួន ៥ ដូចជាសហគមន៍កំពង់ប្រហុក អន្លង់តាអួ ព្រែកទាល់ ត្វាង និងក្បាលទាល់ ដែលស្ថិតក្នុងតំបន់ព្រែកទាល់នៃបឹងទន្លេសាប ក្នុងខេត្តបាត់ដំបង។ សហគមន៍ចុងក្រោយ គឺសហគមន៍នេសាទផាត់សណ្តាយ ស្ថិតក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ។
ពិធីចុះហត្ថលេខាផ្តល់មូលនិធិនេះ រួមចំណែកដល់ផែនការរបស់គម្រោង USAID អភិរក្ស ក្នុងការផ្តល់មូលនិធិខ្នាតតូចសរុបចំនួន២៧៨ ដល់សហគមន៍មូលដ្ឋាន។ ធាតុសំខាន់ៗ នៃមូលនិធិខ្នាតតូចនីមួយៗរួមមាន ការពង្រឹងសមត្ថភាពស្ថាប័ននៃសហគមន៍ ការលើកកម្ពស់កម្រិត ជីវភាពរស់នៅ ការចូលរួមក្នុងគម្រោងហិរញ្ញប្បទានកាបូន និង ការអភិរក្សប្រព័ន្ធ អេកូឡូស៊ីដែលគ្រប់គ្រងដោយសហគមន៍។
ប្រភពដដែលបានឱ្យដឹងថា ជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ មានវត្តមាន USAID កម្ពុជា មន្ទីរពាក់ព័ន្ធខេត្ត មេឃុំ និងសមាជិកសហគមន៍។ មុនពេលចុះហត្ថលេខាកិច្ចព្រមព្រៀង សហគមន៍នីមួយៗបានបង្ហាញផែនការគម្រោងរបស់ពួកគេ ទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្រពីពួកគេ។
អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ពួកគេទទួលបានព័ត៌មានយ៉ាងលម្អិតអំពីសកម្មភាពរបស់សហគមន៍មូលដ្ឋាន ហើយពួកគេបានប្តេជ្ញាចិត្តគាំទ្រដល់ការអនុវត្តគម្រោងមូលនិធិខ្នាតតូចទាំងនោះ។
មេឃុំស្រយង់ លោកស្រី គឿមបានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខានេះ។ លោកបានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិ សំបូរអភិវឌ្ឍន៍ ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនោះទទួលបានមូលនិធិជាង ១២ ០០០ដុល្លារពីគម្រោងនេះ។
លោកថ្លែងថា៖«គម្រោងនេះល្អ ហើយមូលនិធិនេះនឹងត្រូវយកទៅប្រើការ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពសហគមន៍ និងលើកម្ពស់ការថែរក្សាព្រៃឈើជាដើម»៕