មណ្ឌលគិរីៈ ក្រសួងបរិស្ថានកំពុងតែរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយផ្សេងទៀតនៅការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ដែលអាចផលិតកូនឈើបានកន្លះលានដើម សម្រាប់ចែកជូនពលរដ្ឋយកទៅដាំ ដើម្បីស្តារគម្របព្រៃឈើឡើងវិញ។
លោកស៊ិន សត្ថា ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាបានឱ្យដឹងថា ថ្នាលនេះមានទំហំជាង ១ហិកតា ដែលអាចផ្គត់ផ្គង់កូនឈើបាន រហូតដល់ទៅជាង៥០ម៉ឺនដើមសម្រាប់ដាំនៅឆ្នាំ២០២៥ខាងមុខនេះ។
លោកបញ្ជាក់ថា៖«យើងកំពុងតែដំណើរការសាងសង់ថ្នាលបណ្តុះកូនឈើនេះ ។យើងនឹងរៀបចំឱ្យរួចរាល់ ដើម្បីបណ្តុះកូនឈើធ្វើម៉េច ២០២៥យើងមានកូនឈើដាំសម្រាប់ដាំស្តារឡើងវិញ និងសម្រាប់ចែកជូនពុកម៉ែបងប្អូននៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី និងខេត្តដទៃទៀត»។
លោកបន្តថា ប្រភេទកូនឈើ ដែលនឹងត្រូវបណ្តុះប្រមាណជា៥០ម៉ឺនកូននេះ រួមមានបេង ធ្នង់ នាងនួន កកោះ ឈើទាល និងមានកូនត្នោតមួយចំនួនផងដែរ។
ក្នុងឆ្នាំ ២០២៤ នេះ កូនឈើជាង ២ម៉ឺនដើមត្រូវបានដាំស្តារព្រៃឡើងវិញលើផ្ទៃដីជាង៧០ហិកតានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ កូនឈើទាំងនោះមានដូចជា បេង ធ្នង់ នាងនួន និងកកោះជាដើម។ ក្នុងរយៈ ២ ទៅ ៣ខែមកនេះ កូនឈើទាំងនោះមានការលួតលាស់ល្អ ដែលគ្មានការរំខានពីភាគីខាងណានោះទេ។ ក្រុមការងារនៃដែនជម្រកសត្វព្រៃកែវសីមាក៏បាននឹងកំពុងតែធ្វើការការពារកន្លែង ដែលដាំស្តារព្រៃឈើឡើងវិញនេះដែរ។
លោកអះអាងថា កូនឈើជាង១លានដើមហើយត្រូវបានផ្តល់ដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធយកទៅដំា រហូតមកដល់ពេលនេះនៅខេត្តមណ្ឌលគិរី។
លោកថ្លែងដូច្នេះថា៖«ថ្នាលបណ្តុះកូនឈើនៅតាមតំបន់នីមួយៗ ជាពិសេសនៅខេត្តមណ្ឌលគិរីយើងមានសារៈសំខាន់ណាស់។ យើងធ្វើម៉េចព្យាយាមបណ្តុះកូនឈើ និងចែកជូនពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធឱ្យបានកាន់តែច្រើន។ នៅឆ្នាំ២០២៥ គឺត្រូវតែមានកូនឈើ៥០ម៉ឺនកូនសម្រាប់ចែកជូនពលរដ្ឋ ក៏ដូចជាដាំស្តារព្រៃឈើឡើងវិញ..យើងសង្ឃឹម និងប្តេជ្ញាចិត្តធ្វើឱ្យបាន»។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជួប ប៉ារីស៍ បានលើកឡើងថាការរៀបចំធ្វើថ្នាលបណ្តុះកូនឈើនេះគឺជាការងារអទិភាពមួយ ដើម្បីត្រៀមរៀបចំឱ្យមានកូនឈើដាំបន្ថែមទៀតនៅថ្ងៃទិវាបរិស្ថានជាតិនាឆ្នាំក្រោយ។
លោកមានប្រសាសន៍ថា៖«ត្រូវត្រួសត្រាយយ៉ាងម៉េចឱ្យទៅជាថ្នាលថ្នាក់តំបន់ ...យើងត្រូវមានដើមឈើដាំនៅថ្ងៃទី៥ ខែ ៦ ឆ្នាំ២០២៥ នៅទិវាបរិស្ថានជាតិ។ ថ្ងៃទី៥ ខែ ៦ត្រូវមានកូនឈើដំា។ នៅមណ្ឌលគិរី អាចថាមិនសូវមានកន្លែងដាំ អញ្ជឹងអាចបញ្ជូនទៅកន្លែងផ្សេង។ ឈើស្រល់ឈើហូបផ្លែ ឱ្យបានយ៉ាងតិច៥០ម៉ឺនដើម»។
លោករដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា នៅពេលដែលមានថ្នាលបណ្តុះកូនឈើ តំបន់នេះក៏អាចជាការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលទៅមើលកំសាន្តផងដែរ។
លោកថ្លែងថា៖«ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ មួយនៅកែវសីមាយើងហ្នឹង ធ្វើម៉េចបណ្តុះកូនឈើឱ្យបានច្រើន ចែកប្រជាជនដោយឥតគិតលុយ យកទៅដាំ។ កូនឈើធម្មជាតិ ជាពិសេសកូនឈើហូបផ្លែ»។
ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងនេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០ ភាគរយ នៅឆ្នាំ២០៥០។ នេះ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ ដែល គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០ភាគរយ នៃផ្ទៃដីប្រទេស។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ គឺស្ថិតក្នុងចំណោមថ្នាលចំនួន៥ ដែលក្រសួងបរិស្ថានបាននិងកំពុងតែបង្កើតឡើងជាបន្តបន្ទាប់។ ក្នុងនោះរួមមាន ថ្នាលស្ថិតក្នុងខេត្តត្បូងឃ្មុំ ទំហំជាង ៣ហិកតា ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើមក្នុងមួយឆ្នាំ ថ្នាលនៅខេត្តសៀមរាប កោះកុង និងកំពង់ស្ពឺ ។
ថ្នាលបណ្តុះកូនឈើនៅកំពង់ស្ពឺអាចមានទំហំ រហូតដល់ទៅពី២០០ ទៅ ៣០០ហិកតា ដើម្បីបណ្តុះកូនឈើហើយយកទៅដាំនៅរាជធានីភ្នំពេញ និងតាមខេត្តផ្សេងៗ។
ថ្នាលបណ្តុះកូនឈើនៅខេត្តត្បូងឃ្មុំ គឺជាថ្នាលថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ដែលត្រូវបានចាប់ផ្តើមសាងសង់ នាថ្ងៃទី៨ ខែកញ្ញាកន្លងមក ហើយមកដល់ពេលនេះសម្រេចបានប្រមាណជា២០ភាគរយហើយ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ថ្នាលនេះនាថ្ងៃអង្គារ ទី៨ ខែតុលានេះ។ លោកបានថ្លែងក្នុងអំឡុងពេលនោះថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖«ការសាសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»៕