ភ្នំពេញៈ សហគមន៍ព្រៃឈើប្រាំបីមុមក្នុងខេត្តកំពង់ស្ពឺអំពាវនាវដល់សប្បុរសជនឱ្យជួយផ្តល់សម្ភារៈល្បាត ដើម្បីបន្តការងារអភិរក្សសត្វព្រៃរាប់រយក្បាល និងធនធានធម្មជាតិផ្សេងៗទៀត សម្រាប់មនុស្សជំនាន់ក្រោយ។
សហគមន៍បានលើកឡើងថា អន្ទាក់នៅតែជាកត្តា គំរាមកំហែង ដល់ពពួកសត្វព្រៃ ដែលទាមទារឱ្យគណៈកម្មការសហគមន៍១៤នាក់ ដាក់វេនគ្នាចុះល្បាតទាំងថ្ងៃ ទាំងយប់ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់បទល្មើស។
លោកសឿន ឡាយ ប្រធានសហគមន៍ប្រាំបីមុម បានឱ្យដឹងថា ការចុះល្បាតនោះ ធ្វើឡើងទាំង ក្នុងដីសហគមន៍ ទំហំ១ ២២១ ហិកតា ស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង និងតំបន់ជុំវិញព្រៃសហគមន៍ ដែលសត្វព្រៃដើរឆ្លងកាត់។
លោកបានឱ្យដឹងថា ក្រុមល្បាតកំពុងតែ ជួបប្រទះ ការលំបាក ក្នុងការចុះបំពេញការងារ ដូចជា ខ្វះសម្ភារៈល្បាត សំលៀកបំពាក់ ថវិកាសម្រាប់ជួសជុលម៉ូតូ សម្រាប់ទិញម្ហូបអាហារ ជាពិសេសខ្វះខាតការចំណាយទៅលើការទិញសាំងចាក់ម៉ូតូល្បាត។ ក្នុងមួយខែៗ ពួកគាត់ត្រូវការសាំង រហូតដល់ទៅ៨កាន (២៤០លីត្រ) ខណៈដែលអង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងជួយឧបត្ថម្ភ៣កានក្នុង១ខែ។
លោកបញ្ជាក់ថា៖«ចាប់ពីចុងខែកក្កដា រហូតដល់ខែធ្នូ យើងត្រូវការល្បាតទាំងថ្ងៃទាំងយប់ ដើម្បីដោះអន្ទាក់ការពារសត្វព្រៃ ព្រោះក្នុងអំឡុងពេលហ្នឹង ភ្លៀងធ្លាក់ ហើយសត្វព្រៃចេញច្រើន»។
ព្រៃសហគមន៍ប្រាំបីមុមមានសត្វព្រៃនៅសេសសល់រាប់រយក្បាល ជាពិសេសសត្វទន្សោង ខ្ទីង ឆ្កែចចក ឈ្លូស ជ្រូកព្រៃ កាំប្រម៉ា ពង្រូល និងក្ងោកជាដើម។ នេះបើយោងតាមលោកសឿន ឡាយ។
លោកថ្លែងដូច្នេះថា៖«បើអត់ល្បាតទេ មានបញ្ហាសត្វជាប់អន្ទាក់។ បើយើងដើរល្បាត ជនខិលខូចមិនសូវហ៊ានដាក់អន្ទាក់ទេ។ អញ្ជឹងយើងទាល់តែល្បាតជាប់រហូត។ ដោយសារតែយើងល្បាតទាំងថ្ងៃទាំងយប់បែបនេះហើយ ទើបអន្ទាក់រាងស្បើយ មិនសូវមានដូចមុនទេ។ ភាគច្រើននៅមានតំបន់ក្បែរៗដីសហគមន៍»។
សហគមន៍បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនថា អន្ទាក់ជាអាវុធលាក់មុខ ដែលសម្លាប់សត្វអត់រើសមុខទេ។ អស់រយៈពេលជាង២០ឆ្នាំមកហើយ នៅតំបន់ក្រៅដែនអភិរក្ស នៅតែមានអន្ទាក់រហូត ដែលធ្វើឱ្យជាប់សត្វព្រៃរបួស និងងាប់ មិនដែលខានទេ ក្នុងមួយឆ្នាំៗ។ ឧបសគ្គមួយទៀតរបស់ក្រុមល្បាត គឺមានការហាមឃាត់ពីក្រុមហ៊ុន មួយនៅជាប់នឹងដីសហគមន៍ មិនឱ្យចេញចូលរុករកអន្ទាក់នោះទេ។
សហគមន៍បានសរសេរថា៖«ពួកគាត់នៅតែដើរល្បាតក្នុងដែនអភិរក្សជាប្រចាំថ្ងៃមិនដែលខកខានឡើយ។ ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជន សូមជួយដល់ពួកគាត់ផង ព្រោះធនធានធម្មជាតិយើងនៅតិចតួច គាត់ប្រឹងអស់ពីកម្លាំង កាយចិត្តមិនថាយប់ ឬថ្ងៃ ភ្លៀងរលឹម ទាំងមិនមានប្រាក់ខែ ហើយក្រុមគាត់សុទ្ធតែខ្វះខាតនៅក្នុងក្រុមគ្រួសារ។ បើគាត់អត់អភិរក្ស ខ្លាចបាត់បង់ធនធានធម្មជាតិ ជាពិសេសសត្វ ជីវ:ចម្រុះ»។
សហគន៍បានសំដែងក្តីបារម្ភថា៖«តើទៅថ្ងៃមុខវាទៅជាយ៉ាងណា? បើអន្ទាក់ និងខ្សែឆក់សម្លាប់ សត្វព្រៃនៅតែមានយ៉ាងនេះ ទោះបីក្រុមល្បាតសហគមន៍ព្រៃឈើប្រាំបីមុមយើងប្រឹងប្រែងលុបបំបាត់ឱ្យអស់ តែវានៅមិនអស់សោះនោះ..»។
នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកានេះ យុវជនមួយក្រុមគ្រោងនឹងទៅដាំដើមឈើ និងផ្តល់ការឧបត្ថម្ភដល់ក្រុមល្បាតសហគមន៍ប្រាំបីមុមនេះ។ ក្រុមយុវជនបានអំពាវនាវដល់សាធារណជនឱ្យជួយបរិច្ចាគដល់ក្រុមល្បាតសហគមន៍នេះ ដែលមួយកញ្ចប់បរិច្ចាគ តម្លៃជាង៤ម៉ឺនរៀល៕