ភ្នំពេញ៖ ក្រសួង​ព័ត៌មានបាន​ឱ្យដឹងថា ក្រសួង​បាន​ផ្ដល់​កិច្ច​គាំពារផ្នែក​ច្បាប់​ដល់​អ្នក​សារព័ត៌មាន​ជិត ៤០ករណី​​ក្នុងរយៈ​ពេល ៩ខែ​នៃ​ឆ្នាំ​២០២៤​។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន បានថ្លែង​នៅ​​ក្នុង​សន្និសីទកាលពី​ថ្ងៃទី​៣១ ខែតុលាស្តីពី «​ទំនុកចិត្ត​លើ​សារព័ត៌មាន​កម្ពុជា​៖ សារព័ត៌មាន​ប្រកបដោយ​ក្រមសីលធម៌​សម្រាប់​ប្រយោជន៍​សាធារណៈ​» ថា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន បានផ្តល់​ការ​គាំពារ​ផ្នែក​ច្បាប់​ដល់​អ្នកសារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​បាន​ជួបប្រទះ​នឹង​បញ្ហា​ក្នុងពេល​បំពេញការងារ។

លោក​បាន​ឱ្យដឹងថា​ ក្រសួង​បាន​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ និង​បញ្ហា​នានា សរុប​ចំនួន ២០​ករណី និង​កំពុង​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរ​ការផ្តល់​មេធាវី​ការពារ​ក្តី​ក្នុង​នីតិវិធីតុលាការ​លើករ​ណី​វិវាទ​មួយចំនួនទៀត​។

លោក អស្នារិទ្ធ បាន​បន្ត​ថា​៖ «ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ ក្រសួង​បាន​សម្របសម្រួល​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​កំហុស​វិជ្ជាជីវៈ​ចំនួន​ ​១៧​ករណី ដោយបាន​ផ្តល់​ការអប់រំ​និង​តម្រង់​ទិសលើ​ការប្រតិបត្តិ​ក្រមសីលធម៌ និង​និយាម​វិជ្ជាជីវៈ​សារព័ត៌មាន​ជា​ធរមាន​»។

លោក​បញ្ជាក់​ថា​៖ «កិច្ច​គាំពារ​ដល់​អ្នកសារព័ត៌មាន​ជា​អាទិភាព​ចំបង​មួយ​របស់​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ទំនុកចិត្ត​និង​ការការពារ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ គោរព​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​អនុវត្ត​តួនាទី​និង​ភារកិច្ច​ក្នុង​ក្របខណ្ឌ​ដែល​ច្បាប់​កំណត់​»។​

​នៅក្នុង​សន្និសីទរៀបចំ​ដោយ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដោយមាន​ការគាំទ្រ និង​ចូលរួម​រៀបចំ​ពី​អង្គការ​យូណេស្កូ ព្រមទាំង​ដៃគូ​ជា​អង្គទូត ​​អ្នកពាក់ព័ន្ធ​​​ប្រមាណ​ ១៥០​នាក់ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល និង​ក្រសួង​​ព័ត៌មាន បានផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធានា​នូវ​បរិយាកាស​ល្អ​សម្រាប់​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​និង​សោតទស្សន៍ និង​បាន​ប្រកាន់​នូវ​គោល​បន្ត​លើកស្ទួយ​សេរីភាព​ខាង​សារព័ត៌មាន ដោយ​ស្មើភាព គ្មាន​ការរើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​។​

នៅក្នុង​វិស័យ​ព័ត៌មាន លោក អស្នារិទ្ធ បាន​បន្ថែមថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ច្រើនឡើង​បាន​ចាប់យក​មធ្យោបាយ​ឌីជីថល​ដើម្បី​ទទួល​ព័ត៌មាន​ប្រចាំថ្ងៃ ដែល​និន្នាការ​នេះ​បាន​បង្ហាញថា​កម្ពុ​ជាមាន​សិទ្ធិ ​និង​សេរីភាព​ពេញលេញ ក្នុងការ​ទទួលបាន​អ៊ីនធឺណិត​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​។ 

លោក​បាន​ថ្លែងថា​៖ «ពិតណាស់ វា​បាន​ផ្តល់នូវ​ភាពងាយស្រួល​សម្រាប់​ការ​រ​ស់​នៅ​ប្រចាំថ្ងៃ ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា ប៉ុន្តែ​វា​ក៏បាន​នាំមក​នូវ​ផលវិបាក​ជាច្រើន​ផងដែរ»។

លោកបាន​ពន្យល់ថា​ ​ការ​សាយភាយ​យ៉ាង​រហ័ស​នូវ​ព័ត៌មាន​ក្លែងក្លាយ បាន​ក្លាយជា​បញ្ហា​ចម្បង ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គម ព្រោះ​ការចែក​ចាយ​នូវ​ព័ត៌មាន​នានា រាប់ទាំង​ព័ត៌មាន​មិន​ពិត​ផង មាន​ភាព​លឿន​ឆាប់​ដល់ដៃ​ប្រជាពលរដ្ឋ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា​ហ្វេ​ស​ប៊ុ​ក តិកតុក យូ​ធូប និង​មធ្យោបាយ​អន​ឡាញ​ផ្សេងទៀត ជាជាង​តាម​កាសែត ទូរទស្សន៍ វិទ្យុ​ជាដើម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​ផ្សេងទៀត»​។

លើសពីនេះ ការផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ដោយ​ខ្វះ​ក្រមសីលធម៌ បានធ្វើឱ្យ​ឲ្យ​ប៉ះពាល់​ដល់​ការជឿទុកចិត្ត​លើ​សារព័ត៌មាន ជះឥទ្ធិពល​អវិជ្ជមាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​អ្នក​ដែល​អនុវត្ត​ការងារ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​ត្រឹមត្រូវ​។

ទោះយ៉ាងណា​ក៏ដោយ មិនមែន​អ្នកសារព័ត៌មាន​ទាំងអស់ស្ថិត​ក្រោម​​ឆ័​ត្រ​ការពារ​ដែល​ផ្តល់​ដោយ​ក្រសួង​នោះទេ​។​

ជា​ឧទាហរណ៍ លោក ម៉ិច ដា​រ៉ា អ្នកសារព័ត៌មាន​ឯករាជ្យ​កាលពីពេល​ថ្មីៗ​នេះ បាន​ប្រឈមមុខ​នឹង​បញ្ហា​ផ្លូវច្បាប់ ដែល​ក្រសួង​អះអាងថា មិន​ពាក់ព័ន្ធ​នឹង​ការងារ​អ្នកសារព័ត៌មាន​របស់​លោក​ទេ​​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​បាន​ច្រានចោល​ការអះអាង​ដែលថា ​ការចាប់ខ្លួន​លោក ដា​រ៉ា ឆ្លុះបញ្ចាំង​ពី​ការបង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន ដោយ​បញ្ជាក់ថា ការចោទប្រកាន់​មកលើ​រូបលោក​ផ្តើមចេញពី​ការបំពានច្បាប់​ប្រឆាំងនឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​ក្រសួង​ បាន​អះអាងថា សកម្មភាព​របស់លោក ដារ៉ា ​មិន​ស្ថិតនៅក្រោម​សិទ្ធិសេរីភាព​ដែល​ត្រូវបាន​ការពារ​ទេ ដោយសារ​​ត្រូវ​បាន​​ចោទថា ​មាន​ពាក់ព័ន្ធ​នឹង «​ព័ត៌មាន​ក្លែងបន្លំ និង​ការ​បង្ហោះ​សារ​ញុះញង់​ដែលមាន​បំណង​បំភ្លៃ​ការពិត និង​បង្កើត​ការភ័ន្តច្រឡំ​ជា​សាធារណៈ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន ដោយ​សង្កត់ធ្ងន់ថា ​​សកម្មភាព​បំភ្លៃ​ការពិត និង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត មិនមែនជា​សេរីភាព​សារព័ត៌មាន ឬ​សេរីភាព​នៃ​ការបញ្ចេ​ញ​មតិ​​ឡើយ​​។​

​វា​ត្រូវបាន​បញ្ជាក់​បន្ថែមថា ការរំលោភបំពាន​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ ទោះលោក ដារ៉ា អស់​សុពលភាព​ជា​អ្នក​សារព័ត៌មាន​តាំងពី​ឆ្នាំ​២០២២ ​គឺត្រូវ​ប្រឈម​នឹង​​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ដោយ​បញ្ជាក់​បន្ថែមថា សេរីភាព​សារព័ត៌មាន​ត្រូវបាន​ចងភ្ជាប់​ដោយ​ក្រមសីលធម៌ និង​ច្បាប់​៕