ភ្នំពេញៈ ភ្ញៀវបរទេស​ជាង ៧៧ម៉ឺន​នាក់បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅក្នុង​រយៈ​ពេល ១០​ខែ​ ​ឆ្នាំ​ ២០២៤ ដែល​ជួយ​ឱ្យ​គ្រឹះស្ថាន​អង្គរ​​ប្រមូលប្រាក់​បានជិត ៣៦ ​លាន​ដុល្លារ ​ដោយ​កើន​ឡើង​ជិត ៣០​ភាគរយបើ​ធៀប​នឹង​រយៈ​ពេល​​ដូចគ្នា​​ឆ្នាំ ២០២៣​។ នេះ​បើ​យោង​តាម​ទិន្ន​ន័យ​របស់​គ្រឹះស្ថាន​អង្គរ។

គ្រឹះស្ថាន​អង្គរ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ដែល​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្ថិត​ក្រោម​អាណា​ព្យាបាល​បច្ចេក​ទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិត​ក្រោម​អាណា​ព្យាបាល​ហិរញ្ញ​វត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួម​មាន រមណីយ​ដ្ឋាន​អង្គរ, ប្រាសាទ​កោះកែរ, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។ សម្រាប់​តម្លៃ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មាន​តម្លៃ ៣៧​ដុល្លារ, រយៈ​ពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង​ ៧​ថ្ងៃ​ មាន​តម្លៃ ៧២​ដុល្លារ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ក្នុង​ថ្ងៃ​ទី០១ ខែវិច្ឆិកា នេះបាន​ឱ្យដឹងថា ចាប់​ពី​​ខែ​មករា-ដល់ខែដំណាច់ខែ​តុលា ឆ្នាំ​២០២៤ មាន​ភ្ញៀវ​បរទេស​ចំនួន​ ៧៧៤ ២០៣ ​​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ដែល​ចំនួន​នេះគឺ​កើន​ឡើង ២៨,៤៨​ ​​ភាគ​រយ​បើ​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៣។

ចំណែក​ទឹក​ប្រាក់​ដែល​ទទួល​បាន គឺ​ចំនួន ៣៥,៩៩ លាន​ដុល្លារ កើនឡើង ២៩,០៧​ភាគ​រយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ​ឱ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​ចំណូល​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ គ្រឹះ​ស្ថាន​នេះ​​ក៏​រក​ប្រាក់​បាន ២២៨ ៦៧៥ ​​ដុល្លារ​ពី​ភ្ញៀវ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ ចំនួន ១៥ ២៤៥ នាក់​ និង​ ៦០៨ ២១៦ ​​ដុល្លារ​​ពី​ការ​លក់​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស(ខេត្ត​សៀមរាប)​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ​បង្ហាញ​ថា នៅ​ក្នុង​រយៈ​ពេល ៩ ខែ​​ដើម​ឆ្នាំ ២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​​សរុប ៤,៨ លាន​នាក់ កើន​ឡើង ២២,២​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣។

ថ្លែងប្រាប់​ភ្នំពេញប៉ុស្តិ៍​នា​ព្រឹក​ថ្ងៃ​ទី០១ ខែ​វិច្ឆិកា លោក ខៀវ ធី ​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ បានឱ្យដឹង​ថា ​​ក្នុង​ឆ្នាំ​២០២៤ នេះ​លោក​សង្កេត​ឃើញ​​​ចំនួន​ភ្ញៀវទេសចរបរទេស​ដែល​ធ្វើ​ដំណើរ​មក​ដើរកម្សាន្ត​នៅ​​ខេត្ត​សៀមរាប បាន​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ប៉ុន្តែ​អត្រា​កំណើន​គឺ​​មិន​ហក់​​ឡើង​ខ្ពស់​​​ទេ ​ទោះបី​រដូវកាល​ភ្ញៀវ​ទេសចរចេញ​ដើរ​កម្សាន្ត​(High Season)បាន​ចាប់​ផ្តើមរយៈ​ពេល ១ខែមក​ហើយ​​ក៏​ដោយ។

ជា​ទូទៅចាប់​ពី​ដើម​ខែ​តុលា ដល់​ខែ​មីនានៃ​ឆ្នាំ​នីមួយៗ​ត្រូវ​បាន​ចាត់​ទុក​​ជា​អំឡុង​ពេល​ភ្ញៀវទេសចរបរទេស ពិសេស​ភ្ញៀវតំបន់​អ៊ឺរ៉ុប និង​អាមេរិក-កាណាដា ធ្វើ​ដំណើរ​កម្សាន្ត​ច្រើន​បំផុត។​

លោក​បន្ថែម​ថា៖​«​ទោះតួលេខចំនួន​ភ្ញៀវទេសចរបរទេស​ចូល​មកប្រទេស​​កម្ពុជា​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​សម្រាប់​ភ្ញៀវបរទេស​ដែល​មក​ដើរលេង​ក្នុង​​ខេត្ត​សៀមរាបជាក់ស្តែង​គឺ​មិន​ទាន់ច្រើន​ទេ បើ​គិត​ត្រឹម​ចុង​ខែ​តុលា។

​ការ​ណ៍​នេះ​ អាច​ដោយ​សារ​ស្ថាន​ភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​ល្អ​ដូចមុន​ឆ្នាំ​២០២០ ខណៈ​ជើងហោះហើរ​ផ្ទាល់​មក​កាន់​ព្រលាន​យន្តហោះខេត្ត​សៀមរាប ក៏​មិនមាន​​ច្រើន​ដូចមុន​វិបត្តិកូវីដ​១៩ ដែរ»។

ទោះយ៉ាង​ណា លោក​កត់​សម្គាល់​ឃើញ​ថា ក្នុង​ខែ​វិច្ឆិកានេះ​​សម្ទុះ​​ភ្ញៀវទេសចរបរទេស​ទេស​​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាបគឺកលនឡើងខ្ពស់ ដោយ​មគ្គុទ្ទេសក៍​ទេសចរមួយ​ចំនួន​ត្រូវបាន​​​ភ្ញៀវកក់​ពេញ ១​ខែ​តែម្តង​​។

ប្រសិន​បើ​ស្ថាន​ភាព​បែប​នេះ​អូសបន្លាយ​​រហូត​ដល់​ចុង​រដូវកាល​សម្បូរ​ភ្ញៀ​វ គឺល្អ​ណាស់​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរ ក៏​ដូច​ជាអ្នក​ដែល​រក​ចំណូល​ផ្ទាល់ និង​ប្រយោល​ពី​វិស័យ​ទេសចរណ៍​។​

លោក​និយាយ​ថា​៖​«​ជាក់​ស្តែង​ក្នុង​ពេល​នេះ​ខ្ញុំ​កំពុង​ស្ថិត​លើទូក​ជូន​​ភ្ញៀវ​​នៅ​តំបន់​ចុង​ឃ្នៀស។ ក្នុង​ខែ​វិច្ឆិកានេះ ខ្ញុំ​ទទួល​បាន​ភ្ញៀវទេសចរបរទេស​កក់​ចំនួន ២៥​ថ្ងៃ ខណៈ​​មគ្គុទ្ទេសក៍​ទេសចរខ្លះ​ទទួល​បាន​ ៣០​ ថ្ងៃ​ពេញតែម្តង​។ ប៉ុន្តែ​សម្រាប់​ខែ​ធ្នូ ខាង​មុខ ខ្ញុំ​ទើប​ទទួល​បាន​ការ​កក់ចំនួន​ជាង ១០​ថ្ងៃប៉ុណ្ណោះ​»។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា​(ខេត្ត​សៀមរាប)​ លោក អនហេង សុភ័ក្រ បាន​និយាយ​ថា ការ​ថយចុះ​​ចំនួន​ជើងហោះហើរផ្ទាល់ពីបរទេស​មកកាន់ខេត្តសៀមរាបបើ​ធៀប​នឹង​មុន​មាន​វិបត្តិកូវីដ​១៩ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មិន​ទាន់​រឹងមាំ ព្រម​ទាំង​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ និង​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​អន្តរជាតិមិន​ទាន់​ល្អ​ប្រសើរ​ដូចមុន​ឆ្នាំ​២០២០ ឡើយ។

លោក​បន្តថា សម្រាប់​ភ្ញៀវបរទេសធ្វើ​ដំណើរ​មក​កម្ពុជា​ក៏​មិន​ទាន់មាន​ចំនួន​ច្រើន​ដូច​មុន​ឆ្នាំ២០២០ ដែរ។

លោក​ប្រាប់​ថា៖​«​ចំនួន​ភ្ញៀវបរទេស​មក​កម្ពុជា​បាន​កើន​ឡើង​បើធៀប​នឹង​រយៈ​ពេល ៣​ឆ្នាំមុន។ យើងរំពឹងថា​កំណើន​នេះ​នឹង​បន្ត​ភាព​វិជ្ជមាន​កាន់​តែ​ខ្លាំង​ចាប់​ពី​ចុង​ឆ្នាំ​២០២៤ នេះ​តទៅ។ ភ្ញៀវបរទេស​មក​ទស្សនា​តំបន់ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប មាន​ភាគ​ច្រើន​មក​ពី​អាមេរិក អ៊ឺរ៉ុប និង​តំបន់​អាស៊ីមួយ​ចំនួន»។​

ក្នុង​ឆ្នាំ​២០២៣ មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ៧៩៨ ០៦៩​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ កើន​ឡើង ១៧៧,៦៣​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ចំណែក​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ពីការ​លក់​សំបុត្រ មាន​សរុប ៣៧ ១៩៨ ៩៨៨​ដុល្លារ កើន​ឡើង ២២២,៦៨​ភាគ​រយ​។​

ក្រៅ​ពី​ចំណូល​ខាង​លើ​ គ្រឹះស្ថាន​អង្គរ​ ក៏​ទទួល​បាន​ភ្ញៀវ​ ១៤ ៨០៦​នាក់​ ស្មើ​នឹង​ប្រាក់ ២២២ ០៩០​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ, និង​ប្រាក់​ចំនួន ៥៦៤ ៦៧១ដុល្លារ ពី​ការលក់​សំបុត្រ​ទូក​នៅ​កំពង់​ផែចុង​ឃ្នៀស។ នេះ​បើ​យោង​តាម​គ្រឹះស្ថាន​អង្គរ។

នៅ​ក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ គឺ​ជាង ៦,៦​លាន​នាក់ ប្រាក់​ចំណូល​ដែល​គ្រឹះស្ថាន​អង្គរ​រក​បាន​មាន​ចំនួន​ជាង ៨០,៧​លាន​ដុល្លារ​៕