ភ្នំពេញ៖ នៅ​​​ស្ទឹងមានជ័យ ​ជាអតីត​​តំបន់ចាក់សំរាម​ដ៏​​ក្រីក្រ​បំផុត​មួយ​ ទំព័រ​ថ្មី​មួយ​បានចាប់ផ្តើម​សម្រាប់​គ្រួសារ និង​កុមារ​ដែល​ងាយ​រងគ្រោះ​។​

​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្នុង​ភាពជា​ដៃគូ​ជាមួយ World Housing បាន​បើក​ភូមិលេន​កូវ​​ ជា​សហគមន៍​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់​មិន​ត្រឹម​តែ​ជម្រក​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ក្តីសង្ឃឹម ស្ថិរភាព និង​ឱកាស​សម្រាប់​អ្នក​ដែល​ត្រូវការ​វា​ច្រើន​បំផុត​ផងដែរ​។​

លោក ស្កុត នីសុន ស្ថាបនិក​អង្គការ (CCF) បាន​ថ្លែងថា​៖ «​​នៅពេលដែល​អ្នក​នៅក្នុង​សហគមន៍របស់​ World Housing ​​ឪពុកម្តាយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​កន្លែងដេក ការស្វែងរក​ទឹក អាហារ ការថែទាំ​សុខភាពទេ​។ ដូច្នេះឱកាស​ក្នុង​​ការនាំ​កូន​ទៅ​សាលារៀន​ជា​រៀងរាល់ថ្ងៃ​​កាន់តែ​មាន​ច្រើន​»​។ ​

​លោក ស្កុត ដែល​ប្រជាសហគមន៍​ស្ទឹងមានជ័យ​ហៅថា «​ប៉ា​ស្កុត» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ទាប់ពី​ពិធី​កាត់​ខ្សែបូ​នៅថ្ងៃនេះ​កាលពី​ថ្ងៃទី១ ខែវិច្ឆិកា​ថា៖ «​យើង​លើកទឹកចិត្ត​ពួកគេ​ឱ្យ​បញ្ជូន​កុមារ​ទៅ​សាលារៀន ហើយ​សហគមន៍ គ្រួសារ​ផ្សេងទៀត​ទាំងអស់​ក៏​ធ្វើ​ដូចគ្នា​ដែរ​»។​

​ធ្លាប់ជា​កន្លែង​ចាក់សំរាម​ដ៏អាសោច​​មួយ ស្ទឹងមានជ័យត្រូវ​​បាន​បិទ​នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ​វា​នៅតែ​ជា​និមិត្តរូប​នៃ​ការលំបាក ដោយសារ​គ្រួសារ​ដែល​រស់នៅ​ក្នុងផ្ទះ​បណ្តោះអាសន្ន​ជុំវិញ​អតីត​ទីលាន​ចាក់សំរាម តស៊ូ​ជាមួយ​ភាពក្រីក្រ និង​កង្វះ​ធនធាន​។​

អង្គការមូលនិធិកុមារកម្ពុជា (CCF) បានប្រារព្ធពិធីបុណ្យភូមិថ្មី លេនកូវ ជាមួយម្ចាស់ជំនួយ World Housing នៅថ្ងៃទី 1 ខែវិច្ឆិកា។

អង្គការ CCF និង World Housing បាន​​ដោះស្រាយ​វិបត្តិ​នេះ ដោយ​ផ្តល់​ផ្ទះ​ជាង ៦៥០​ ខ្នង​ដល់​គ្រួសារ​ដែលមាន​តម្រូវការ​នៅ​ទូទាំង​ស្ទឹងមានជ័យ និង​លើសពីនេះ ដោយបាន​ផ្លាស់​ប្តូរជីវិត​បុ​គ្គល​ជាង២១០០​នាក់​​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​លោក ឡា​ច សា​វី ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់ CCF បាន​ឱ្យដឹង​ថា៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​សហការ​ជាមួយ World Housing ម្តងទៀត​ដើម្បី​ផ្តល់​ផ្ទះ​សុវត្ថិភាព​សម្រាប់​សមាជិក​ដែល​ងាយ​រងគ្រោះ​នៃ​សហគមន៍​របស់​យើង»។​

លោក​បន្ដថា​៖ «​ភូមិលេនកូវ តំណាងឱ្យ​ក្តីសង្ឃឹម ការផ្លាស់ប្តូរ និង​ពន្លឺ​នៃ​​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​កុមារ និង​គ្រួសារ​។ វា​ជា​សក្ខីភាព​មួយ​ចំពោះ​ឥទ្ធិពល​ដែល​ការសហការ​គ្នា ​និង​សប្បុរសធម៌​អាចមាន​លើ​សហគមន៍នេះ​​»​។​

​ភូមិ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​តាមលោក ភីធ័រ និងអ្នកស្រី អូឌី លេនកូវ​​ ជា​សប្បុរសជន​ដែល​គាំទ្រ​សកម្មភាព​របស់​អង្គការ​ CCF បាន​បង្កើត​លំនៅឋាន​​ផ្លាស់​ប្តូរជីវិត​ប្រកបដោយ​និរន្តរភាព​។​

​គ្រួសារលោក និង​អ្នកស្រី លេនកូវ​ បាន​រៃអង្គាសប្រាក់​សម្រាប់កសាង​​ភូមិ​​​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ​ទាក់ទាញ​​ឱ្យ​មាន​ការ​ពង្រីក​វិសាល​ភាព​សប្បុរស​ជាបន្ដ​បន្ទាប់​​។​

លោក លេនកូវ បាន​និយាយថា​៖ ​ផ្ទះមួយ​មាន​អត្ថន័យ​លើស​ពី​​​ជញ្ជាំង​បួនជ្រុង​ និង​ដំបូលមួយ​​។ វា​គឺជាទីឋាន​​សុវត្ថិភាព ​​ស្ថិរភាព ​​សុខភាព និង​​ជា​ឱកាស។ ​​ជាមួយនឹង​ផ្ទះ​ទាំងនេះ គ្រួសារ​អាច​ផ្តោតលើ​ការអប់រំ និង​ការងារ សុខភាព និង​សុភមង្គល​»​។​

Peter និង Audie Lenkov បានកាត់ខ្សែបូ ដើម្បីប្រគល់ផ្ទះថ្មីចំនួន 33 ខ្នងជាផ្លូវការដល់កុមារ និងគ្រួសារក្រីក្រ។ ហុង រស្មី

​ផ្ទះ​នៅក្នុង​ភូមិ​លេន​កូវប្រើ​ប្រាស់​​នូវ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ ដោយ​បំពាក់​​បរិក្ខារ​​ រួមទាំង​បន្ទប់ទឹក​ឯកជន និង​ផ្ទះបាយ​ផងដែរ​។​អ្នកភូមិ​​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ទឹកស្អាត ការថែទាំ​សុខភាព សេវា​គាំទ្រ និង​ការអប់រំ​សម្រាប់​កូនៗ​របស់​ពួកគេ​។​

​គ្រឿង​បរិក្ខារ​ក្នុង​សហគមន៍​​រួមមាន សួន​កុមារ​បណ្ណាល័យ និង​ថ្នាក់រៀន​បើកចំហ ដែល​អ្នកដឹកនាំ​វ័យក្មេង CCF នឹង​បង្រៀន​ពួកគេ​។​ដូន​ចាស់ ឈុន​ អាយុ ៦៩​ឆ្នាំ​បាន​និយាយ​រំជួលចិត្ត​អំពី​ផ្ទះ​ថ្មី​នេះ​​ ក្រោយ​ពី​រួម​រស់​ជាមួយ​កូន​ស្រី និង​ចៅ​ប្រុស​ក្នុង​ឃ្លាំង​ដែល​គ្មាន​ពន្លឺ​អស់​រយៈ​ពេល ៣​ឆ្នាំ​។

លោក​យាយ​បាន​និយាយថា​​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែលមាន​ផ្ទះ​ថ្មី​។ អរគុណ World Housing និង CCF​។ ​ខ្ញុំ​ចង់ឱ្យ​ចៅប្រុស​របស់ខ្ញុំ​មាន​ខ្យល់អាកាស​បរិសុទ្ធ និង​បរិស្ថាន​ស្អាត ដើម្បី​ធំ​ឡើង ហើយ​​ខ្ញុំ​ចង់ឱ្យ​គាត់​មានជីវិត​ល្អ​»​។​

​ជាមួយនឹង​កម្មវិធី​អប់រំ​ដែល​រៀបចំឡើង​សម្រាប់​ទាំង​កុមារ និង​មនុស្សពេញវ័យ CCF លើកទឹកចិត្ត​គ្រួសារ​ឱ្យ​ផ្តល់​អាទិភាព​ដល់​ការសិក្សា​​រយៈពេល​វែង និង​ស្ថិរភាព​គ្រួសារ​។​

សមាជិកម្ចាស់ជំនួយបានទៅលេងផ្ទះថ្មីនៅភូមិលេនកូវ។ ហុង រស្មី

លោក ស្កុត​ បាន​និយាយថា៖ «​​យើង​ផ្តោតលើ​ការបង្កើត​បរិយាកាស​ស្ថិរភាព ដែល​ឪពុកម្តាយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​កន្លែង​ដែល​អាហារ​បន្ទាប់​របស់​ពួកគេ ឬ​ទឹកស្អាត​នឹង​មកពីណា​​»៕