រដ្ឋាភិបាលប្ដេជ្ញាប្រើប្រាស់ថវិកាជិត ២៧លានដុល្លារទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលអ្នកចូលរួមបរិច្ចាគអាចទៅពិនិត្យបាន បន្ទាប់ពីការទទួលថវិកាបរិច្ចាគសម្រាប់មូលនិធិនេះបានបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា។
មូលនិធិនេះត្រូវបានផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលពលរដ្ឋខ្មែរមួយចំនួនបានប្រឆាំងនឹងការចូលរួមរបស់កម្ពុជាក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលរដ្ឋាភិបាលបានប្រកាសដកខ្លួនកាលពីពេលថ្មីៗ។
គិតចាប់ពីថ្ងៃទទួលថវិកាមូលនិធិពីថ្ងៃទី២៦ សីហា ២០២៤ ដល់ថ្ងៃទី៣១ ខែតុលា ពលរដ្ឋពីគ្របទិសទីទាំងក្នុងនិងក្រៅប្រទេសសរុបជាង ៧២ម៉ឺននាក់ បានបរិច្ចាគថវិកាសរុបជិត ២៧លានដុល្លារ (២៦.៩៦៧.៦០៩ ដុល្លារ)។
លោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី១ ខែវិច្ឆិកានេះ បង្ហាញពីការគ្រប់គ្រង និងប្រើប្រាស់ថវិកានេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពតាមរយៈការ ង្កើតក្រុមការងារចំពោះកិច្ចមួយ ដឹកនាំដោយលោក គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានវិស្វកម្ម ជាអនុប្រធាន។
លោក គឹម ប៊ុនថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១ ខែវិច្ឆិកានេះថាក្រុមការងាររបស់លោកនឹងគ្រប់គ្រងថវិកាមូលនិធិនេះឲ្យបានច្បាស់លាស់ និងចាត់ចែងប្រើប្រាស់ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
លោកថ្លែងថា៖ «បើតាមទំហំថវិកាដែលយើងទទួលបាននេះ យើងបានសិក្សានិងកំណត់ថានឹងស្ថាបនាផ្លូវក្រាលល្បាយថ្មមួយខ្សែជាផ្លូវថ្មី ដែលមានតួផ្លូវប្រវែងពី៩ទៅ១០ម៉ែត្រ ទទឹងផ្លូវ ៧ម៉ែត្រ និងមានប្រវែងសរុបប្រមាណ ២៥០គ.ម ដែលមានបួនខ្សែ»។
លោកបន្តថា ក្នុងចំណោមផ្លូវប្រវែង ២៥០គ.មនេះ មាននៅខេត្តមណ្ឌលគិរី ប្រវែងជាង ១៤៧គ.ម និងខេត្តរតនគិរី ប្រវែងជាង ១០២ គ.ម ដែលនឹងបញ្ចប់សាងសង់នៅខែឧសភា ឆ្នាំ២០២៧ គឺក្នុងរយៈពេល ៣០ខែ។
លោក ខ្វាន់ ស៊ាម ដែលជាអ្នកដឹកនាំការកសាងផ្លូវនៅតាមព្រំដែនអស់ជាច្រើនឆ្នាំមកហើយ បានថ្លែងថា ផ្លូវនៅតាមព្រំដែនមានប្រវែងសរុប ២៦១៥ គ.ម។ មកទល់ពេលនេះ ការកសាងសម្រេចបាន ៤៨,១០ភាគរយហើយ។ លោកថា ថវិកាមូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីសាងសង់ផ្លូវបោសសម្អាតមីន និងសំណង់ចាំបាច់នៅតាមព្រំដែន។
លោកថ្លែងថា៖ «ការប្រើប្រាស់ថវិកានេះត្រូវតែមានតម្លាភាព គណនេយ្យភាព សន្សំសំចៃខ្ពស់ មានការទទួលខុសត្រូវ និងការកសាងសំណង់បានត្រឹមត្រូវតាមបទដ្ឋាន លក្ខណៈបច្ចេកទេស មានគុណភាព ភាពធន់ និងសោភណភាព។ ប៉ុន្តែ សោភណភាពនៅទីនេះមិនមែនដូចនៅទីក្រុងទេ គឺសោភណភាពតាមព្រៃភ្នំ»។
លោកបន្តថា មូលនិធិនេះបើកផ្លូវឲ្យអ្នកបរិច្ចាគអញ្ជើញទៅតាមដានពិនិត្យមើលលទ្ធផលនៃការកសាងនៅគ្រប់ការដ្ឋាន តាមសភាពជាក់ស្ដែងដែលមានអំណោយផលអាចទៅអញ្ជើញទៅបាន៕