លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការនិងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជននិងសហគមន៍។
ការប្ដេជ្ញានេះធ្វើក្នុងពេលដែលសាលារៀនទូទាំងប្រទេស ចាប់ផ្ដើមឆ្នាំសិក្សាថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះ។ នៅក្នុងសារអបអរដល់ការបើកបវេសនកាលថ្មី លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យសាលារៀនទាំងអស់អនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើសកម្មភាពបង្រៀននិងរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្ដិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
លោកនាយករដ្ឋមន្ត្រី បានដាក់ចេញគោលការណ៍ជាច្រើនចំណុចដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មីទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ដូចជា ស្នើឲ្យក្រសួងអប់រំ យុវជននិងកីឡា បន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចជា យន្តការសាលារៀនគំរូ, ការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម ២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្ដោតលើមុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ នឹងឥរិយាបថ។
លោកក៏ប្រាប់ឲ្យសាលារៀននៅគ្រប់កម្រិតរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតងឱ្យសក្តិសមជាទីកន្លែងផ្តល់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។
លោកបន្តថា៖ «លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ»។
លោកប្រាប់ឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់ និងផ្សព្វផ្សាយពីសារៈសំខាន់នៃកិច្ចការពារនេះឲ្យបានទូលំទូលាយ។
លោកថ្លែងថា៖ «សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបនាំកូនចៅទៅចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី២០២៤-២០២៥ នេះទាំងអស់គ្នា»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះជានិមិត្តរូបនៅអនុវិទ្យាល័យចតុមុខ។ លោកបានរៀបរាប់ពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ។ លោកថា ក្នុងខែធ្នូ ឆ្នាំ២០២៣ ក្រសួងអប់រំ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ស្តង់ដារសាលារៀនគំរូ» ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។
លោកបន្តថា ជាសមិទ្ធផល ក្រសួងបានវាយតម្លៃនិងប្រគល់ពានរង្វាន់ជូនសាលារៀនគំរូចំនួន ១២០ និងកំពុងគាំទ្រដល់សាលារៀនដែលមានសក្តានុពលជាច្រើនទៀត ដើម្បីជាប់ស្តង់ដាសាលារៀនគំរូក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ លោកផ្តល់អនុសាសន៍ដល់សាលាទាំងអស់ខិតខំរកវិធីសាស្ត្រថ្មីៗ និងហ៊ានអនុវត្តគំនិតនវានុវត្តរបស់ខ្លួន ដើម្បីលើកស្ទួយគុណភាពធនធានមនុស្សនៅក្នុងសាលា៕