លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រាប់​អាជ្ញាធរ​ខេត្ត​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សន្តិសុខ សណ្ដាប់​ធ្នាប់​នៅ​ខេត្ត​កែប ដូចជា​ទប់ស្កាត់​ការ​ឆបោក​តាម​អនឡាញ (online scam)​ ជា​ដើម​ ហើយ​លោក​ចង់​ឃើញ​ខេត្ត​នេះ​ក្លាយ​ជា​ដុំ​ពេជ្រ​ទេសចរណ៍។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល​ជាង​ ១២​គីឡូម៉ែត្រ ​នៅ​ខេត្ត​កែប នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ជា​ថ្មី​ថា មិន​អនុញ្ញាត​ឲ្យ​ខេត្ត​នេះ​មាន​កាស៊ីណូ​នោះ​ទេ។

លោក​ក៏​ប្រាប់​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​សុវត្ថិភាព ដែល​បង្ក​ឡើង​ដោយ​ជន​ល្មើស​ទាំង​ក្នុង​ស្រុក​និង​ដោយ​ជន​បរទេស ដូចជា​ករណី​ឆបោក​តាម​អនឡាញ​ជាដើម។

លោក​ថ្លែង​ថា៖ «ជាពិសេស​គឺ​វត្តមាន​នៃ​សង្គម​ងងឹត។ ក្រុម​ជន​បរទេស​ដែល​មក​ជួល​ផ្ទះ​ជួល​អី​ដើម្បី​លួច​បើក​អា​ឆបោក​អនឡាញ​ហ្នឹង ត្រូវ​ធ្វើ [ទប់ស្កាត់] ឲ្យ​បាន គ្រប់​គ្រង​ឲ្យ​ជាប់។ វា​មាន​ករណី​ចន្លោះ​ប្រហោង​ យើង​បាន​ចាត់​វិធានការ​ហើយ។ យើង​ត្រូវ​ធ្វើ​ម៉េច​ចាត់​វិធានការ​កុំ​ឲ្យ​មាន​នៅ​ក្នុង​ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​ផ្សេងៗ​ទៀត ត្រូវ​ធ្វើ​កិច្ច​ការ​នេះ​ឲ្យ​ជាប់។ [ពួក​គេ] មក​បន្លំ​ជួល​ផ្ទះ​ មក​បន្លំ​ជួល​អូតែល បើក​ scam online អី ចាប់​ អនុវត្ត​ច្បាប់»។

លោក​បន្ត​ថា នៅ​មាន​ជនបរទេស​ចង់​មក​លួច​បើក​អំពើ​ខុស​ច្បាប់​នេះ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​ក៏​បាន​​បង្ក្រាប និង​ទប់ស្កាត់ សកម្មភាព​ខុស​ច្បាប់​ឆបោក​តាម​អនឡាញ​ជា​បន្ត​បន្ទាប់។

ចំពោះ​រឿង​បើក​កាស៊ីណូ​នៅ​ខេត្ត​នេះ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «សុំ​អាជ្ញាប័ណ្ណ​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អេកូ​ទេសចរណ៍ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ខ្ញុំ​ឲ្យ តែ​បើ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​កាស៊ីណូ​នៅ​កែប ខ្ញុំ​អត់​ឲ្យ​តែ​ សុំ​បញ្ជាក់​ឲ្យ​ច្បាស់ ព្រោះ​យើង​អត់​ត្រូវ​ការ​អាហ្នឹង​ទេ»។

សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​នេះ​លើ​ចក្ខុវិស័យ​វែង​ឆ្ងាយ​ទៅ​អនាគត លោក​ប្រាប់​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​កែប កែ​ច្នៃ​ខេត្ត​នេះ​ឲ្យ​ទៅ​ជា​ដុំ​ពេជ្រ​ទេសចរណ៍ ដែល​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​កែច្នៃ​សក្ដានុពល​ដែល​ខេត្ត​នេះ​មាន​ដូចជា ធនធាន​ធម្មជាតិ​ព្រៃឈើ​ សមុទ្រ និង​សក្ដានុពល​ជីវៈ​ចម្រុះ​នៅ​ក្នុង​សមុទ្រ និង​ការ​រៀបចំ​សោភណភាព​ទីក្រុង​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​រយៈ​ផែនការ​វែង។

ការ​រៀបចំ​ខេត្ត​នេះ​អាច​ធ្វើ​បាន​តាម​រយៈ​ការ​កំណត់​ទីតាំង​ច្បាស់​លាស់​​ (zoning) ​សម្រាប់​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ទីតាំង​ស្រាប់​ការ​សាងសង់​អគារ​នានា។ យ៉ាងណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី​មិន​ចង់​ឲ្យ​ខេត្ត​កែប​មាន​សភាព​ដូចជា​ក្រុង​ព្រះសីហនុ ឬ ខេត្ត​ព្រះសីហនុ​នោះ​ទេ ដែល​ពេល​នេះ​មាន​អគារ​ធំៗ​ខ្ពស់ៗ។

បន្ថែម​ពី​លើ​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​កំពុង​សិក្សា​ពី​ការ​តភ្ជាប់​ផ្លូវ​សម្រាប់​ដំណើរ​កម្សាន្ត​ដូចជា ​ផ្លូវ​ជិះ​កង់ ​នៅ​ក្នុង​ខេត្ត​នៅ​មាត់​សមុទ្រ​ទាំង​បួន គឺ កោះកុង ព្រះសីហនុ និង កែប និង​កំពត៕