ភ្នំពេញៈ នគរបាល​កំពុង​តែ​ស្វែង​រកបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត មានពាក់ផ្លាកលេខប្រទេស​វៀត​ណាមមួយ​គ្រឿង ដែលបានបុក​មនុស្ស​៥នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ នៅក្នុងភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត​ក្រចេះ កាល​ពី​យប់​​ថ្ងៃ​សុក្រ ទី៨ ខែវិច្ឆិកានេះ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តធុនធំ និងម៉ូតូមួយគ្រឿង ដែលជិះគ្នា៥នាក់ ស្ថិត​លើផ្លូវ​ជាតិ​លេខ​៧៤​ នៅជិត​ច្រកអន្តរជាតិត្រពាំងស្រែ និងជិតតំបន់សេដ្ឋកិច្ចពិសេស  ស្នួល U B E SNOUL SEZ ដែល​បណ្តាលឱ្យជនរងគ្រោះទាំង៥ ភាគ​ច្រើន​ជា​ក្មេង​ស្លាប់​នៅ​កន្លែ​ងកើ​តហេតុ​នៅ​វេលា​ម៉ោង​ជាង​៨​យប់។

អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ កម្លាំង​នគ​របា​ល​មូល​ដ្ឋា​នបានចុះទៅធ្វើការអន្តរាគមន៍។ ប៉ុន្តែរថយន្តបង្ក ដែលមិនស្គាល់ម៉ាកបានបើកចេញទៅបាត់។

នគរបាលជាតិបញ្ជាក់ថា៖«រថយន្តបើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុ បាន​បុកម៉ូតូ​ធ្វើដំណើរ​ពី​លិច​ទៅកើត ដែលណ្តាលឱ្យមនុស្សចំនួន៥នាក់បានស្លាប់តែម្តង។ មូលហេតុ គឺរថយន្តបើក​បរក្នុង​ល្បឿន​លឿន​ខ្វះ​​ការប្រុងប្រយ័ត្ន»។

កម្លាំងនគរបាលមូលដ្ឋានបានធ្វើការស្រាវជ្រាវរករថយន្តនោះ តាមរយៈកិច្ចសហការណ៍​ពីម​ន្រ្តីពា​ក់ព័​ន្ធ​នៅ​តំ​ប​ន់ច្រកព្រំដែននោះ ដែលរួមមានទាំងការត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពផងដែរ។

សមត្ថកិច្ចបានកំណត់​អត្ត​សញ្ញា​ណ​របស់រថយន្ត ហើយបានរកឃើញរថយន្តនោះនៅក្នុងចំការកៅស៊ូមួយកន្លែង​​ស្ថិតក្នុង​ឃុំ​គ្រញូ​ង​សែ​ន​ជ័យ ស្រុកស្នួល នាថ្ងៃទី៩​ខែ វិច្ឆិកា។

មន្រ្តីអាជ្ញាធរមូលដ្ឋានម្នាក់បានឱ្យដឹងថា រថយន្តនោះម៉ាក FUSO ដែលពាក់​ផ្លាកលេខ​របស់​ប្រ​ទេស​វៀត​ណាម លេខ 92C 157.48។ ប៉ុន្តែអ្នកបើកបរមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបាននោះទេ ព្រោះ​គេបា​ន​រត់​គេចខ្លួនបាត់ពីរថយន្ត។

ហេតុនេះ នគរបាលមិនទាន់ហ៊ានសន្និដ្ឋានបានទេថា អ្នកបើក​បរនោះ​ជា​ជន​ជាតិ​វៀត​ណាម ឬយ៉ាងណា។

អធិការនគរបាល​ស្រុក​ស្នួល លោក​ចាន់ សុគីមបានឱ្យដឹងថា អ្នកបើកបរនោះ មិនទាន់ត្រូវ​បានរក​ឃើញ​នោះ​ទេ ហើយនគរបាលកំពុងតែដុត​ដៃដុ​ត​ជើង​ធ្វើ​កា​រ​លើ​ករ​ណី​នេះហើយ​។

លោកថ្លែងថា៖«គ្រួសារសពកំពុងតែរវល់ខ្លាំងនឹងពិធីរៀបចំបុណ្យសពកូនចៅគាត់ ហើយន​គរ​បា​លពេ​ល​នេះ ​កំ​ពុង​​​តែក​សា​ង​​នី​​តិវិធី ដោះស្រាយតាមផ្លូវច្បាប់ ដើម្បីបានលឿន ធ្វើយ៉ាងណាកុំឱ្យមានការយឺតយ៉ាវ។ នគរ​បាល​កំពុងតែមមាញឹកលើការងារហ្នឹងហើយ»។

លោក​ គីម ឆៃលាង អធិការងស្រុក ទទួលផែនចរាចរណ៍បានឱ្យដឹងថា លោកកំពុងតែកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ព្រោះថា ករណីនេះជាករណីធំ។

ទោះយ៉ាងណា លោក​មិនទាន់អាចបញ្ជាក់បានទេថា សំណុំរឿងនោះនឹងត្រូវបញ្ជូនទៅតុលាការនៅពេលណានោះទេ។ លោក​សុំ​មិន​ធ្វើអត្ថា​ធិ​ប្បាយ​បន្ថែមលើករណីនេះនោះទេ។

ព័ត៌មានពីអាជ្ញាធរមូលដ្ឋានក៏បានឱ្យដឹងផងដែរថា ជនរងគ្រោះទាំង៥នាក់ មាន២គ្រួសារ ដែល​ជា​បង​ប្អូ​នជី​​ដូន​មួយនឹងគ្នា។ ក្នុង​នោះ ជនរងគ្រោះគ្រួសារទី១ជាស្រ្តី២នាក់ ដែលមានឈ្មោះស្រីនិចអាយុ១៨ឆ្នាំ ជា​អ្នក​បើ​ក​ម៉ូតូ និងប្អូនស្រីរបស់នាងឈ្មោះស្រីនុតអាយុ១៦ឆ្នាំ។

រីឯគ្រួសារទី២ ជាបងប្អូនបង្កើតនឹងគ្នា​ ដែល​រួម​មានក្មេងប្រុស២នាក់ អាយុ៨ឆ្នាំ និង៦ឆ្នាំ និងប្អូនស្រីរបស់ពួកគេអាយុ៤ឆ្នាំ។

ប្រភពបានបន្តថា ម្តាយរបស់ក្មេងស្រីអាយុ៤ឆ្នាំនោះជាអ្នកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស។ ក្មេង​ស្រី​នេះ​បានយំ លួងមិនបាត់ ហើយស្រីនិចក៏បានបើកម៉ូតូជូននាងទៅជួបម្តាយទាំងយប់។ នៅពេល​ធ្វើដំណើរ​ក៏ត្រូវ​រថ​យន្ត​ ដែលធ្វើដំណើរមកពីប្រទេសវៀតណាមនោះបុកស្លាប់តែម្តង៕