ការចាកចេញពីប្រទេសក្រីក្រនៅឆ្នាំ២០២៩ របស់កម្ពុជាបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍន៍ ប៉ុន្តែអាចនឹងធ្វើឲ្យប្រជាជនជាង១៦ម៉ឺននាក់បាត់បង់ការងារ ហើយមនុស្សជាង៤៣ម៉ឺននាក់អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើគ្មានដំណោះស្រាយជាមូលដ្ឋានត្រឹមត្រូវ។ នេះបើតាមរបាយការណ៍ UNDP។
អង្គការ UNDP និងក្រសួងផែនការ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានរៀបចំកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ «ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង»។
កិច្ចសន្ទនានេះពិភាក្សាពីទស្សនៈពហុភាគីអំពីផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។
នៅក្នុងកម្មវិធីកិច្ចសន្ទនានេះ ក្រសួងផែនការ និង UNDP បានផ្សព្វផ្សាយឯកសារគោលនយោបាយសង្ខេប «ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ការត្រៀមខ្លួននិងសក្ដានុពលនៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ផងដែរ។
ឯកសារគោលនយោបាយសង្ខេបបង្ហាញពីលទ្ធភាពនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទានជាដើម។
សេចក្ដីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា ការបាត់បង់ទាំងនេះអាចមានផលប៉ះពាល់ទៅដល់វិស័យសុភាពសាធារណៈ ការនាំចេញពាណិជ្ជកម្មសំខាន់ៗ សម្លៀកបំពាក់ អង្ករ និងកង់ និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។
ឯកសារគោលនយោបាយសង្ខេបបង្ហាញថា៖ «អត្រាកំណើនផលិតផលក្នុងស្រុកសរុប អាចថយសន្ទុះចន្លោះពី ០,៥% ទៅ ១,៥% ជាមួយនឹងការបាត់បង់ការងារប្រមាណ ១៦៥.០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។ ជាលទ្ធផល ប្រជាជនចំនួន ៤៣២.០០០ នាក់អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន»។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធផលដ៏សំខាន់នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលនាំមកនូវបញ្ហាប្រឈម និងឱកាសជាមួយគ្នា។ លោកស្រីថា អន្តរកាលនេះនឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ។
លោកស្រីថ្លែងដូច្នេះថា៖ «ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។
លោកស្រីបន្តថា៖ «UNDP ប្ដេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ពុជាក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់ UNDP (២០២៤-២០២៨)»។
លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពី LDC មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។
យុទ្ធសាស្ត្រនេះត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) នៅឆ្នាំ ២០២១ និង ២០២៤នេះ បានអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
ប៉ុន្តែ ការចាកចេញនេះត្រូវការពេលវេលាអន្តរកាល ៥ឆ្នាំ ហើយកម្ពុជានឹងចាកចេញពីចំណាត់ថ្នាក់នេះនៅឆ្នាំ២០២៩៕