ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការជំនុំជម្រះនាពេលឆាប់ៗខាងមុខនេះ ទៅលើសំណុំរឿងព្រហ្មទណ្ឌចំនួន២ ក្នុងចំណោមសំណុំរឿង ៣ ដែលពាក់ព័ន្ធនិងជនត្រូវចោទឈ្មោះ ស្រី ស៊ីណា។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ១១ ខែវិច្ឆិកាបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០២៤ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនិងជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣ សំណុំរឿង។
ក្នុងនោះរួមមាន (១) សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ ពីបទ ឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត (២) សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ចុងក្រោយ (៣) សំណុំរឿង ព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ពីបទ រំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ ២៦ ផ្លូវលេខ P-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។
បទល្មើសព្រហ្មទណ្ឌ នេះមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សាលាដំបូងបញ្ជាក់ថា៖«ចំពោះសំណុំរឿងទី ១ និងទី ២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង ២ ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះលេខ ៦៧៨៧...និងលេខ ៦៧៨៨...ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ»។
រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាន និងកំពុង ត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។
សេចក្តីប្រកាស ក៏បានឱ្យដឹងផងដែរថា សាលាដំបូងរាជធានីភ្នំពេញ ក៏បាន ទទួលចាត់ការសំណុំរឿងរដ្ឋប្បវេណី ដែលភាគីដើមបណ្តឹងរដ្ឋប្បវេណីជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា។
តុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិនោះតាមការស្នើសុំរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណី។
ទោះយ៉ាងណា ក្រោយមកមានបណ្ដឹងតវ៉ារបស់តតិយជន (ជនទីបី ដែលមិនមែន ជាភាគីក្នុងរឿងក្តី)លើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹងដីចំនួន ១ កន្លែង។ តុលាការកំពុងចាត់ការតាមនីតិវិធីច្បាប់ ទៅលើសំណុំរឿងរដ្ឋប្បវេណីទាំង ២ នេះ។
ចំពោះសំណុំរឿង បទឃាតកម្ម ជនល្មើសអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ ខណៈដែល បទប៉ុនប៉ងឃាតកម្ម អាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំទៅ ១៥ ឆ្នាំ និងបទប្រើប្រាស់អាវុធដោយខុសច្បាប់ អាចជាប់ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។ រីឯ បទ រំលោភលើលំនៅឋាន អាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ។
ឈ្មោះ ស្រី ស៊ីណា កាលពីកាលពីថ្ងៃទី ១៧ ខែមិថុនាកន្លងមកបានទៅផ្ទះជនរងគ្រោះឈ្មោះ ឡុង លីសុង ដើម្បីសួរនាំជម្លោះជាមួយឈ្មោះ សាន ស្រីពេជ្រ ដែលជាអ្នកជួលផ្ទះរបស់ខ្លួន រឿងកាប់មែកស្វាយ, វាយកម្ទេចផើងផ្កា និងរឿងដាក់ស្នួខោអាវលយចូលបរិវេណផ្ទះឈ្មោះ ឡុង លីសុង។
ការទៅសួរនាំនេះបានឈានដល់ជម្លោះពាក្យសម្តី ហើយ ឈ្មោះស៊ីណា ក៏បានដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ បាញ់ប្រហារជាច្រើនគ្រាប់ទៅលើជនរងគ្រោះ។
ក្នុងនោះ បានបណ្តាលឱ្យឈ្មោះ ឡុង លីសុង ស្លាប់នៅកន្លែងកើតហេតុ និងបាញ់ឈ្មោះ ឃីម កញ្ចនា ជាគូដណ្តឹងចំនួន ៣ គ្រាប់ បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រៅពីនោះឈ្មោះ ស្រី ស៊ីណា ក៏បានបាញ់ទៅលើមនុស្សប្រុស ២ នាក់ទៀតជាច្រើនគ្រាប់ ដែលបណ្តាលឱ្យរងរបួសផងដែរ៕