ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានធ្វើការផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាលស្ដីពីទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាប្រកបដោយត្រឹមត្រូវ និងសុវត្ថិភាព។
សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ដែលផ្តល់ដោយក្រសួងមហាផ្ទៃ ត្រូវបានរៀបចំជាកម្រងសេវារដ្ឋបាល។
អន្ដរក្រសួងបានដាក់ចេញនូវការបរិយាយ ៧ ចំណុចទាក់ទងនឹងការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលចាប់ពីកម្រិតមួយដល់កម្រិត ៤ រួមទាំង ការបញ្ជាក់អត្ដសញ្ញាណបុគ្គល រហូតដល់សេវាពិនិត្យបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណបុគ្គលប្រចាំឆ្នាំ។
យោងតាមប្រកាសអន្ដរក្រសួងបានឱ្យដឹងថា៖ «ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលកម្រិត ១ (តម្លៃ ១០០០ រៀល យកភ្លាមៗ ដែលមានសុពលភាពមួយប្រតិបត្ដិការ) ប្រើប្រាស់សម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលមូលដ្ឋាន ក្នុងលក្ខខណ្ឌ សន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាតាមរយៈផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា រាប់តែចំនួនប្រតិបត្តិការដែលជោគជ័យប៉ុណ្ណោះ»។
ទិន្នន័យផ្ទៀងផ្ទាត់ រួមមាន គោត្តនាម និងនាមជាភាសាខ្មែរ គោត្តនាម និងនាម ជាអក្សរឡាតាំង ភេទ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណប័ណ្ណ និង កាលបរិច្ឆេទសុពលភាពអត្តសញ្ញាណប័ណ្ណ។
ការផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គល កម្រិត២ (តម្លៃ ៦០០០ រៀល យកភ្លាមៗ ដែលមានសុពលភាពមួយប្រតិបត្ដិការ)ប្រើប្រាស់ក្នុងលក្ខខណ្ឌ ដូចកម្រិត ១ ដោយបន្ថែម រូបថតផ្ទៃមុខបុគ្គលបច្ចុប្បន្ន។
ប្រកាសបានបន្ដថា៖ «ការផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គល កម្រិត ៣ (តម្លៃ ៨០០០ រៀល យកភ្លាមៗ ដែលមានសុពលភាពមួយប្រតិបត្ដិការ)ប្រើប្រាស់ក្នុងលក្ខខណ្ឌដូចកម្រិត ២ ដោយបន្ថែម រូបថតលើអត្តសញ្ញាណប័ណ្ណ»។
ការផ្ទៀងផ្ទាត់ទិន្នន័យ អត្តសញ្ញាណបុគ្គល កម្រិត ៤ (តម្លៃ ១ម៉ឺនរៀល យកភ្លាមៗ ដែលមានសុពលភាពមួយប្រតិបត្ដិការ) ប្រើប្រាស់ក្នុងលក្ខខណ្ឌដូចកម្រិត ៣ ដោយបន្ថែមវីដេអូចលនាផ្ទៃមុខ។
លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល ប្រើប្រាស់ដូចក្នុងលក្ខខណ្ឌ កម្រិត ៣ (តម្លៃ ៥០០០ រៀល យកនៅ ៥ថ្ងៃក្រោយ ដែលមានសុពលភាព ៦ខែ) ហើយលិខិតបញ្ជាក់នេះចេញជូនរូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្នើសុំចំនួន ២ច្បាប់ សម្រាប់ការស្នើសុំម្តង។
លិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យ អត្តសញ្ញាណបុគ្គល ប្រើប្រាស់សម្រាប់លក្ខខណ្ឌដូចក្នុងកម្រិត ៣ ដោយបន្ថែមស្នាមមេដៃឆ្វេង និងស្តាំនិងគំរូហត្ថលេខា ហើយលិខិតបញ្ជាក់នេះចេញជូនរូបវន្តបុគ្គល ឬនីតិបុគ្គលដែលស្នើសុំចំនួន ២ច្បាប់ សម្រាប់ ការស្នើសុំម្តង។
ប្រកាសបានឱ្យដឹងពីតម្លៃថា៖ «លិខិតបញ្ជាក់នេះ មានតម្លៃ ២០ម៉ឺនរៀល ដោយប្រើឋេរវេលា ៥ថ្ងៃ សម្រាប់ប្រើប្រាស់ដែលមានសុពលភាព ៦ខែ»។
សេវាពិនិត្យបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណបុគ្គលប្រចាំឆ្នាំ ដែលប្រើប្រាស់សម្រាប់ភ្ជាប់ប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យប្រចាំឆ្នាំ ដោយឆ្លងកាត់ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ដែលស្នើសុំមកកាន់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
លិខិតបញ្ជាក់នេះ មានតម្លៃ ៦០ម៉ឺនរៀល ដោយប្រើឋេរវេលា ១០ថ្ងៃ សម្រាប់ប្រើប្រាស់ដែលមានសុពលភាព ១ឆ្នាំ៕