ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមផែនការយុទ្ធសាស្ត្រអប់រំ (ESP) ២០២៤-២០២៨ ជាប្លង់មេ ដើម្បីអភិវឌ្ឍទិដ្ឋភាពអប់រំរបស់ប្រទេស ដោយផ្តោតលើបរិយាប័ន្ន គុណភាព និងនវានុវត្ដន៍។
គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី ៤ (SDG4) ស្តីពីការអប់រំ បង្ហាញពីកំណែទម្រង់ទូលំទូលាយដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់វិស័យអប់រំក្នុងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមរយៈពេលវែងរបស់កម្ពុជា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានសរសេរក្នុងទំព័រអរម្កថាថា៖ «ផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ២០២៤-២០២៨ ត្រូវបានរៀបចំឡើង ក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចកោណ កំណែទម្រង់វិស័យអប់រំ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ស្ដីពីការអប់រំឆ្នាំ ២០៣០ ទៅជាកម្មវិធីជាក់ស្តែង និងនាំទៅរកសមិទ្ធកម្មពិតប្រាកដ ប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាពរបស់អង្គភាពគ្រប់កម្រិត រួមទាំងគ្រឹះស្ថានសិក្សា»។
លោករដ្ឋមន្ដ្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានកំណត់ មនុស្សជាអាទិភាពទីមួយ ដោយបានលើកឡើងអំពី «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
លោកបានបង្ហាញថា ក្រសួងបានកំណត់អាទិភាព ៨ ចំណុច ដូចជា ការពង្រឹង អភិបាលកិច្ចសាលារៀន ការពិនិត្យ និងកែសម្រួលកម្មវិធីសិក្សា និងសកម្មភាពបន្ថែមក្រៅម៉ោងសិក្សា ស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងអាកប្បកិរិយារបស់សិស្ស។
លោកបានបន្ដថា៖ «អាទិភាពទី ៣ គឺការថែរក្សាសុខភាព សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការគ្រប់គ្រងគុណភាពអាហារនៅតាមសាលារៀន ទី៤ ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ក្នុងការអប់រំ»។
ចំណែកឯកអាទិភាពទី ៥ ក្រសួងផ្ដោតលើការពង្រឹងការអប់រំឌីជីថល ហើយទី ៦ គឺជាការជំរុញមជ្ឈមណ្ឌលឧត្តមភាព ក្នុងការអប់រំឧត្តមសិក្សា ខណៈទី ៧ ជាការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ហើយទី ៨ គឺជាការអភិវឌ្ឍការអប់រំកាយ និងកីឡា។
មួយទសវត្សរ៍នៃវឌ្ឍនភាព
វិស័យអប់រំរបស់ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់ធំៗក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយចាប់ពីឆ្នាំ ២០១៤ រដ្ឋាភិបាលបានផ្តល់អាទិភាពដល់លទ្ធភាពទទួលបានការអប់រំ កំណែទម្រង់អភិបាលកិច្ច ការអភិវឌ្ឍន៍គ្រូបង្រៀន និងឱកាសសិក្សាប្រកបដោយសមធម៌នៅទូទាំងប្រទេស។
ចាប់តាំងពីពេលនោះមក សមិទ្ធផលនានា រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការកែប្រែកម្មវិធីសិក្សា និងការលើកកម្ពស់ប្រាក់ខែគ្រូបង្រៀន និងស្តង់ដាបណ្តុះបណ្តាល។
លោក ជួនណារ៉ុន បានកត់សម្គាល់ថា៖ «សមិទ្ធផលទាំងនេះរួមបញ្ចូលការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ននៅគ្រប់កម្រិត ពង្រឹងអភិបាលកិច្ចក្នុងស្ថាប័នអប់រំ ផ្តល់អាទិភាពដល់គ្រូបង្រៀន និងដោះស្រាយការខាតបង់ការសិក្សាក្នុងអំឡុងពេលជំងឺកូវីដ-១៩»។
ក្រសួងបានសម្រួចវិធានការពាក់ព័ន្ធក្នុងគោលដៅលើកកម្ពស់គុណភាព និងការឆ្លើយតបរបស់សេវាអប់រំតាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ដបុគ្គលិកអប់រំ ការបង្កើនស្វ័យភាពជាដើម។អត្រាបោះបង់ចោលការសិក្សាជាក្តីបារម្ភយ៉ាងខ្លាំងនៅទូទាំងកម្រិតផ្សេងៗនៃការអប់រំនៅកម្ពុជា ដោយនៅកម្រិតបឋមសិក្សា ជាទូទៅមានការថយចុះក្នុងរយៈពេលជាច្រើនឆ្នាំ។ អត្រាបោះបង់ការសិក្សាបានធ្លាក់ចុះពី ៨,៣ ភាគរយ ក្នុងឆ្នាំ ២០១៣-២០១៤ មកនៅត្រឹម ៧,៥ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣។ ទោះយ៉ាងណាក៏ដោយ វាប្រែប្រួលតាមភេទ។
សម្រាប់បុរស វាបានថយចុះបន្តិចម្តងៗពី ៩,៤ភាគរយ ក្នុងឆ្នាំ ២០១៣-២០១៤ មកត្រឹម ៥,៥ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣។ ចំណែកឯស្ត្រីវិញ អត្រាថយចុះពី ៧,២ភាគរយ ក្នុងឆ្នាំ ២០១៣-២០១៤ មកត្រឹម ៥,៧ ភាគរយ ក្នុងឆ្នាំ ២០២១-២០២២ ប៉ុន្តែបន្ទាប់មកបានកើនឡើងម្តងទៀតដល់ ៩,៥ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣។
អត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិឃើញថាមានភាពប្រសើរឡើងក្នុងទសវត្សរ៍ចុងក្រោយ ប៉ុន្តែបានកើនឡើងម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ផ្តល់អាទិភាពប្រកបដោយសមធម៌ និងបរិយាប័ន្ន
ផែនការយុទ្ធសាស្ដ្រអប់រំ ២០២៤-២០២៨ ធានាថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចាប់ពីកុមារភាពរហូតដល់ឧត្តមសិក្សា មានសិទ្ធិទទួលបានឱកាសសិក្សាដោយស្មើភាព។
តាមរយៈការផ្តល់អាទិភាពដល់ការអប់រំកុមារតូច ក្រសួងមានគោលបំណងជំរុញអត្រាចុះឈ្មោះចូលរៀនសម្រាប់កុមារអាយុពី ៣-៥ ឆ្នាំ ជាក្រុមដែលមានការចុះឈ្មោះចូលរៀនបានកើនឡើងពី ៣៣,៤ ភាគរយ ក្នុងឆ្នាំ ២០១៣-២០១៤ ដល់ ៣៧,១ ភាគរយនៅឆ្នាំ ២០២២-២០២៣។
លោក ជួន ណារ៉ុន បានបន្ថែមថា ៖ «ចក្ខុវិស័យរបស់យើងគឺនាំមកនូវការសិក្សាដល់កុមារកម្ពុជាគ្រប់រូប។ ក្រសួងបានបង្រួមខ្លឹមសារគោលនយោបាយតែមួយ ផ្តោតលើការធានាឱ្យប្រជាជនកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ ក្រមសីលធម៌ ឥរិយាបថល្អ សុខភាព កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត»។
ការប្តេជ្ញាចិត្តនេះមានសារៈសំខាន់នៅពេលកម្ពុជាមានកំណើនចំនួនប្រជាជនទីក្រុងយ៉ាងឆាប់រហ័ស ខណៈតំបន់ជនបទនៅតែមានប្រជាជនជាង ៦០ ភាគរយនៅទូទាំងប្រទេស។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា ការផ្លាស់ប្តូរជាបន្តបន្ទាប់នៃគ្រួសារទៅកាន់ទីក្រុង បានបង្កើតអតុល្យភាពនៃធនធានសាលារៀន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលការចង្អៀតថ្នាក់រៀនបានក្លាយជាបញ្ហាធ្ងន់ធ្ងរ។
ដើម្បីដោះស្រាយបញ្ហានេះ ផែនការយុទ្ធសាស្ដ្រនេះ សង្កត់ធ្ងន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយមានគោលបំណងបង្កើនចំនួនសាលារៀនដែលមានបរិក្ខារល្អនៅក្នុងតំបន់ដែលកំពុងរីកចម្រើនក្នុងទីក្រុង និងជាយក្រុង។
ផែនការយុទ្ធសាស្ដ្រក៏ពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ក្រុមងាយរងគ្រោះ រួមទាំងកុមារជនជាតិដើមភាគតិច និងអ្នកដែលរងផលប៉ះពាល់ដោយបញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ។
យោងតាមផែនការយុទ្ធសាស្ដ្រ បានបង្ហាញថា៖ «ក្រសួងខិតខំពង្រីកការអប់រំពហុភាសាសម្រាប់សិស្សជនជាតិដើមភាគតិចនៅតំបន់ភាគឦសាន ទីក្រុង និងស្រុកចំនួន ១០ ដែលសាលាមត្តេយ្យជាង ១៣០ បច្ចុប្បន្នផ្តល់ជូនកម្មវិធីទាំងនេះ»។
ការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រូ
ផែនការយុទ្ធសាស្ដ្រអប់រំ គូសបញ្ជាក់គុណភាពអប់រំជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់កម្ពុជា។ នៅក្នុងការអប់រំបឋម អត្រាចុះឈ្មោះចូលរៀនសុទ្ធបានស្ទុះងើបឡើងវិញចាប់តាំងពីជំងឺរាតត្បាតរាតត្បាតដោយឈានដល់ ៩៥,៨ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣។យ៉ាងណាក៏ដោយ ក្រសួងទទួលស្គាល់ថា ការចុះឈ្មោះចូលរៀនតែមួយមុខមិនបានប្រែទៅលើលទ្ធផលអប់រំនោះទេ។
អត្រាគង់វង្សរបស់សិស្សានុសិស្សតាមសាលាបឋមសិក្សាបានធ្លាក់ចុះពី ៧៩,៩ ភាគរយ ក្នុងឆ្នាំ ២០១៧-២០១៨ មកនៅត្រឹម ៦៩,៥ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣ ជាពិសេសក្នុងចំណោមសិស្សស្រី ជានិន្នាការដែលរដ្ឋាភិបាលមានគោលបំណងផ្លាស់ប្តូរ។
ផែនការនេះបានបង្ហាញថា៖ «អត្រាគង់វង្សសម្រាប់សិស្សស្រីបានធ្លាក់ចុះយ៉ាងខ្លាំងពី ៨៣,៥ ភាគរយ ក្នុងឆ្នាំ ២០១៧-២០១៨ មក ៦០,៤ ភាគរយក្នុងឆ្នាំ ២០២២-២០២៣ ខណៈអត្រាគង់វង្សចំពោះសិស្សប្រុសបានកើនឡើងពី ៧៦,៥ ភាគរយ ទៅ ៨០,៣ ភាគរយក្នុងរយៈពេលនេះ»។
ការបណ្តុះបណ្តាលគ្រូគឺជាចំណុចសំខាន់នៃកំណែទម្រង់នេះ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការកែទម្រង់វិទ្យាស្ថានបណ្តុះបណ្តាលគ្រូ ដោយលើកកម្ពស់ស្តង់ដារគុណវុឌ្ឍិទៅជាទម្រង់ «១២+៤» ដែលអនាគតគ្រូបង្រៀនបញ្ចប់ថ្នាក់ទី ១២ និងកម្មវិធីបរិញ្ញាបត្ររយៈពេលបួនឆ្នាំ។
យោងតាមផែនការ ឆ្នាំ ២០២២-២០២៣ ជិត ៨៥ ភាគរយ នៃគ្រូបឋមសិក្សាបានទទួលបានគុណវុឌ្ឍិថ្មីនេះបើប្រៀបធៀបទៅនឹង ៧៣ភាគរយកាលពីប្រាំឆ្នាំមុន។
ក្រសួងបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមនៃចំនួនសិស្សខ្ពស់នៅក្នុងថ្នាក់រៀន ជាពិសេសនៅក្នុងតំបន់ទីក្រុង។
ផែនការយុទ្ធសាស្ដ្រក៏គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តបញ្ចូលជំនាញឌីជីថលចូលទៅក្នុងការបង្រៀន និងការរៀន ដោយមានគោលបំណងចង់ឱ្យសិស្សចេះឌីជីថលដើម្បីងាយស្រួលសមាហរណកម្មក្នុងសេដ្ឋកិច្ចពោរពេញដោយបច្ចេកវិទ្យា។
លើកកម្ពស់ STEM និងឧត្តមសិក្សា
សម្រាប់ការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សានៅកម្ពុជា គឺផ្តោតទៅលើ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងជំនាញបច្ចេកទេស។
ផែនការយុទ្ធសាស្ដ្រទទួលស្គាល់ពីសារៈសំខាន់នៃវិស័យទាំងនេះនៅក្នុងសេដ្ឋកិច្ចសកលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយសន្យាថានឹងបង្កើនការចុះឈ្មោះក្នុងកម្មវិធី STEM ។
ផែនការនេះបានបង្ហាញថា៖ «ខណៈជំនាញ STEM នៅកម្រិតសាកលវិទ្យាល័យបានកើនឡើងពី ១៩,៦ ភាគរយក្នុងឆ្នាំ ២០១៣-២០១៤ ដល់ ៣១,២ ភាគរយ ក្នុងឆ្នាំ ២០២២-២០២៣ ស្ត្រីក្នុងវិស័យនេះនៅតែមានកម្រិតទាប»។
គម្លាតយេនឌ័របានពង្រីកដោយបុរសទំនងជាចុះឈ្មោះក្នុងកម្មវិធី STEM ជាង ២,៥ ដងជាងស្ត្រីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រសួងផ្តល់អាហារូបករណ៍ក្នុងស្រុក និងអន្តរជាតិ ដោយមាននិស្សិតអាហារូបករណ៍ក្នុងស្រុកចំនួន ៧៥៣៣នាក់ និងអ្នកទទួលអាហារូបករណ៍អន្តរជាតិចំនួន ៣៨៧ នាក់ក្នុងកម្រិតឧត្តមសិក្សាគិតត្រឹមឆ្នាំ ២០២៣។
ក្រសួងក៏បានក្លាយជាសមាជិកនៃកម្មវិធី Asian International Mobility for Students (AIMS) ដែលជួយសម្រួលដល់ឱកាសផ្លាស់ប្តូរការសិក្សាក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍៕