ស្ទឹងត្រែងៈ ជនជាតិឡាវ អាយុ ៣១ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែងនាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះ ពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀនជាង១លានគ្រាប់ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។
លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងថា បុរសជនជាតិឡាវនេះកំពុងតែត្រូវបានសាកសួរ នៅក្នុងដំណាក់ការអយ្យការនៅឡើយរហូតមកដល់រសៀលថ្ងៃអង្គារនេះ។
កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១គ្រឿង ម៉ាក FORTUNER ពណ៌ស ស្លាកលេខឡាវ 1115 នៅពេលដែលជនជាតិឡាវម្នាក់នេះប៉ុនប៉ងឆ្លងដែនចូលទឹកដីកម្ពុជាតាមច្រកនេះកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។
កម្លាំងនគរបាលបានបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់រូបនេះ ក្រោយពីបានរកឃើញ វត្ថុតាងជាគ្រឿងញៀនចំនួន ១៦៧ ដុំនៅក្នុងរថយន្ត។
នៅថ្ងៃដដែលនោះ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ក៏បានប្រគល់រថយន្ត និងវត្ថុតាងជូន កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត។នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត។
លោកបាន ឱ្យដឹងថា៖«វត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង ០៩៧,២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១ ០៣៤ ៤១៣ គ្រាប់»។
ជនសង្ស័យរូបនេះមានឈ្មោះ VUE YENG មានទីកន្លែងបច្ចុប្បន្នប្រទេសឡាវ និងប្រើលិខិតឆ្លងដែនលេខ P 1859439។ក្រៅពីគ្រឿងញៀន សម្ភារៈដែលត្រូវបានចាប់យកផ្សេងទៀតរួមមាន៖ ឡាន ១គ្រឿង ម៉ាក FORTUNER ទូរស័ព្ទដៃចំនួន៣គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួន។
កម្លាំងដែលបានចូលរួមនៅក្នុងការបង្រ្កាបនេះមានដូចជា កម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ។
កម្លាំងចម្រុះក៏បានបង្រ្កាបគ្រឿងញៀនជាង៣០០គីឡូក្រាមផងដែរ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ នេះនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនជាតិឡាវ អាយុ២៧ឆ្នាំម្នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
លោក ឈុំ ស៊ាងហាក់ បានបញ្ជាក់ថា ជនជាតិឡាវ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៣០០គីឡូក្រាមនេះត្រូវបានតុលាការសម្រេចឃុំខ្លួនហើយផងដែរ។
អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧៨១៧នាក់ រឹបអូសគ្រឿងញៀនជាង៧តោន ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ. ជ. ប. គ. ញ)បានលើកឡើងនៅក្នុងរបាយការណ៍សង្ខេបជូន ថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ អ. ជ. ប. គ. ញរយៈពេល១ឆ្នាំ កាលពីខែតុលាកន្លងមកថា នៅតំបន់អាមេរិកកណ្តាល អឌ្ឍចន្ទមាស ត្រីកោណមាស កាន់តែមានកំណើន នូវការដាំដុះ ការផលិតគ្រឿងញៀន ទាំងធម្មជាតិ និងសំយោគ។
ជាមួយគ្នានោះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលមានអង្គការ ចាត់តាំងនិងរចនាសម្ព័ន្ធច្បាស់លាស់ ក៏បង្កើនសម្មភាពដឹកជញ្ជូនគ្រឿងញៀន ដែលផលិតរួចទៅរកទីផ្សារប្រើប្រាស់។ ក្នុងនោះ រួមទាំងការដឹកជញ្ជូនសារធាតុគីមីផ្សំគ្រប់ប្រភេទ ដោយលួចលាក់ចូលទៅកាន់កន្លែងផលិតគ្រឿងញៀន និងមាន បណ្តាញធ្វើសកម្មភាពសម្អាតប្រាក់ដែលបានមកពីជំនួញគ្រឿងញៀន។
ដោយឡែកនៅប្រទេសកម្ពុជាវិញ គ្រឿងញៀនគ្រប់ប្រភេទដែលបានចាប់យកដោយសមត្ថកិច្ច ភាគច្រើនចេញពីតំបន់ត្រី កោណមាស ឆ្លងកាត់ព្រំដែនតាមទិសឦសាន និងពាយព្យចូលមកក្នុងកម្ពុជា។
គ្រឿងញៀនទាំងនោះ មានដូចជា មេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងសារធាតុញៀនថ្មីផ្សេងៗទៀត។ (អ. ជ. ប. គ. ញ) ក៏បានរកឃើញសារធាតុគីមីផ្សំអាស៊ីត ស៊ុលហ្វូរិកខាប់ ត្រូវគេទុកចោលនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផងដែរ។
លោក ក៏បានស្នើសុំឱ្យមានការ បន្តពង្រឹងនិងបង្កើនសកម្មភាពល្បាតត្រួតពិនិត្យបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន និងលើក កម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបការលួចលាក់នាំចូល ចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ដើម្បីបង្ការទប់ស្កាត់កុំឱ្យក្រុមឧក្រិដ្ឋជនមានឱកាសលួចលាក់កែច្នៃផលិតគ្រឿងញៀននៅក្នុងប្រទេស៕