គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកានេះ មនុស្ស៦នាក់ហើយត្រូវបានឃាត់ខ្លួនទាំងដោយសមត្ថកិច្ច និងដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីឆបោក និង ពុករលួយ ជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត។
ការឃាត់ខ្លួនចុងក្រោយត្រូវបានធ្វើឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ ទៅលើលោក កន សុខកាយ អភិបាលស្រុកល្វាឯមដែលត្រូវបានដកចេញពីតំណែង ក្រោយពេលបែកធ្លាយថា លោកបានចាញ់បោកអស់ប្រាក់ ៣០ម៉ឺនដុល្លារទៅលោក លី សាម៉េត ដើម្បីបានតំណែងអភិបាលក្រុងអរិយក្សត្រ។
មនុស្សផ្សេងទៀតដែលត្រូវបានឃាត់ខ្លួនរួមមាន លោក លី សាម៉េត លោក ដួង តារា ដែលធ្លាប់ជាជំនួយការលោក ហ៊ុន សែន បច្ចុប្បន្នប្រធានព្រឹទ្ធសភា លោក លោក មួង ឃីម ជាអតីតមន្ត្រីនគរបាលពាក់ផ្កាយ៣, ឧកញ៉ា អ៊ុត ធី ដែលរកស៊ីវាយថ្ម និងធ្វើផ្លូវ និងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់។
លោក ឡាយ វិសិដ្ឋ ត្រូវបានរាយការណ៍ថា បានចំណាយប្រាក់ ៥៧ម៉ឺនដុល្លាររត់ការជាមួយលោក លី សាម៉េត ដើម្បីបានតំណែងអ្វីមួយ។
លោក ហ៊ុន សែន កាលពីកន្លងទៅបានបកអាក្រាតរឿងលោក លី សាម៉េត ប្រើឈ្មោះលោក ដើម្បីបោកប្រាស់អ្នកដទៃ។ លោកប្រាប់ឲ្យជនរងគ្រោះដែលពាក់ព័ន្ធដាក់ពាក្យបណ្ដឹងទៅលោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឲ្យសួរទៅអាជ្ញាធរមានសមត្ថកិច្ចធ្វើការរឿងនេះផ្ទាល់ ខណៈដែលលោក គី តិច មិនបានឆ្លើយតបការសុំអត្ថាធិប្បាយបន្ថែមជុំវិញសំណុំរឿងទាំងនេះនៅថ្ងៃទី១២ ខែវិច្ឆិកានេះ។ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយក៏មិនអាចទាក់ទងបាន។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងថា ការចាប់វិធានការផ្លូវច្បាប់លើអ្នកពាក់ព័ន្ធនឹងលោក លី សាម៉េត និងលោក ដួង តារា គឺជាសញ្ញាដែលបង្ហាញថា រដ្ឋាភិបាលចាប់ផ្ដើមចាត់វិធានការលើមន្ត្រីនៅជុំវិញថ្នាក់ដឹកនាំកំពូល ដែលប្រើប្រាស់អំណាចបោកបញ្ឆោត ឬប្រព្រឹត្តអំពើពុករលួយ។ ការចាត់វិធានការនេះជាការព្រមានកុំឲ្យមានការសូកប៉ាន់ដើម្បីបានតំណែងផ្សេងៗ។
លោកថ្លែងថា៖ «សម្រាប់អង្គការសង្គមស៊ីវិល យើងចង់ឃើញមានការរៀបចំរដ្ឋបាលមួយដែលស្អាតស្អំ។ ដើម្បីកាត់បន្ថយទំនាស់ផលប្រយោជន៍បាន ទាល់តែយើងធានាថា ការទទួលបានតំណែងធ្វើឡើងដោយផ្អែកលើគោលការណ៍សុចរិត និងសមត្ថភាពរបស់មន្ត្រីសាធារណៈ ជាពិសេសក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពដើម្បីបម្រើជាតិ ជាជាងបណ្ដោយឲ្យមន្ត្រីខិលខូច ដែលអ្នកខ្លះមិនចេះអក្សរតែប្រើវិធីសូកបាន់ដើម្បីបានតំណែង»៕