លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានបញ្ជាក់ពីកត្តាអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា ដល់សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ក្នុង«មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» នៅថ្ងៃទី១២ ខែវិច្ឆិកា។
លោក ហ៊ុន ម៉ាណែត ថ្លែងប្រាប់ស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកថា កម្ពុជាមានសន្តិភាព ស្ថិរភាព និង សុវត្ថិភាព សម្រាប់ការវិនិយោគិន។
លោកថា សមាជិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក និង ពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា ប្រហែលជាបានឮអំពីបញ្ហាសន្តិសុខនៅកម្ពុជាតាមការផ្សព្វផ្សាយ ប៉ុន្តែ ស្ថានភាពជាក់ស្ដែងមានសុវត្ថិភាពល្អណាស់ សម្រាប់ការវិនិយោគ និងសម្រាប់ទេសចរណ៍។
លោកក៏បានលើកឡើងទៀត៖ «កម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហើយបើយោងតាមស្ថាប័ន fDi Intelligence កម្ពុជាឈរលំដាប់ថ្នាក់កំពូលនៃទីផ្សារថ្មីសម្រាប់ការវិនិយោគពីបរទេសសម្រាប់ឆ្នាំ២០២៤»។
លោកថា ច្បាប់វិនិយោគនៅកម្ពុជាមានលក្ខណៈសេរី និងមានការលើកទឹកចិត្តច្រើនសម្រាប់វិនិយោគិន ដូចជាការអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិជាម្ចាស់កម្មសិទ្ធិអាជីវកម្ម ១០០ភាគរយ ដែលប្រទេសជិតខាងមិនអនុញ្ញាត។ កម្ពុជាក៏មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនសម្រាប់វិនិយោគិនជ្រើសរើសផងដែរ។
លើសពីនេះ កម្ពុជាស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រល្អសម្រាប់ការវិនិយោគ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទាំងកម្រិតតំបន់ និងទ្វេភាគីជាមួយប្រទេសជាច្រើន ក៏ដូចជាកម្លាំងពលកម្មវ័យក្មេង និងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា លោកសង្ឃឹមថា អ្នកចូលរួមក្នុងមហាសន្និបាតនេះនឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ តាមគ្រប់មធ្យោបាយទៅដល់សហគមន៍ចិននៅប្រទេសនានានៅលើពិភពលោក។
លោកបានអំពាវនាវដល់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!» និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!»៕