ភ្នំពេញ: កម្លាំងចម្រុះជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយអ្នកចូលរួមត្រូវបានណែនាំ កុំឱ្យមានការច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់។
លោកនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិបានលើកឡើង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១២ ខែវិច្ឆិកាថា ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងព្រះរាជពិធីនេះត្រូវបានរៀបចំយ៉ាងម៉ត់ចត់។
ក្នុងនោះមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។ នេះបើយោងតាមនគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា៖«ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ»។
ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ចំណុះទូកជាង២ម៉ឺននាក់ ប្រទីបចំនួន៣៦ប្រទីប ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗចំនួន១០កន្លែង។
លោកបានណែនាំថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ត្រូវធានាដល់ព្រះរាជសុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេស ចូលរួមអបអរសាទរកម្សាន្ដសប្បាយក្នុងពិធីនេះ។
លើសពីនេះ កម្លាំងទាំងអស់ ត្រូវពង្រឹងកិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់អង្គភាព និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តឱ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។
កម្លាំងចម្រុះទាំងជាង១ម៉ឺន៦នាក់នោះ រួមមានមកពី១៦ស្ថាប័ន/អង្គភាព។ ក្នុងនោះមានអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានកងទ័ពជើងទឹក យោធភូមិភាគពិសេស ព្រមទាំងស្ថាប័ន និងក្រសួងពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងព្រះរាជពិធី ដែលនឹងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលបានណែនាំដល់អ្នកចូលរួម«កុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើ លោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ»។
ក្រសួងក៏បានរៀបចំទីតាំងជម្រកតង់ចំនួន១៥កន្លែង និងក្រុមគ្រូពេទ្យប្រចាំការ នៅតាមគោលដៅនីមួយៗផងដែរ ដើម្បីផ្តល់សេវាសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងករណីមានបញ្ហាសុខភាពបន្ទាន់។
ក្នុងអំឡុងចូលរួមក្នុងពិធីបុណ្យនេះ អ្នកមានបញ្ហាសុខភាពបន្ទាន់អាចទៅពិគ្រោះជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត។ ក្រៅពីនោះ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព ក៏ត្រូវចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអុំទូកផងដែរ។
ក្រសួងក៏បានណែនាំផងដែរថា៖«សូមប្រុងប្រយ័ត្នក្នុងការទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ដើម្បីចៀសវាងការពុលសារធាតុមេតាណុល ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ សូមកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ»៕