រាជរដ្ឋាភិបាលបានបង្កើត «គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ និងមានសមាជិកជារដ្ឋមន្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលខេត្តទាំងអស់ បូករួមទាំងកងកម្លាំងប្រដាប់អាវុធ និងនគរបាលជាតិ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ដែលត្រូវផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចែងថា គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅ«ផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សង់លំនៅឋាននិងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព»។
គណៈកម្មាធិការនេះមានភារកិច្ចកំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី កំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដីនេះ, ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច។
គណៈកម្មាធិការនេះក៏នឹងត្រូវពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងដីសម្បទាននេះ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិងតំបន់តភ្ជាប់។
ព្រះរាជក្រឹត្យដដែលចែងថា គណៈកម្មាធិការនេះមានភារកិច្ចៈ «ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេចឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដកហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់និងប្រើប្រាស់ដី»។
គណៈកម្មាធិការនេះនឹងពិនិត្យនិងសម្រេចគម្រោងថវិកាក្នុងការអនុវត្តកម្មវិធី និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីនេះ និងសហការជាមួយដៃគូពាក់ព័ន្ធដែលចង់ចូលរួមគាំទ្រដល់កម្មវិធីនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីកន្លងទៅថា រដ្ឋាភិបាលនឹងចែកដីដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាដក ជាពិសេសដីនៅតាមតំបន់ព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋក្លាយជារបងការពារទឺកដីដ៏រឹងមាំ។ លោកក៏ធ្លាប់បានឲ្យអាជ្ញាធរចាត់វិធានការលើទៅមេខ្យល់ដែលឲ្យពលរដ្ឋចុះឈ្មោះដើម្បីទទួលបានដីសង្គមកិច្ច ដែលលោកចាត់ទុកទង្វើបែបនេះថាជាការឆបោក។
លោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានថ្លែងថា កន្លងទៅ ការផ្ដល់ដីសង្គមកិច្ចដល់ប្រជាពលរដ្ឋដែលអត់ដីបានជួបបញ្ហាមួយចំនួន ដូចជា ដីដែលពលរដ្ឋទទួលបានត្រូវបានអ្នកផ្សេងរំលោភយក ឬពេលខ្លះត្រូវបានលក់ពីម្នាក់ទៅម្នាក់។
ពេលខ្លះការធ្វើប្លង់កម្មសិទ្ធិមានការយឺតយ៉ាវ ហើយអ្នកកាន់កាប់មិនបានប្លង់តែម្ដង ហើយពេលខ្លះអ្នកមិនសមនឹងទទួលបានដីបែរជាបានដីទៅវិញ។លោកថា ការពិនិត្យតាមដានឲ្យបានដិតដល់គឺជារឿងសំខាន់ ហើយរឿងចាំបាច់មួយទៀតនោះគឺការចូលរួមពីភាគីទី៣ ដែលជាសង្គមស៊ីវិល។
លោកថ្លែងដូច្នេះថា៖ «ដើម្បីឲ្យការគ្រប់គ្រង និងប្រើប្រាស់ដីសង្គមកិច្ចមានប្រសិទ្ធភាព ត្រូវមានការចូលរួមពីសង្គមស៊ីវិលដើម្បីជួយរដ្ឋាភិបាលក្នុងការតាមដានដើម្បីឲ្យការអនុវត្តនេះមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព។ បើមិនអីចឹងទេ នឹងនៅតែមានបញ្ហាដដែល។ បើការអនុវត្តនៅតែតាមខ្សែបណ្ដោយរបស់រដ្ឋ ពេលខ្លះមិនសូវមានប្រសិទ្ធភាព ដោយសារគ្មានអ្នកណាផ្សេងមកពិនិត្យមើល និងគ្មានតុល្យភាព»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការផ្ដល់ដីសម្បទានសង្គមកិច្ចត្រូវតែធ្វើឡើងដោយភាពម៉ឺងម៉ាត់ ចៀសវាងការផ្ដល់ដីនេះប្រែក្លាយជាការលក់ដី ឬការកាប់ព្រៃឈើបន្ថែមដើម្បីផ្ដល់ដីសម្បទានសង្គមកិច្ច។
លោកថា កន្លងទៅព្រៃឈើនៅកន្លែងខ្លះត្រូវបានកាប់ក្នុងរូបភាពយកដី។លោកសង្ឃឹមថា គណៈកម្មាធិការនេះនឹងគ្រប់គ្រងការបែងចែកដីនេះប្រកបដោយសមធម៌ និងគ្មានលម្អៀង តាមរយៈការពិនិត្យតាមដានថាតើអ្នកដែលបានដីពិតជាក្រមែន ហើយដីនោះប្រើប្រាស់ត្រឹមត្រូវអត់។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ លើកឡើងថា កន្លងទៅការទន្ទ្រានដីព្រៃទ្រង់ទ្រាយធំភាគច្រើនដោយមនុស្សមានអំណាច ឬ មានលុយ ចំណែកការទន្ទ្រានដោយប្រជាពលរដ្ឋគឺដើម្បីតែធ្វើចម្ការខ្នាតតូចប៉ុណ្ណោះ។ លោកថា ការទន្ទ្រាដោយអ្នកមានឥទ្ធិពលអាចតាមរយៈការប្រើប្រាស់ប្រជាពលរដ្ឋ ហើយកន្លែងខ្លះគឺអាជ្ញាធរខ្លះជាប់ពាក់ព័ន្ធ។
លោកថា កន្លងទៅការផ្ដល់ដីសម្បទានសង្គមកិច្ចក៏មានបញ្ហាខ្លះដែរ ព្រោះដីខ្លះប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ដីសម្បទានសង្គមកិច្ចត្រូវការរយៈពេល ៥ ឆ្នាំដើម្បីបានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែពេលខ្លះពលរដ្ឋសម្រេចលក់ដីនោះចេញដោយសារតែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដែលលោកចាត់ទុកថាជាកត្តាសំខាន់ដើម្បីឲ្យការផ្ដល់ដីនេះមានប្រសិទ្ធភាព និងចិរភាព៕