ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ខែវិច្ឆិកានេះ នៅក្នុងក្រុងសៀមរាបដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សនិងកែទម្រង់ប្រព័ន្ធស្បៀងអាហារឱ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំកំពូល ដែលធ្វើឡើងដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង នឹងត្រូវរៀបចំក្រោមក្របខណ្ឌនៃសម្ព័ន្ធ ប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល។
វាជា ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីបណ្តាប្រតិបត្តិករនៃកម្មវិធីផ្តល់អាហារនៅសាលារៀននៅក្នុង តំបន់ ក្នុងការជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ នាថ្ងៃ ១២ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសសរសេរថា៖«កិច្ចប្រជុំនេះ មានគោលបំណងធានាឱ្យបានកាន់ច្បាស់លាស់ថា កុមារនៅ បណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍និងតំបន់ផ្សេងៗទៀត នឹងទទួលបានអាហារនៅសាលារៀនប្រកប ដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពប្រសើរ នៅត្រឹមបំណាច់ឆ្នាំ ២០៣០»។
នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាបានកំពុងតែអនុវត្ត កម្មវិធីផ្តល់អាហារនៅសាលារៀន ដោយប្រើកសិផលសហគមន៍ ដែលមានវិសាលភាពលើសាលាបឋម សិក្សាគោលដៅ ប្រមាណ ២ ភាគ ៣។
កម្ពុជាប្តេជ្ញាចិត្ត ក្នុងការសម្រេចបាន នូវការគ្របដណ្តប់ផ្នែក ថវិកាអនុវត្តកម្មវិធីឱ្យបានដល់សាលាបឋមសិក្សាចំនួន ១១១៤ និងផ្តល់អាហារជូនដល់កុមារឱ្យបាន ៣០ម៉ឺននាក់ នៅត្រឹមឆ្នាំ ២០២៨។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ។
ក្រុមប្រឹក្សាជាតិគាំពាសង្គមបានឱ្យដឹងថា សាលារៀនគោលដៅទាំង ១១១៤ ក្នុងតំបន់ ដែលជីវភាពពលរដ្ឋនៅមានកម្រិតនោះ គឺស្ថិត ក្នុងខេត្តចំនួន ១០ រួមមានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ។
កម្មវិធី ដែលអនុវត្តរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកនេះ បានរួមចំណែកដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារពេលព្រឹកដល់កុមារ ដែលជាសិស្ស។
ក្រសួងអប់រំក៏បានរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ ២០២៤-២០៣៥ ដែលជាឯកសារកម្រិតគោលនយោបាយដើម្បីសម្រេចបានចក្ខុវិស័យ របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងការអប់រំកុមារ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
សេចក្តីប្រកាសរួមក៏បានលើកឡើងផងដែរថា លើសពីនេះទៀត រដ្ឋាភិបាលកម្ពុជាក៏ប្តេជ្ញាបង្កើនចំនួនអាហារូបករណ៍ដល់សិស្ស ដែលងាយរងគ្រោះ ពី២៥ម៉ឺននាក់ នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ឱ្យដល់ប្រហែលជា ៦៥ម៉ឺននាក់ នៅដើមឆ្នាំ ២០២៥ខាងមុខ។
ប្រការនេះ ជាការធានាបាននូវការគាំពារផ្នែកអាហារូបត្ថម្ភសមរម្យ និងបរិស្ថានស្បៀងអាហារសមប្រកប ដែលអាចរក្សាប្រសិទ្ធភាពនៃដំណើរការលទ្ធកម្ម និងការចែក ចាយស្បៀងអាហារ ការកសាងសមត្ថភាពស្ថាប័ន និងការធានានិរន្តរភាពនៃហិរញ្ញប្បទាន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានលើកឡើងក្នុងសេចក្តីប្រកាសថា កិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏ពិសេសមួយ ដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ អាចប្រមូលផ្តុំគ្នាផ្តោះប្តូរ បទពិសោធល្អៗ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការផ្តល់អាហារដែលប្រកបដោយអាហារូបត្ថម្ភដល់កុមារ ដែលជាការតម្កល់ភាពចាំបាច់ នៃកម្មវិធីផ្តល់អាហារនៅសាលារៀន ជាឧបករណ៍មួយនៃកម្មវិធីជាតិ គាំពារសង្គម។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«កិច្ចប្រជុំនេះ នឹងគូសបញ្ជាក់ពីបំណងប្រាថ្នានៃកម្ពុជា ចំពោះការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខមាលភាពនៃកុមារ»។
កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅដោយមានការចូលរួម ពីតំណាងនៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់ ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ ក៏ដូចជាតំណាងមកពីប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង។
កិច្ចប្រជុំនេះ ជាសក្ខីកម្ម នៃកាលានុវត្តភាពដ៏ចាំបាច់បំផុត ដែលស្ថាប័នពាក់ព័ន្ធទាំងអស់ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ នឹងត្រូវរួមសហការលើគោលនយោបាយ ដែលមានគោលដៅ លើកកម្ពស់សុខភាព ការអប់រំ និងសក្តានុពលនាថ្ងៃអនាគតសម្រាប់កុមារ តាមរយៈនិរន្តរភាពនៃកម្មវិធី ផ្តល់អាហារនៅសាលារៀន។
របៀបវារៈនៃកិច្ចប្រជុំកំពូលនេះនឹងរួមបញ្ចូលការពិភាក្សា លើការពង្រឹងគុណភាពនិងប្រសិទ្ធភាព ការកែលម្អក្របខណ្ឌគោលនយោបាយ ការធ្វើឱ្យប្រសើរឡើងនូវយន្តការហិរញ្ញប្បទាន និងការបំផុស កិច្ចសម្របសម្រួលអន្តរវិស័យ នៃការអនុវត្តកម្មវិធីផ្តល់អាហារ និងការគាំទ្រផ្នែកអាហារូបត្ថម្ភនៅសាលា រៀន៕