ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីសម្រេចគោលដៅទប់ស្កាត់ និងកាត់បន្ថយការបង្ហូរទឹកកខ្វក់ចូលក្នុង សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំងឲ្យបាន ៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានអន័តដោយគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រោយពេលក្រសួងសាធារណការបានរៀចំឡើងជាង១០ឆ្នាំមុន និងបន្តប្រជុំពិគ្រោះយោបល់ចំនួន១១៦លើក។ សេចក្តីព្រាងច្បាប់ដែលមាន ១៦ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី៣១ ខែតុលា។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភានៅថ្ងៃទី១៣ ខែវិច្ឆិការនេះ ថ្លែងថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពសាធារណៈនៅកម្ពុជា។
បញ្ហាទឹកស្អាត និងអនាម័យ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាបញ្ហាអទិភាព និងបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ តាំងពីរដ្ឋាភិបាលអាណត្តិមុនៗដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានទឹកស្អាតនិងអនាម័យ ដោយផ្ដោតសំខាន់លើប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ការកែច្នៃឡើងវិញ ការពង្រឹងយន្តការតាមដាន និងការកាត់បន្ថយការបំពុលទឹក ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋការពារធនធានធម្មជាតិនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទិសដៅ និងប្តេជ្ញាដាក់ចេញនូវវិធានការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬបានធ្វើប្រព្រឹត្តកម្មមិនទាន់បានត្រឹមត្រូវល្អ ហើយបង្ហូរចូលក្នុងតំបន់ទឹកសាធារណៈ ដូចជា សមុទ្រ ទន្លេ ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យបាន ៥០ភាគរយ នៅឆ្នាំ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងកាលពីខែសីហា ថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ស្រាប់ និងកំពុងសាងសង់ថ្មីជាច្រើននៅ ប៉ុន្តែ កម្ពុជាពុំទាន់មានលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់គ្រប់គ្រាន់នៅឡើយ ដែលជាហេតុធ្វើឲ្យច្បាប់ស្ដីពីប្រព័ន្ធទឹកខ្វក់ មានភាពចាំបាច់។
សេចក្ដីព្រាងច្បាប់នេះត្រូវបានក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តួចផ្តើមរៀបចំចាប់តាំងពីឆ្នាំ២០១៣ ដោយទទួលបានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ក្នុងឆ្នាំ២០០០។
កាលពីខែសីហាកន្លងទៅ ក្រសួងបរិស្ថានបានផាកពិន័យក្រុមហ៊ុនដូងប្រេងរបស់លោក ម៉ុង ឫទ្ធី ក្នុងទឹកប្រាក់ ១ម៉ឺនដុល្លារ (៤០លានរៀល) ដោយសារតែបានបញ្ចេញកាក់សំណល់រាវពីខ្សែច្រវាក់ផលិតកម្ម ចូលទៅក្នុងស្ទឹងព្រែកកំពង់សីលា ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្កការបំពុលទឹក និងត្រីងាប់។ ការផាកពិន័យនេះយោងទៅលើអនុក្រឹត្យលេខ ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក។
កាលពីខែសីហា ឆ្នាំ២០២៣ ក្រសួងបរិស្ថានក៏បានពិន័យក្រុមហ៊ុន Phoenix Industrial ក្នុងទឹកប្រាក់ជាង ៥០ ម៉ឺនដុល្លារបន្ទាប់ពីក្រុមហ៊ុននេះបានធ្វើឱ្យលេចធ្លាយទឹកខ្មៅកខ្វក់ដែលមានជាតិពុលចូលស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង។ ក្រសួងក៏បានម្រូវឱ្យក្រុមហ៊ុននេះប្តូរទីតាំងរោងចក្រចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច ១០ គីឡូម៉ែត្រផងដែរ៕