ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់ បិទច្រក​របៀង​ខុស​ច្បាប់​ទាំងអស់ និង​ពង្រឹង​ការ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បូរណភាព ទឹកដីនិង​អធិបតេយ្យជាតិ​នៅ​តាម​តំបន់​ព្រំដែន។

វិធានការ​នេះ​ត្រូវ​បាន​ធ្វើឡើង បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​សង្កេត​ឃើញ មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​បន្ត​កើត​មាន​ឡើង​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន។ ក្នុង​នោះ​រួមមាន ការ​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់ ​ការ​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អនាធិបតេយ្យ ការ​លួច​លាក់ បើក​ច្រក​របៀង​ខុស​ច្បាប់ លំហូរ​នៃ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ភេរវកម្ម​គ្រឿងញៀន​ជាដើម។ 

សកម្មភាព​ទាំង​នេះ​បាន​កំពុង​តែ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​វិស័យ​សន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ប្រភព​ចំណូល​ថវិកា​ជាតិ និង​របៀប​រៀបរយ​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន ដែល​តម្រូវ​ឱ្យ​មាន​វិធានការ កែ​លម្អ​ដើម្បី​ថែរក្សា​ការពារ​ឧត្តម​ប្រយោជន៍ជាតិ​និង​ប្រជាពលរដ្ឋ។

ដើម្បី​ពង្រឹង​របៀប​របប​ការងារ​និង​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​ដើម្បី​ពង្រឹង​ថែ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បូរណភាព ទឹកដី​និង​អធិបតេយ្យ​ជាតិ​នៅ​តំបន់​ព្រំដែន សម្តៅ​បង្ការ ទប់ស្កាត់​បាតុភាព​នានា កុំឱ្យ​រីក​រាលដាល​កាន់តែ​ស្មុគស្មាញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស សុខា តាម​រយៈលិខិតចុះថ្ងៃទី៣ ខែវិច្ឆិកា ដែល​ត្រូវ​ផ្សព្វផ្សាយ​នា​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា​នេះ បាន​ណែនាំ​ដល់​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំងអស់៖ «ត្រូវ​អនុវត្ត​វិធានការ​បិទ​ច្រក​របៀង​ខុសច្បាប់​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឱ្យ​ទំនិញ មនុស្ស និង​មធ្យោបាយ​ចេញ-ចូល​ឆ្លង​កាត់​តាម​ច្រក​របៀង​ខុសច្បាប់​ឡើយ»។

ក្នុង​ករណី​រក​ឃើញ​ថា មាន​សកម្មភាព​ចេញ-ចូល​ឆ្លង​កាត់​តាម​ច្រក​របៀង ខុសច្បាប់​ក្នុង​ភូមិសាស្ត្រ​ដែល​អង្គភាព​ណាមួយ​ឈរ​ជើង​ការពារ ប្រធាន​អង្គភាព​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ ករណីចាំបាច់ ត្រូវ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ និង វាយ​តម្លៃ​អំពី​សក្តានុពល​សង្គម-សេដ្ឋកិច្ច​របស់​ច្រក​ដែល​មាន​ស្រាប់ រួច​លើក​សំណើ​មក ក្រសួង​មហាផ្ទៃ ដើម្បី​មាន​មូលដ្ឋាន​សិក្សា វាយ​តម្លៃ និង​លើក​យោបល់​គោរព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​បង្កើត​ជា​ច្រកទ្វារ​ព្រំដែន​ផ្លូវការ។

បន្ថែមពីនោះ ក៏ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេស បទល្មើសគ្រឿងញៀនឆ្លងដែន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សន្តិសុខជាតិនិងសុវត្ថិភាពសង្គម។ 
ទន្ទឹមនេះ ត្រូវចាត់វិធានការទប់ស្កាត់ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យនៅក្នុងបរិវេណភូមិសាស្ត្រច្រកទ្វារព្រំដែនតាមគ្រប់រូបភាព ដែលបង្កការរាំងស្ទះដល់ការធ្វើដំណើរនិងការផ្លាស់ប្តូរទំនិញចេញ-ចូលឆ្លងកាត់ព្រំដែន។

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលឈរជើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក៏ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងចាត់វិធានការតាម ច្បាប់ ចំពោះជនបរទេសទាំងអស់ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ចូលមកក្នុង ភូមិសាស្ត្រស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាម ច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

លិខិតបានសរសេរថា៖«ពង្រឹងការគ្រប់គ្រងការចេញ-ចូល ការស្នាក់នៅ និងការធ្វើអាជីវកម្មរបស់ជនបរទេ​ស ខុសច្បាប់នៅតាមបណ្តោយព្រំដែន ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់ស្តីពី អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន»។

ក្រៅពីនោះ ក៏ត្រូវខិតខំប្រឹងប្រែងទប់ស្កាត់នូវរាល់សកម្មភាពឯកតោភាគីរបស់ប្រទេសជិតខាង នៅក្នុង តំបន់ដែលពុំទាន់មានការឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ ក្នុងនោះមានជាអាទិ៍ ការដាក់ប៉ុស្តិ៍យាម ការដោតទង់ជាតិ ការសាងសង់សំណង់រឹងមាំ ការធ្វើផ្លូវ ការដាំដើមឈើរយៈពេលវែង ការជីកស្រះជាដើម ដែលជាហេតុនាំឱ្យមានការប្រែប្រួលស្ថានភាព ដើមក្នុងតំបន់ពុំទាន់ឯកភាព ដោយអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃសារាចរណែនាំ លេខ១១ សរណន ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ករណីហាមឃាត់មិនឱ្យធ្វើអ្វី ដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថានតំបន់ព្រំដែន កម្ពុជា-វៀតណាម កម្ពុជា-ឡាវ និងកម្ពុជា-ថៃ។

ក្រសួងបានណែនាំថា នៅក្នុងករណីដែលមានការរំលោភបំពានលើខ្សែបន្ទាត់ព្រំដែនដែលបានខណ្ឌសីមានិង បោះបង្គោលព្រំដែនជាស្ថាពររួចហើយ ឬការធ្វើសកម្មភាពឯកតោភាគីណាមួយរបស់ប្រទេសជិតខាងដែលនាំឱ្យប៉ះពាល់ដល់ស្ថានភាពដើមនៃព្រំដែនពុំទាន់ឯកភាព អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចដែលឈរជើងការពារតំបន់នោះ ត្រូវ ធ្វើការទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃភាគីប្រទេសជិតខាងនោះ ដើម្បីហាមឃាត់នៅនឹងកន្លែង ដោយមិនអនុញ្ញាតឱ្យធ្វើសកម្មភាពរំលោភបំពានឡើយ។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា៖«រដ្ឋបាលខេត្តជាប់ព្រំដែនត្រូវធ្វើលិខិតជាបន្ទាន់មកក្រសួងមហាផ្ទៃ ក្រ​សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីជូនជ្រាប និងស្នើសុំយោបល់ដឹកនាំ និងមានវិធានការតវ៉ាតាមផ្លូវការទូត។ ទន្ទឹមនេះ ត្រូវបន្ត តាមដានឱ្យបានជាប់ជាប្រចាំនូវការវិវត្តនៃស្ថានការណ៍ព្រំដែន និងសកម្មភាពរបស់ ភាគីប្រទេសជិតខាង ដើម្បីធ្វើសេចក្តីរាយការណ៍ជូនក្រសួង-ស្ថាប័នខាងលើ»។

លើសពីនោះ បណ្តាកងកម្លាំងដែលឈរជើងការពារព្រំដែនជាមួយប្រទេសជិតខាងត្រូវធ្វើការល្បាត ឱ្យបានជាប់ជាប្រចាំនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ទាំងក្នុងតំបន់ដែល បានឯកភាព ក៏ដូចជាតំបន់ដែល​ពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោលព្រំដែន៕