
លោក សុខ ស៊ុនណារ៉េត (ឆ្វេង) ដែលជាឪពុករបស់សកម្មជនបក្សប្រឆាំង ស៊ន តារា (ស្ដាំ)។ រូបថត CNC
លោក សុខ ស៊ុនណារ៉េត ឪពុករបស់សកម្មជនបក្សប្រឆាំង ស៊ន តារា ត្រូវបានចោទប្រកាន់ និងឃុំខ្លួនពីបទ«រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា ៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក សុខ ស៊ុនណារ៉េត អាយុ ៦៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយសំណុំរឿងនេះបានមកដល់តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដើម្បីបន្តនីតិវិធីច្បាប់។
បើតាមតុលាការ លោក សុខ ស៊ុនណារ៉េត ត្រូវបានរកឃើញថាមានគ្រឿងញៀនចំនួនពីរកញ្ចប់ ជាប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួនមួយកញ្ចប់ទម្ងន់ ១៣,៧៨ក្រាម។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺថ្លែងថា៖ «បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
បន្ទាប់ពីមានការចាប់និងឃុំខ្លួននេះ លោក ស៊ន តារា ដែលជាសកម្មជនប្រឆាំងល្បីម្នាក់ និងអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសបានចេញប្រតិកម្ម និងស្នើឲ្យអាជ្ញាធរដោះលែង ដោយចាត់ទុកថា នេះជាការ «ខឹងគោ វាយរទេះ»។
បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបំភ្លឹថា កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
សេចក្ដីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកថ្លែងដូច្នេះថា៖ «ចំពោះករណីខាង លើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌ ជាក់ស្តែងដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។ បញ្ជាការដ្ឋានកងទ័ពជើងគោកនឹងបន្តតាមដានករណីខាងលើនេះដោយយកចិត្តទុកដាក់»៕