ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​​ជនជាតិ​វៀតណាម​ចំនួន ២៣ នាក់ ក្នុងនោះ​មាន​ស្ត្រី ៧ នាក់ ពីបទ​ស្នាក់នៅ និង​ធ្វើការ​​ខុសច្បាប់​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។​

​ការ​បណ្ដេញ​ចេញ​​នេះត្រូវបាន​​ធ្វើឡើង​កាលពីថ្ងៃទី ១៥ ខែ​វិច្ឆិកា នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឱ្យ​​ដឹងថា៖ «បុគ្គល​ចំនួន ២០​នាក់ (​ស្រី ៦​នាក់​) ត្រូវបាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឃាត់ខ្លួន ចំណែក​៣​នាក់​ទៀត (​ស្រី​ម្នាក់​) ត្រូវបាន​នគរបាល​ខេត្តសៀមរាប​ ឃាត់ខ្លួន​»។​

ជនជាតិ​វៀតណាម​ទាំងអស់​ត្រូវបាន​រក​ឃើញថា មាន​ទីលំនៅ និង​ធ្វើការ​ក្នុងប្រទេស​កម្ពុជា ដោយ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។​

យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យ​​ដឹងថា នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ជនជាតិ​វៀតណាម​ចំនួន ៣៣​នាក់ ត្រូវបានបណ្ដេញ​​ចេញពី​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចូលមកក្នុង​ប្រទេស​កម្ពុជា ដោយ​​ស្នាក់នៅ និង​ធ្វើការខុសច្បាប់​។​

ជនជាតិ​វៀតណាមទាំង ២៣ នាក់ត្រូវបាន​បណ្ដេញ​ចេញ​​កាលពីថ្ងៃទី ១៥ ខែ​វិច្ឆិកា នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ រូបថត GDI

​នៅ​ឆ្នាំ ២០២២​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បណ្ដេញ​​ជនបរទេស​ជាង ១០០​ នាក់​ដែលមាន​៥ សញ្ជាតិ​ផ្សេងៗ​គ្នា ដែល​ត្រូវបាន​កំណត់ថា​បានរស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​​ខុសច្បាប់ ដោយ​សារ​ពួកគេ​ខ្វះ​ទិដ្ឋាការ ឬ​ប័ណ្ណ​ការងារ​។​

ក្នុង​ឆ្នាំ​២០២១ កម្ពុជា​បានបណ្ដេញ​​ជនបរទេស​ចំនួន ៣៥៩៤​នាក់​ពី​៤៣​សញ្ជាតិ ដោយមាន​​ជនជាតិ​វៀតណាមផង​ដែរ​​៕