ភ្នំពេញៈ សំណល់ថ្មពិលជាង ៤,១ តោនត្រូវបានប្រមូលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដែលបានជួយកាត់បន្ថយផលប៉ះពាល់ ទាំងទៅលើបរិស្ថាន និងសុខភាពរបស់មនុស្ស ជាពិសេស បញ្ហាជំងឺតម្រងនោម ស្រ្តីមានផ្ទៃពោះ និងទារកនៅក្នុងផ្ទៃ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២១ រហូតដល់បច្ចុប្បនេះ ក្រសួងបរិស្ថានបានធ្វើការប្រមូលសំណល់ថ្មពិល ដោយសហការជាមួយក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា (Ecobatt-Energy Cambodia)។
ការប្រមូលនេះគឺធ្វើឡើងតាមរយៈការដាក់ពង្រាយធុងសំរាមប្រមាណជា ២០០ ធុង នៅតាមតំបន់សំខាន់ៗមួយចំនួន ជាពិសេស នៅតាមទីសាធារណៈ ស្ថាប័នរដ្ឋ សាលារៀន ផ្សារទំនើប បុរី ភោជនីយដ្ឋាន សណ្ឋាគារ និង ស្ថានីយ៍ប្រេងឥន្ធនៈ ជាដើម។
លោកមានប្រសាសន៍ថា៖ «បើយើងគិតពីចំនួនថ្មពិល ដែលយើងប្រមូលបានក្នុងរយៈពេល ៥ឆ្នាំនេះ មានរហូតដល់ទៅ ៤តោនជាង។ យើងកំពុងតែពិនិត្យទាញយកផលប្រយោជន៍ពីសំណល់ទាំងនោះ មុននឹងយកទៅដុតកម្ទេចចោលនៅតាមឡ ដែលមានស្តង់ដារ»។
ថ្មពិលមានច្រើនប្រភេទដូចជា ប្រភេទ អាកាល់លាញ់ (Alkaline) ដែលប្រើច្រើនជាងគេសម្រាប់ឧបករណ៍តូច និងតម្រូវការតិច។ ប្រភេទ លីចូមអ៊ីយ៉ុង (Lithium Ion) ដែលសម្រាប់ឧបករណ៍ដូចជា ទូរស័ព្ទចល័ត និងកុំព្យូទ័រ និងប្រភេទ នីកែលម៉ែតាលហៃដ្រី (Nickel Metal Hydride) ប្រើសម្រាប់ឧបករណ៍ដែលតម្រូវថាមពលខ្ពស់ដូចជា ម៉ាស៊ីថត ឧបករណ៍កីឡា ឬរថយន្តអគ្គិសនីជាដើម។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអេកូបាត។
ក្រុមហ៊ុនលើកឡើងថា៖«ថ្មពិលចាស់ ឬសំណល់ថាមពល ជាប្រភេទសំណល់មានផ្ទុកទៅដោយ សារធាតុគ្រោះថ្នាក់ មានកម្រិតពុលខ្លាំងដូចជា បារត (HG) នីកែល (Ni) និង សំណ (Na)ជាដើម។ ដូចនេះការទុកដាក់ ឬបោះចោលសំណល់ថ្មពិលមិនបានត្រឹមត្រូវ នឹងបង្កឱ្យមានការសាយភាយ សារធាតុគ្រោះថ្នាក់ចូលទៅក្នុងបរិស្ថាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស»។
ការបង្កផលប៉ះពាល់នោះ មានដូចជា វាបណ្តាលឱ្យខូចតម្រងនោម ធ្វើឱ្យថយចុះសារធាតុចិញ្ចឹមក្នុងឆ្អឹង និង បង្កឱ្យខូចប្រព័ន្ធប្រសាទ ខូចចលនា សាចដុំ បាត់ការចងចាំ។
ក្រុមហ៊ុនបញ្ជាក់ថា៖«វាបង្កឱ្យកើតជម្ងឺមហារីក ខូចប្រព័ន្ធស៊ាំ បំផ្លាញកោសិកា បង្កការរលូតគត៌ ធ្វើឱ្យទារកកើតមក មិនមានភាពប្រក្រតី និងបង្កវិរូបកាយទារក ដែលទើបកកើតក្នុងផ្ទៃ ឬទារកក្នុងផ្ទៃ»។
លោក ឆឺយ បូណា អ្នកគ្រប់គ្រងផ្នែកសំណល់ ថ្មពិល និងអេឡិចត្រូនិចរបស់ក្រុមហ៊ុន អេកូបាតបានឱ្យដឹងថាបន្ទាប់ពីប្រមូលរួចមក ក្រុមហ៊ុនបានយកកាកសំណល់ទាំងនោះទៅ បែងចែកតាមផ្នែក (Alkaline battery & Lithium Battery ) និងបានរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពនៅក្នុងឃ្លាំង។
លោកថ្លែងថា៖«បានជាក្រុមហ៊ុនបង្កើតឱ្យមានការប្រមូលកាកសំណល់ថ្មពិលនេះឡើងដើម្បីជួយការការពារដល់បរិស្ថាន សំណល់ថ្មពិលមានផលប៉ះពាល់ដល់សុខភាពមនុស្សទាំងមនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះជាដើម»។
លោក ខ្វៃ អាទិត្យា ក៏បានឱ្យដឹងផងដែរថា ក្រោយពីប្រមូល ថ្មពិលទាំងនោះក៏ត្រូវបានយកទៅកែច្នៃ ដើម្បីផលិតជារបស់ប្រើប្រាស់ឡើងវិញផងដែរ។ ក្រសួង និងក្រុមហ៊ុនក៏កំពុងតែធ្វើការសិក្សាទៅលើការដកយកជាតិពុលចេញពីថ្មពិល ហើយកំទេចដែលនៅសេសល់អាចយកទៅកែច្នៃធ្វើជាជីកសិកម្ម។
លោកបញ្ជាក់ថា៖«យើងឃើញថា នៅក្នុងថ្មពិលនេះ គឺមានកំទេច ដែលអាចទាញយកមកធ្វើជាជីកសិកម្មផងដែរ។ នៅក្នុងនោះគឺយើងដកជាតិពុលចេញ គឺយើង អាចមានផលិតភាព ដែលអាចធ្វើជីកសិកម្ម សម្រាប់ដាក់ដំណាំផ្សេងៗ។ អញ្ជឹងយើងកំពុងសិក្សាទៅលើការទាញយកការកែច្នៃ ថ្មពិលទៅធ្វើជាជីកសិកម្មនេះជាមួយនឹងក្រុមហ៊ុន»។
លោកបានបន្តថា ក្រៅពីសំណល់ថ្មពិល ក៏មានការប្រមូលសំណល់អាគុយ និងសំណល់បរិក្ខាអគ្គិសនី ផងដែរ។ សំណល់ទាំងនោះ ត្រូវបានយកទៅទុកដាក់ត្រឹមត្រូវដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេសសុវត្ថិភាពបរិស្ថាន នៅក្នងឃ្លាំងរបស់ក្រុមហ៊ុនអេកូបាត ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន។
ចំពោះសំណល់អាគុយ និងសំណល់បរិក្ខាអគ្គិសនីមួយចំនួន ក្រុមហ៊ុនជួសជុលសម្រាប់ប្រើប្រាស់ឡើងវិញ និងដោះបំបែកទាញយកធនធានសម្រាប់នាំចេញទៅក្រៅប្រទេសសម្រាប់កែច្នៃ។ ចំណែកសំណល់ថ្មពិលក្រុមហ៊ុនក៏នឹងធ្វើការនាំចេញទៅក្រៅប្រទេស ដើម្បីធ្វើប្រព្រឹត្តកម្ម ដោយអនុលោមទៅតាមលិខិតបទដ្ឋានគតិយុត្តជាតិជាធរមាន និងអនុសញ្ញាបាស៊ែលស្តីពីការត្រួតពិនិត្យការចរាចណ៍សំណល់គ្រោះថ្នាក់ឆ្លងដែន និងការបោះបងចោល ដែលកម្ពុជាភាគី។ ប៉ុន្តែ ក្រុមហ៊ុន មានបំណងបង្កើតរោងចក្រកែច្នៃសំណល់ទាំងនេះនៅក្នុងប្រទេស នាពេលអានាគត។
លោកអាទិត្យាបានអំពាវនាវដូច្នេះថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យពលរដ្ឋកុំបោះ សំណល់គ្រោះថ្នាក់ដូចជាថ្មពិល អាគុយ ជាមួយនឹងសំណល់សំរាម សំណល់ប្លាស្ទិក ត្រូវចេះញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដើម្បីធ្វើឱ្យកម្ពូជាយើងស្អាត ផ្ទះយើងស្អាត ភូមិយើងស្អាត ហើយនឹងប្រទេសយើងស្អាតនាថ្ងៃអនាគត»។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ដែល នៅទូទាំងប្រទេសមានសំរាម ជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ។
ក្នុងនោះរាជធានីភ្នំពេញបានបង្កើតសំរាមរហូតដល់ទៅ៥ពាន់តោនក្នុង១ថ្ងៃ។ សំណល់ត្រឹមតែ ៥០ទៅ៦០ភាគរយ ដែលត្រូវបានប្រមូល ហើយយកទៅចាក់ស្ទើរតែទាំងអស់នៅទីលានចាក់សំរាម។ នៅក្នុងនោះ ការកែច្នៃនៅមានកម្រិតនៅឡើយ ដែលមានប្រមាណជា ១០ទៅ ១៥ភាគរយប៉ុណ្ណោះ។ កត្តានេះធ្វើឱ្យបរិមាណសំរាមមានការកើនឡើង។ នៅក្នុងសំណល់ ១០០ភាគរយ ដែលបង្កើតរាល់ថ្ងៃនេះ គឺមានពី៦០ ទៅ៦៥ ភាគរយ ជាសំណល់សរីរាង្គ ២០ ភាគរយជាសំណល់ប្លាស្ទិក និងជាង១០ភាគរយជាសំណល់រឹង ដូចជាសំណល់គ្រឿងអេឡិចត្រូនិក ជាដើម៕