រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ចាត់​ទុក​ការ​ធ្វើ​ការ​ទូត​សេដ្ឋកិច្ច​ជា​កត្តា​ចម្បង​ ជាពិសេស​សម្រាប់​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​ ដែល​លោក​ព្យាករ​ថា​ជា​ឆ្នាំ​ដែល​ពិភពលោក​កាន់​តែ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំង​ជាង​មុន។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃ​រាជរដ្ឋាភិបាល​ថ្មី​ដែល​បាន​ដឹក​នាំ​ប្រទេស​ជិត ១៥​ខែ​ រៀប​ចំឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ច​ការ​បរទេស លើក​ឡើង​ថា ចាប់​តាំង​ពី​ពេល​ដែល​លោក​ ដូណាល់ ត្រាំ ជាប់​ឆ្នោត​ត្រឡប់​មក​ដឹកនាំ​សហរដ្ឋ​អាមេរិក​វិញ​ បញ្ហា​ប្រឈម​របស់​ពិភពលោក​ចាប់​ពី​ពេល​នេះ​ទៅ​គឺ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

លោក​ថ្លែង​ថា៖ «ឆ្នាំ​២០២៤​ ដែល​ជិត​ផុត​ទៅ​នេះ ជា​របត់​ប្រវត្តិសាស្ត្រ​មួយ​ព្រោះ​ឆ្នាំ​នេះ​ប្រទេស​ធំៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​រៀបចំ​ការ​បោះ​ឆ្នោត ដូចជា​នៅ​ឥណ្ឌា នៅ​អឺរ៉ុប រុស្ស៊ី និង​សហរដ្ឋ​អាមេរិក ហើយ​នៅ​អឺរ៉ុប​ក៏​មាន​និន្នាការ​បង្ហាញ​ថា ស្ដាំនិយម​ជ្រុល ឬ​ឆ្វេង​និយម​ជ្រុល​បាន​លេច​ឡើង ដែល​ក្រុម​និយម​ជ្រុល​នេះ​ជា​ក្រុម​ដែល​បែរ​ខ្នង​ដាក់​ពិភពលោក ហើយ​គាំពារ​តែ​ប្រយោជន៍​នៃ​ប្រទេស​របស់​គេ​នីមួយៗ»។

លោក​បន្ត​ថា៖ «តាម​ការ​វិភាគ​របស់​អ្នក​ជំនាញ​នានា នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ ពិភពលោក​អាច​រញ៉េរញ៉ៃ​លើស​ដើម។ ម្ល៉ោះ​ហើយ ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​តាន​តឹង មិន​អំណោយ​ផល​សោះ​ឡើយ​ដល់​សេដ្ឋកិច្ច​សកល។ ដូច្នេះ​ហើយ សេដ្ឋកិច្ច​ពិភពលោក​នឹង​បន្ត​ដុនដាប​ទៅ​មុខ​ទៀត និង​អាច​មាន​ភាព​វឹកវរ​ក្នុង​សង្គម​មួយ​ចំនួន»។

សម្រាប់​កម្ពុជា ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​នេះ ចាំបាច់​ត្រូវ​ធ្វើ​ការទូត​សេដ្ឋកិច្ច គឺ​ការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិយោគ​ និង ទេសចរណ៍​នៅ​កម្ពុជា។ លោក​ថា ការទូត​សេដ្ឋកិច្ច​នេះ​ហើយ​ដែល​នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេច​ចក្ខុវិស័យ​របស់​ខ្លួន​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០២៣ និង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ​២០៥០។

លោក​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត មិន​ដែល​ភ្លេច​ទេ​ការ​លើក​ឡើង​ពី​បរិយាកាស​អំណោយ​ផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​កត្តា​សន្តិសុខ សុវត្ថិភាព និង​សន្តិភាព ជា​ពិសេស​ ស្ថិរភាព​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​អំណោយ​ផល ដែល​ជា​កត្តា​ចម្បង។

នៅ​ក្នុង​ការ​ទូត​សេដ្ឋកិច្ច​នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រើ​ប្រាស់​គ្រប់​បណ្ដាញ​សង្គម​ដើម្បី​លើក​មុខ​មាត់​កម្ពុជា ជាពិសេស​គោលដៅ​ទេសចរណ៍ ដែល​កម្ពុជា​ព្យាយាម​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​កម្រិត​មុន​កូវីដ១៩ ប្រមាណ​ជាង ៦,៦​លាន​នាក់។

លោក​ថា៖ «ម្នាក់ៗ​មាន​សិទ្ធិ មាន​កាតព្វកិច្ច​ប្រើប្រាស់​ហ្វេសប៊ុក ទិកតុក អ៊ិនស្តាក្រាម គ្រប់​បណ្ដាញ​សង្គម​ទាំង​អស់​ដើម្បី​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​ផ្សព្វផ្សាយ​មុខ​មាត់​ដ៏​ស្រស់បស់​របស់​ប្រទេស​កម្ពុជា»។

លោក ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដាច់​ខាត​ត្រូវ​​តែ​ការពារ​សន្តិភាព ហើយ​ទិសដៅ​នេះ​មិន​អាច​មាន​អ្នក​ណា​មក​រារាំង​បាន​ឡើយ៕