ភ្នំពេញ៖ ព្រះ​រាជពិធីបុណ្យ​អុំទូក​រយៈ​ពេល​៣​ថ្ងៃបាន​បញ្ចប់​ទៅ​ ដោយ​បន្សល់​នូវ​ឧប្បត្ដិហេតុ​បញ្ហា​សន្ដិសុខ សណ្ដាប់​ធ្នាប់​មួយ​ចំនួន​ ដូចជា ការ​វាយ​តប់​ ចោរកម្ម វង្វេង​សាច់​ញាតិ​ ដោយ​អំឡុង​ពិធី​បុណ្យ​ជាតិ​នេះ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិជាង ៧.៨​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ 

យោង​តាម​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឱ្យ​ដឹងថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំ​២០២៤​នេះ មាន​អំពើហិង្សា​ដោយ​ចេតនា​មួយ​​លើក បង្កដោយ​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​កូរ៉េ ២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ ខណ្ឌដូនពេញ​ដើម្បី​បន្ត​នីតិវិធី​។

ដោយ​អះអាង​​ពីការ​បិទបញ្ចប់​ដោយ​​ជោគជ័យ​ដែល​មិន​មាន​ករណី​ធ្ងន់ធ្ងរ​កើតឡើង ​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានបន្ដថា​៖ «​​កម្លាំង​ការពារ​គោលដៅ បាន​រកឃើញ​ករណី​វង្វេង​សាច់ញាតិ​ចំនួន ១៧៦​នាក់ (​ជនជាតិ​ឥណ្ឌា​ម្នាក់ មនុស្ស​ចាស់​៦​នាក់ និង​កុមា ១៦៩​នាក់​) ដោយបាន​ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​រកឃើញ និង​ប្រគល់ជូន​សាច់ញាតិ​វិញ​ដោយ​សុវត្ថិភាព​»។ 

នៅ​រង្វល់​មូល​នាង​មច្ឆា មាន​ករណី​លួច​ម៉ូតូ​មួយ​លើ ដែល​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ និង​ស៊ើប​អង្កេត​ និង​លួច​ទូរស័ព្ទ ៣​ករណី​។ 

ជាមួយវត្ដមាន​ភ្ញៀវ​ចូលរួម​ព្រះ​រាជពិធី​បុណ្យ​អុំទូក​នេះ របាយ​ការណ៍​ក្រសួង​ទេសចរណ៍ បាន​បង្ហាញថា ​ថ្ងៃទី​១៤​ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​សរុបជាង ៧.៨​លាននាក់​ ដោយ​រាជធានី​ភ្នំពេញ​ស្រូប​បាន​ជាង ៦.២​លាន​នាក់​។ 

លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និយាយទៅកាន់ភ្ញៀវទេសចរអន្ដរជាតិអំឡុងពេលប្រារឰព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ រូបថត ក្រសួងទេសចរណ៍

របាយ​ការណ៍​បាន​បន្ដថា​៖ «​ក្នុងចំណោម​ភ្ញៀវទេសចរ​សរុបជា​​៧.៨​លាន​នាក់​ មាន​ទេសចរ​ជាតិ​​ចំនួន ៧.៧លាន​នាក់ កើនឡើង ២១,៤ភាគរយ​បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣ ហើយ​ភ្ញៀវ​​ទេសចរ​បរទេស​មាន​ចំនួន ៨៩២៩៦​នាក់ កើនឡើង ២៨.៧ភាគរយ»​។​

រាជធានីភ្នំពេញ​មានភ្ញៀវ​ទេសចរ​ជាតិ​ជាង​ ៦.២លាន​នាក់ និង​ភ្ញៀវ​អន្ដរជាតិ​ ៥២៤៩៨​នាក់។ ខេត្តសៀមរាប ទទួលភ្ញៀវ​ទេសចរ​ជាតិជាង ៣៣​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្ដរជាតិ​ចំនួន ១៣២២៩​នាក់។ ខេត្ត​ព្រះសីហនុ ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ជាង ៣០​ម៉ឺន​នាក់ និង​អន្ដរជាតិជាង ៨​ម៉ឺន​នាក់​។ 

ភ្ញៀវ​ទេសចរ​ជាតិជាង ១៨​ម៉ឺននាក់ និង​អន្ដរជាតិ​ជាង ៧​ពាន់​នាក់​ទៅលេង​ខេត្ដ​ប៉ៃលិន ខណៈ​ខេត្ដ​កំពត​ទទួល​ភ្ញៀវ​ជាតិជាង ១៣​ម៉ឺន​នាក់ និង​អន្ដរជាតិ​ជាង ២​ពាន់​នាក់៕