រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញពីសារៈសំខាន់នៃកម្មវិធីផ្តល់អាហារនៅតាមសាលារៀន ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ «កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍» ជាលើកដំបូង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅខេត្តសៀមរាប។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំរបស់កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិន និងប្រទេសជប៉ុន។
កម្មវិធីផ្តល់អាហារនៅតាមសាលារៀន គឺជាកម្មវិធីដឹកនាំដោយរដ្ឋាភិបាលនានាដែលជាសមាជិករបស់សម្ព័ន្ធនេះ ដោយមានការគាំទ្រពីដៃគូនានា បូករួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងគោលបំណងកុមារទាំងអស់ទទួលបានអាហារដែលមានសុខភាពនិងអាហារូបត្ថម្ភនៅសាលារៀននៅឆ្នាំ២០៣០។
ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីតួនាទីយ៉ាងសំខាន់នៃកម្មវិធីផ្តល់អាហារនៅតាមសាលារៀន ដែលជួយកាត់បន្ថយភាពក្រីក្រ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន, លើកកម្ពស់សុខភាពសិស្ស និងសុខុមាលភាពកុមារ ព្រមទាំងការគាំទ្រប្រព័ន្ធសុវត្ថិភាពសង្គម ជាពិសេសសាលារៀនគោលដៅដែលស្ថិតនៅតំបន់ក្រីក្រ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខុមាលភាពនៃកុមារ តាមរយៈការអនុវត្តកម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ និងការអនុវត្តកម្មវិធីអាហារូបករណ៍ជាសាច់ប្រាក់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សា។
លោកបន្តថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤៩ ដែលបានបញ្ជូនការប្តេជ្ញាចិត្តថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ២០២២ ទៅកាន់សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀន។
លោកថ្លែងថា៖ «ការប្តេជ្ញាចិត្តទាំងនេះបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការបង្កើតគោលនយោបាយអាហារនៅសាលារៀន បង្កើនមូលនិធិអាហារសាលារៀន កែលម្អកម្មវិធី និងអនុវត្តកញ្ចប់នៃអន្តរាគមន៍បំពេញបន្ថែម បង្កើតក្របខ័ណ្ឌត្រួតពិនិត្យ ដើម្បីវាស់វែងការអនុវត្តកម្មវិធី និងបង្កើតបណ្តាញសហគមន៍នៃឧត្តមានុវត្តន៍»។
យោងតាមក្រសួងអប់រំ កម្មវិធីផ្ដល់អាហារតាមសាលារៀន កំពុងអនុវត្តនៅតាមសាលាបឋមសិក្សាប្រមាណ២ភាគ៣ នៅក្នុងបណ្ដាខេត្តចំនួន ១០ ដោយសាលាមួយចំនួនប្រើប្រាស់ថវិកាជាតិ និងសាលាមួយចំនួនទៀតទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ កម្ពុជាក៏បានដាក់ចេញ គោលនយោបាយស្ដីពី «ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥»។
សម្រាប់កិច្ចប្រជុំកំពូល «សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍» រៀបចំឡើងដើម្បីពន្លឿនការប្ដេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពនៃកម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពល្អប្រសើរ នៅត្រឹមបំណាច់ឆ្នាំ២០៣០។
យោងតាមអង្គការសហប្រជាជាតិប្រចាំកម្ពុជា កម្ពុជាប្ដេជ្ញាផ្ដល់អាហារនៅតាមសាលារៀនគោលដៅ ១១១៤ សាលាដែលមានសិស្សជាង ៣០ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៨។ រដ្ឋាភិបាលកម្ពុជាក៏ប្ដេជ្ញាពង្រីកចំនួនសិស្សទទួលបានអាហារូបករណ៍ពីចំនួន ២៥ម៉ឺននាក់នៅឆ្នាំ២០២៣-២០២៤ ទៅដល់ ៦៥ម៉ឺននាក់នៅឆ្នាំ២០២៥៕