ក្រសួងទេសចរណ៍កំពុងបន្តសម្របសម្រួលរកដំណោះស្រាយសម្រាប់ជនរងគ្រោះជាង ៨០ គ្រួសារដែលបាត់បង់ប្រាក់រាប់ម៉ឺនដុល្លារទៅលើក្រុមហ៊ុនទេសចរណ៍ សកុណា ត្រាវែល ពាក់ព័ន្ធនឹងការទិញសំបុត្រយន្តហោះដែលគ្មានសុពលភាពសម្រាប់ដំណើរកម្សាន្តទៅក្រៅប្រទេស។
ការសម្របសម្រួលចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមេធាវីតំណាងឲ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក និងតំណាងអតិថិជនដែលជាជនរងគ្រោះ ចំនួន៨២គ្រួសារ។
ក្រសួងទេសចរណ៍បានជូនដំណឹងស្ដីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយសារភ្នាក់ងារទេសចរណ៍នេះ «បានខកខានបំពេញកាតព្វកិច្ចជូនអតិថិជនតាមកិច្ចសន្យា និងបានប្រព្រឹត្តខុសនឹងបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យទេសចរណ៍»។
ជនរងគ្រោះជាច្រើនបានបង្ហោះពីករណីរបស់ពួកគេនៅលើបណ្ដាញសង្គមថា ពួកគេបានទិញកញ្ចប់ទេសចរណ៍សម្រាប់ដំណើរកម្សាន្តទៅក្រៅប្រទេស ប៉ុន្តែ ដល់ថ្ងៃកំណត់ហោះហើរ សំបុត្រទាំងនោះមិនមានសុពលភាព។
បើតាមអាខោនហ្វេសប៊ុកជនរងគ្រោះឈ្មោះ Sokhim Chhum ក្រុមហ៊ុនបានយកប្រាក់ពីជនរងគ្រោះ ៧២គ្រួសារ មានសមាជិកគ្រួសារ ៣៤៤នាក់ ដែលមានទឹកប្រាក់សរុប ២៣ ៨៧១២ដុល្លារ។
ចំណែកអាខោនហ្វេសប៊ុកមួយទៀតឈ្មោះថា Pich Amily បានសរសេរថា ជនរងគ្រោះម្នាក់ៗបាត់បង់ប្រាក់ខ្ទង់ពាក់ដុល្លារ ដោយបានទិញកញ្ចប់ទេសចរណ៍និងសំបុត្រយន្តហោះ តែមិនបានធ្វើដំណើរកម្សាន្ត ហើយក្រុមហ៊ុនមិនប្រគល់ប្រាក់ឲ្យវិញ។
សម្រាប់ករណីទាំងនេះ ក្រសួងទេសចរណ៍បញ្ជាក់ថា នឹងអនុវត្តទៅតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយន្តការឈ្នះ-ឈ្នះ ពោលគឺក្រសួងបានបង្កើតក្រុមការងារចំពោះកិច្ចមួយដែលមានសមាសភាពត្រីភាគី៖ តំណាងក្រសួងទេសចរណ៍ តំណាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងប្រជាពលរដ្ឋរងគ្រោះ។
ក្រសួងបន្តថា ក្រសួងនឹងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងសះជា ដាក់ជូនគូភាគីពិនិត្យ និងផ្តល់យោបល់ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងសះជា៕