ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ទទួល​ស្គាល់ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌីជីថល (Digital Government Products - DGPs) ដែល​អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) ចំនួន ៤ ដែល​មាន​មុខងារ​និង​អត្ថប្រយោជន៍​ជាច្រើន។

ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​ឌីជីថល (DGPs) ទាំង ៤ នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​អនុលោមភាព​បច្ចេកទេស និង​វិធាន​សន្តិសុខ​សាយ​ប័​រ​យ៉ាង​តឹងរ៉ឹង មុននឹង​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់​ជា​ថ្នាល ​និង​កម្មវិធី​ឌីជីថល​របស់​រាជរដ្ឋាភិបាល និង​ដាក់ឱ្យ​ប្រើប្រាស់។

យោងតាម​​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ឱ្យ​ដឹង​ថា៖ «(ក.ប.ទ.) ក៏​បាន​ចាត់​ក្រុម​ការងារ​បច្ចេក​ទេស​តាម​ដាន ត្រួត​ពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ខ្ពស់ ព្រមទាំង​អាច​ចៀសវាង​បាន​ពី​ការវាយប្រហារ​សន្តិសុខ​សាយ​ប័​រណា​មួយ​កើតឡើង​ជាយថាហេតុ»​។​

GO.GOV.KH ជា​ថ្នាល​ផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ​សម្រាប់​ក្រសួង ស្ថាប័ន​អាច​ប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ឯកសារ​ជាសាធារណៈ ដែល​អាច​ទប់ស្កាត់​ព័ត៌មាន​ឬ​ឯកសារ​ក្លែងក្លាយ ឬ​តំណ​ភ្ជាប់​ឆបោក (Phishing)​។​

FORM.GOV.KH ជា​ថ្នាល​បង្កើត​ទម្រង់​បែបបទ​អន​ឡាញ ដើម្បី​ប្រមូល​ព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និង​វាយតម្លៃ ការចុះឈ្មោះ​ចូលរួម​កម្មវិធី​នានា ឬ​ការប្រមូល​មតិ​កែលំអ​នានា ដែល​អាច​ប្រើប្រាស់​ជំនួស Google Form ឬ Microsoft Form ជាដើម​។

ក.ប.ទ. បាន​ឱ្យដឹងថា​៖ «​រាល់​ទិន្នន័យ​ទាំងអស់​ត្រូវបាន​រក្សាទុក​ដោយ​ធ្វើ​កូដ​នីយកម្ម (Encryption) តាម​រយៈ​​សោ​សម្ងាត់ (Secret Key) ដែលមាន​សុវត្ថិភាព​ខ្ពស់ ហើយ​មានតែ​អ្នក​ដែល​បង្កើត Form នីមួយៗ​តែប៉ុណ្ណោះ ដែលមាន​សោ​សម្ងាត់​នោះ ទោះបី​អ្នកបង្កើត​ថ្នាល​នេះ ឬ​អ្នកគ្រប់គ្រង​ថ្នាល​នេះ ក៏​មិនអាច​មើល​ទិន្នន័យ​ទាំងនោះ​បានដែរ»​។​

NOMSA.GOV.KH ជា​ថ្នាល​បញ្ជូន​សារ​ខ្លី​ជា​ព័ត៌មាន ឬ​ជាការ​ជូនដំណឹង​ផ្សេងៗ ដែល​អាច​ប្រើប្រាស់​ជំនួស SMS ឬ​កម្មវិធី Twilio ជាដើម ហើយ​មាន​ប្រភពដើម​ច្បាស់លាស់​។ 

ក.ប.ទ. បាន​ពន្យល់ថា ការផ្ញើ​សារ​ខ្លី​តាមរយៈ​ថ្នាល​នេះ អាចឱ្យ​សាធារណជន​កត់សម្គាល់​ដឹងថា សារ​ខ្លី​នេះ​ផ្ញើ​ចេញពី​ក្រសួង ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ​ពិតប្រាកដ ដោយ​គ្មាន​ការ​ក្លែងបន្លំ និង​មាន​ទំនុកចិត្ត​ខ្ពស់​។​

ភាព​វិសេស​មួយ​ទៀត​របស់ ក.ប.ទ. គឺ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅជា​សំឡេង​សារិកា “SARIKA”​  ​​ដែល​ដំណើរការ​នៅលើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram Bot) សម្រាប់​បំប្លែង​អត្ថបទ​ទៅជា​សំឡេង​ភាសា​ខ្មែរ​។

ក.ប.ទ. បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​អាច​ប្រើប្រាស់​ដើម្បី​ធ្វើ​មាតិកា ​និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​អាច​អាន​ឯកសារ​នានា​ជា​សំឡេង​ផងដែរ​»។​

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បាន​ឱ្យដឹងថា ក្រសួងបាន​អភិវឌ្ឍ​ថ្នាល ​និង​កម្មវិធី​រដ្ឋាភិបាល​ឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បី​ជំរុញ​ការចាប់យក​ឌីជីថល​ក្នុង​ការផ្តល់​សេវាសាធារណៈ​និង​ការបង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញឱ្យមាន​ការចូល​រួម​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ជាពិសេស អាច​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​មកលើ​សេវាសាធារណៈ​តាម​ប្រព័ន្ធ​ឌីជីថល។

ការ​អភិវឌ្ឍនន៍​​នេះត្រូវបាន​ធ្វើ​ឡើង​ស្របតាម​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ២០២១-២០៣៥ គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ​ដែល​បានកំណត់​យក «​បច្ចេកវិទ្យា​» ជាពិសេស «បច្ចេកវិទ្យា​ឌីជីថល​» ជា​អាទិភាព​គន្លឹះ​ទី​៥ សម្រាប់​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ការធ្វើ​បរិវត្ត​កម្ម​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​នៅ​កម្ពុជា​៕