ភ្នំពេញៈ ប្រទេសកម្ពុជាបានជំរុញឱ្យប្រទេសអភិវឌ្ឍន៍និងបណ្តាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនឱ្យបង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការចូលរួមថវិកាឱ្យបានលើសពី ១០០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ។
ការជំរុញនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ដែលតំណាងលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ចូលរួមថ្លែងការណ៍ក្នុងសន្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី១៩ ខែវិច្ឆិកានេះ។
លោករដ្ឋមន្រ្តី សុផល្លែត បានថ្លែងថា៖ «ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសម្រាប់ទាំងអស់គ្នា គឺត្រូវតែធានាបាននូវហិរញ្ញវត្ថុអាកាសធាតុដើម្បីអនុវត្តផែនការជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាគីដែលស្ថិតក្រោមប្រភេទ LDC និង SIDS ដោយសម្តៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួច រដ្ឋកំពុងអភិវឌ្ឍន៍និងប្រទេសដែនកោះតូចៗ»។
លោករដ្ឋមន្រ្តីបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
លោកបានលើកឡើងថា៖ «ទោះបីជាប្រទេសកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបក៏ដោយ ក៏កម្ពុជា បានប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីផលប៉ះពាល់ដោយសារអាកាសធាតុ ដូចជា ទឹកជំនន់ រលកកម្ដៅ ការរិចរិលដី និងភាពងាយរងគ្រោះកាន់តែខ្លាំងចំពោះផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ»។
លោក សុផល្លែត ក៏បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជា រួមទាំងការប្តេជ្ញាចិត្តនៅក្នុងឆ្នាំ២០២០ របស់ខ្លួនដែលបានធ្វើបច្ចុប្បន្នភាពការរួមចំណែកផែនការជាតិ (NDC) និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
បន្ថែមពីនោះ លោករដ្ឋមន្រ្តីក៏បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាដែលកំពុងបន្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទូទាំងប្រទេស។ យុទ្ធនាការនេះមានការចូលរួមពីប្រជាពលរដ្ឋជាង ៩,៧ លាននាក់ដែលជាចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជាសរុប។ ក្រៅពីនេះ ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការ «កម្ពុជាបៃតង» ដោយចាប់ផ្តើមជាមួយនឹង ការដាំដើមឈើជាងមួយលានដើមក្នុងឆ្នាំ ២០២៤ នេះនិងពង្រីកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការអនុម័តរបស់កម្ពុជានូវសៀវភៅណែនាំប្រតិបត្តិការមាត្រា៦ថ្មី ដើម្បីពង្រីកឱកាសទីផ្សារកាបូនក្នុងវិស័យចំនួន៦ គឺ ថាមពល ឧស្សាហកម្ម សារធាតុរំលាយ កសិកម្ម ព្រៃឈើ និងសំណល់ សំរាម។
សន្និសីទ COP29 នេះចាប់ផ្តើមកាលពីថ្ងៃទី១១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកានេះ។ សន្និសីទនេះបានប្រមូលផ្តុំមេដឹកនាំក្នុងពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមអាកាសធាតុ រួមទាំងការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ ១,៥ អង្សាសេ គាំទ្រសហគមន៍ដែលងាយរងគ្រោះក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ និងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០។
នាថ្ងៃដដែលនោះផងដែរ លោករដ្ឋមន្ត្រីក៏បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោក Benedict Augustine Vickers ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដីនិងព្រៃឈើរបស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា លោក Vickers បានជំរុញឱ្យកម្ពុជារៀបចំឯកសារនិងនិតិវិធីដើម្បីក្លាយជាស្ថាប័នមានសម្បទា (Accredited Entity) ក្នុងការទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ៕