សាលាដំបូងខេត្តកំពតបានបង្កកគណនីធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួន ១០៦ និងបង្កកដីជាង ២លានម៉ែត្រការ៉េ ពាក់ព័ន្ធនឹងករណីឆបោករបស់អតីតឧកញ៉ា ជា សារ៉ន ដែលជាម្ចាស់ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែលមានពលរដ្ឋរងគ្រោះជាង ៥ពាន់នាក់ ក្នុងទឹកប្រាក់ប្រមាណ ៤០លានដុល្លារ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែវិច្ឆិកានេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា រហូតមកទល់ពេលនេះ តុលាការបានសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ២០១២ ក្បាលដី ស្មើនឹងទំហំជាង ២,២៨លានម៉ែត្រការ៉េ ឬប្រមាណជាង ២២៨ហិតា មានទីតាំងស្ថិតនៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប ។
តុលាការកំពុងស្រាវជ្រាវស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុ របស់ជនត្រូវចោទដែលពាក់ព័ន្ធបន្តទៀតនិងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កក ដើម្បីជា មូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី
សាលាដំបូងក៏កំពុងពិនិត្យ ស្រាវជ្រាវនូវកម្ចី (បំណុល) របស់ជនរងគ្រោះ និង ដើមបណ្តឹងរដ្ឋប្បវេណី នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក។
អតីតឧកញ៉ា ជា សារ៉ន និងបក្សពួកចំនួន ៨នាក់ផ្សេងទៀតត្រូវបានឃុំខ្លួនកាលពីខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការឆបោកទៅលើការទិញអចលនទ្រព្យ ដែលជនរងគ្រោះបានខ្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុដើម្បីទិញដីឡូតិ៍របស់លោក និងការដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុននេះដើម្បីទទួលបានការប្រាក់ខ្ពស់។
អ្នកនាំពាក្យតុលាការខេត្តកំពតអះអាងដូច្នេះថា៖ «សាលាដំបូងខេត្តកំពត កំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និង បក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទឈ្មោះ ជា សារ៉ន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន»៕