ប្រព័ន្ធគាំពារសង្គមរបស់កម្ពុជាឥឡូវនេះបានគ្របដណ្តប់ប្រជាពលរដ្ឋជាង ៧ លាននាក់ ដែលកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០១៧។ បើយោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) បានឱ្យដឹងថា ចំនួននេះនឹងកើនឡើងដល់ ៩ លាននាក់នាពេលខាងមុខ។
ការលើកឡើងនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទជាតិស្តីពីសមិទ្ធផលគាំពារសង្គមកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលបង្ហាញពីសមិទ្ធិផលនៃ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥»។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន NSPC បានថ្លែងក្នុងសន្និសីទថា៖ «រដ្ឋាភិបាលបានចំណាយថវិកាជាង ១៧,៥ ពាន់ពាន់លានរៀល (ប្រហែល ៤,៣ ពាន់លានដុល្លារ) លើគំនិតផ្តួចផ្តើមការពារសង្គម ដែលបង្ហាញពីការកើនឡើងបីដងនៃមូលនិធិក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ»។
លោកបានបន្ដថា អ្នកទទួលផលម្នាក់ៗទទួលបានថវិកាជាមធ្យមចំនួន ៤,៧ លានរៀល (ប្រមាណ ១,១៨៥ ដុល្លារ) ក្រោមកម្មវិធីជំនួយសាច់ប្រាក់ក្នុងពេលមានវិបត្ដិកូវីដ ១៩ រយៈពេល ៤៦ ខែ។
រដ្ឋាភិបាលបានបែងចែកថវិកាសរុបចំនួន ៥,៤ ពាន់ពាន់លានរៀល (ប្រហែល ១,៣៦ ពាន់លានដុល្លារ) ដើម្បីជួយដល់គ្រួសារទទួលបានប័ណ្ណសមធម៌ជាង ៧០ម៉ឺន ដោយគ្រួសារនីមួយៗទទួលបានជាមធ្យម ១៩៤៩ដុល្លារ ស្មើនឹង ៤២ដុល្លារ ក្នុងមួយខែ ឬ ៥០៤ដុល្លារក្នុងមួយឆ្នាំ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តល់ដល់ប្រជាពលរដ្ឋក្នុងការកែលម្អជីវភាពរស់នៅ ដែលពួកគេងាយរងគ្រោះ និងជំរុញស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែង។
លោក ព័ន្ធមុនីរ័ត្ន បានថ្លែងថា៖ «ប្រព័ន្ធគាំពារសង្គមនឹងត្រូវអភិវឌ្ឍទៅជាប្រព័ន្ធគាំពារសង្គមគ្រប់ជ្រង់ជ្រោយ សមាហរណ មានភាពធន់ និងជាប្រព័ន្ធបែបស្វ័យប្រវត្ដិកម្មក្នុងការទ្រទ្រង់សុខុមាលភាព និងផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប»។
លោកបានបន្ដថា៖ «កិច្ចការពារនោះមានចាប់ពីអសន្ដិសុខប្រាក់ចំណូល ទប់ទល់នឹងហានិភ័យក្នុងវដ្ដនៃជីវិត ដែលពលរដ្ឋគោលដៅអាចជួបប្រទះ ចាប់តាំងពីថ្ងៃចាប់កំណើតក្នុងផ្ទៃរហូតដល់ចុងបញ្ចប់នៃជីវិត ក៏ដូចជាការត្រៀមគាំពារបន្ថែមដើម្បីឆ្លើបតបទៅនឹងវិបត្ដិគ្រោះអាសន្ន និងការប្រែប្រួលអាកាសធាតុ»។
ថ្វីដ្បិតតែពលរដ្ឋមានកាតព្វកិច្ចបង់វិភាគទានដើម្បីទទួលការគាំពារសង្គមយ៉ាងណាក៏ដោយ ក៏លោករដ្ឋមន្ដ្រីបានថ្លែងថា រាជរដ្ឋាភិបាលនឹងរ៉ាប់រងសម្រាប់ការគាំទ្រពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលមិនមានលទ្ធភាព ឬមានលទ្ធភាពតិចតួចបំផុត។
សមិទ្ធផលដ៏សំខាន់បំផុតមួយគឺការរួមបញ្ចូលកម្មវិធីជំនួយសង្គមជាតិផ្សេងៗ គឺកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានដាក់ឱ្យដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៤។
កម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលកំពុងជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង ដោយជួយដល់គ្រួសារក្រីក្រប្រមាណ ៦១០១៨៧គ្រួសារ តាមរយៈគំនិតផ្តួចផ្តើមគោលដៅ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បច្ចុប្បន្នមានអ្នក ទទួលផលសរុបចំនួនប្រមាណ ៣៧ ម៉ឺននាក់ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា មានសិស្សក្រីក្រ ទទួលផលសរុបចំនួនជាង ២៦ ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ និងត្រូវបានប៉ាន់ស្មានថា នឹងកើន ដល់ចំនួនប្រមាណ ៤៥ ម៉ឺននាក់ ក្នុងឆ្នាំ២០២៥។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនមានពីការភាព បច្ចុប្បន្ន មានអ្នកទទួលផលចំនួនជាង ២ ម៉ឺននាក់ ហើយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង) បច្ចុប្បន្ន មានអ្នកទទួលផលចំនួនប្រមាណ ៣ម៉ឺននាក់។
លោក ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា៖ «កម្មវិធីទាំងនេះធានាថា គ្មានគ្រួសារណាមួយត្រូវបានទុកចោលដោយមិនត្រូវបានយកចិត្ដទុកដាក់ឡើយ។ ពួកគេទទួលបានការគាំពារ ជាពិសេសអ្នកដែលត្រូវការជំនួយចាំបាច់ ដូចជាស្ត្រី កុមារ និងមនុស្សចាស់»។
លោកថា មន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ពិសេសអ្នកដែលប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណងាយរងគ្រោះ និងប័ណ្ណ (ប.ស.ស) ក្នុងការទទួលបានសេវាស្មើៗគ្នា ដើម្បីជៀសវាងការរិះគន់។
លើសពីនេះ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានសាលារៀនអនុវត្តសរុបចំនួន ១ ១១៤ សាលា និងសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្ដល់ដល់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ បានគ្របដណ្តប់កម្មករនិយោជិតចំនួន ១,៦៨ លាននាក់។
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសមាជិកសកម្មសរុបចំនួន ២,៥៣ លាននាក់ ដែល ក្នុងនោះ មានកម្មករនិយោជិត ១,៦៨ លាននាក់ បុគ្គលនៃវិស័យសាធារណៈ ៤៨ ម៉ឺននាក់ និងបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក (ប.ស.ស.) ជាង ៣៦ ម៉ឺននាក់។
របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ មានសមាជិកសកម្មចំនួន ១,៩៦ លាននាក់ ក្នុងនោះកម្មករនិយោជិតចំនួន ១,៦៨ លាននាក់ និងមន្ត្រីសាធារណៈចំនួន ២៨ ម៉ឺននាក់ ខណៈមូលនិធិសមធម៌សុខាភិបាល មានពលរដ្ឋចំនួនប្រមាណ ៤,៨ លាននាក់ ទទួលបានការថែទាំ សុខភាព ដោយរដ្ឋជាអ្នកបង់ថ្លៃជំនួស។
របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន បានគ្របដណ្តប់ និវត្តជនចំនួន ១២៩ ៩១៣ នាក់ ដោយរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន ៣៨៥ លានដុល្លារអាម៉េរិក សម្រាប់បើកប្រាក់សោធនជូនអតីតមន្ត្រី រាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងឆ្នាំ២០២៤ នេះ។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា៖ «ប្រព័ន្ធជំនួយសង្គមត្រូវបានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមត្រឹមតែ ២ ដល់ ៨ កម្មវិធី ដោយបង្កើនចំនួនប្រជាពលរដ្ឋពី ២លាននាក់ ក្នុងឆ្នាំ២០១៧ មកដល់ ៤,៨លាននាក់ក្នុងឆ្នាំ២០២៤ ពីទឹកប្រាក់ ៩៣ប៊ីលានរៀល (២៣,៤លានដុល្លារ) កើនដល់ ១១៣៩.៧ប៊ីលានរៀល (២៨៥លានដុល្លារ)»៕