ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​សាទរ​ចំពោះ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ថ្ម​អារ​របស់​កម្ពុជា​ថា ជា​សមិទ្ធផល​ធំ​ដំបូងក្រោយ​ពេល​លោកឡើង​កាន់​តំណែងជា​នាយករដ្ឋ​មន្ដ្រី​ជិត​មួយ​ខែ​ដំបូង​។​

ពិធីបិទ​សន្និបាត​បូក​សរុប​លទ្ធផលការងារ​​ឆ្នាំ​២០២៣-២០២៤​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​រ៉ែ និងថាមពល​ នៅ​សណ្ឋាគារ​ សូហ្វីតែល ភូកេតត្រា ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ការផ្លាស់ប្តូរ​ដ៏​គួរឱ្យកត់សម្គាល់​របស់​វិស័យនេះ​។​

លោក​បាន​ថ្លែងថា​៖ «វិស័យ​ថ្មអារ​នេះ គឺជាដំណោះស្រាយ​ទីមួយ​ក្នុង​អាណត្ដិ​កាន់​ជា​នាយករដ្ឋ​មន្ដ្រី ដែល​ទទួល​ផ្លែផ្កា។ សន្ទុះ​នៃ​ការរីកចម្រើន​វិស័យ​ថ្ម​អារ បាន​ប្រែ​ពី​ជិត​រលំ​ទៅជា​កំណើន​ក្នុង​មួយ​ឆ្នាំនេះ កើន​ដល់​៤​ដង ដោយ​កំណើន​នេះ គិតពី​ខែកញ្ញា ឆ្នាំ​២០២៣ ដល់​ខែកញ្ញា ឆ្នាំ​២០២៤​»​។

កាលពីលោក​ចូល​រួមពិព័រណ៍​នៅ​ណាន់នីង ​ខែកញ្ញា​ ឆ្នាំ​២០២៣ ដែល​មាន​ស្ដង់​បង្ហាញ​​ថ្មអារ​កម្ពុជា លោក​ត្រូវបាន​ជម្រាប​ប្រាប់ថា ​វិស័យថ្មអារ​នេះ​ជិត​ដួលរលំ​ហើយ ដោយ​រោងចក្រ​ជាច្រើន​បាន​និងកំពុង​តែ​បិទទ្វារ​​បន្ដ​បន្ទាប់​។

លោក​​បានចាត់ទុក​ភាពជោគជ័យ​នេះ​ថា​ជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​ដែល​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជារួម​។​លោក​នាយករដ្ឋមន្ដ្រី បាន​ថ្លែងថា​៖ «​​អ្វីដែល​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​លើ​រឿង​ថ្ម​អារ គឺ​ភាពជា​គំរូ​នៃ​ការដោះស្រាយ ហើយ​ខ្ញុំ​សង្ឃឹមថា ទៅ​ថ្ងៃមុខ​នឹង​អាច​ដោះស្រាយ​នៅលើ​វិស័យ​ផ្សេងទៀត​»​។​

លោក​បានលើកឡើង​ពី​កត្តា​សំខាន់ៗ​ចំនួន​បី​ដែល​ជំរុញ​ឱ្យ​ជោគជ័យ​នៃ​ការ​រស់​ឡើងវិញ​នៃ​វិស័យ​ថ្មអារ​​។ ទី​១ រដ្ឋាភិបាល​អនុវត្ត​យន្តការ​ច្បាស់លាស់ និង​រឹងមាំ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​ឯកជន​ជួបប្រទះ​ជាប្រចាំ​។​ ​

ទី​២ មន្ត្រី​ធានាថា ពួកគេ​ត្រូវអនុវត្ត​ដោយ​ភាពស្មោះត្រង់ កុំ​បង្កើត​បន្ទុក​ទៅលើ​វិស័យនេះ​។​ជា​ចុងក្រោយ វិស័យ​ឯកជន​បាន​សហការគ្នា​ដោយ​គោរព​តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ និង​រក្សាបាន​នូវ​សាមគ្គីភាព​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​។​

លោក​បាន​ថ្លែងថា​៖ «បើ​យើង​ដោះស្រាយ​តែ​អត្រា​គយ  តែបើ​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងៗ​បង្កើត​បន្ទុក ក៏​ធ្វើឱ្យ​វិស័យនេះ​មិន​ដួល​ក៏ត្រូវ​ដួល​ដែរ​។ ត្រូវ​កាត់​អា​ក្រៅ ដោះ​អា​ក្នុង​! ទាំងពីរ​នេះ ធ្វើឱ្យ​[​អស់​បញ្ហា​] អ៊ីចឹង ការចូលរួម​ដោយស្មោះ​ត្រង់​ពី​មន្ត្រី​របស់​យើង អនុវត្ត​ភារកិច្ច​បាន​ត្រឹមត្រូវ ជួយ​ដល់​វិស័យ​ឯកជនដោយ​មិនបង្កើត​បន្ទុក​ចំ​បាច់​បន្ថែមទៀត​ទៅលើ​វិស័យ​ថ្ម​អារ​នេះ​»។

ដោយ​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​នេះ លោក​បានបង្ហាញ​នូវ​មោទនភាព​ផ្ទាល់ខ្លួន​ចំពោះ​ការរីកចម្រើន​នៃ​វិស័យថ្ម​អារ​នេះ ហើយលោក​មាន​បំណង​​សរសេរ​សៀវភៅ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​​នៅពេល​​លោក​​ចូលនិវត្តន៍។

លោក កែវ រនតៈ រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និងថាមពល បាន​ឱ្យដឹងថា​ ការកាត់បន្ថយ​ការិយាធិបតេយ្យ​ដើម្បី​សម្រួល​ដល់​ការគាំទ្រ​វិស័យ​ឯកជន និង​ការផ្តល់សេវា​សាធារណៈ​ទូទៅ ក៏​បាន​​បាន​កាត់បន្ថយ​ភាពសាំញ៉ាំ និង​បង្កើត​ទីលាន​ប្រកួតប្រជែង​មួយ​ដែលមាន​លក្ខណៈ​ស្មើភាព​ដោយ​យក​ច្បាប់ និង​គោលការណ៍​ជា​គោល។

លោក​បាន​ថ្លែងថា​៖ «នេះ​​បាន​នាំឱ្យ​ចំណូល​មិនមែន​សារពើពន្ធ​វិស័យ​រ៉ែ​កំពុង​កើន​ដល់​ប្រមាណ​ជិត ៩០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០២៤ ដែល​ត្រូវជា​ប្រមាណ ១៧០ ភាគរយ​ធៀប​ឆ្នាំ​២០២៣ ឬ​ប្រមាណ ១៥០ភាគរយ​នៃ​ផែនការ​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០២៤»​។

លោក រតនៈ បានបញ្ជាក់ថា ការ​កែទម្រង់​វិស័យ​ថ្ម​អារ និង​ខ្សាច់​នាំចេញរបស់​លោក​នាយករដ្ឋមន្ដ្រី​ ជា​ចលករ​មួយ​ដ៏​សំខាន់​សម្រាប់​ជោគជ័យ​ខាងលើនេះផងដែរ​។​

ថ្មអារ សំដៅដល់ថ្មធម្មជាតិទាំងឡាយ ដែលកាត់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក ថ្មបន្ទះ ឬថ្ម សន្លឹក ឬថ្មដុំ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ផ្សេងៗ ជាដើម​ ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការ​តុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា។