ខណៈ​ដែល​បញ្ញា​សិប្បនិម្មិត AI ជ្រាប​ចូល​បន្តិចៗ​ទៅ​ក្នុង​កន្លែង​ការងារ និង​ជីវិត​ឯកជន​របស់​មនុស្ស​ដើម្បី​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ អ្នក​ជំនាញ​លើក​ឡើង​ពី​ផល​ប៉ះ​ពាល់​អវិជ្ជមាន ជា​ពិសេស​ក្រម​សីលធម៌​នៃ​អ្នក​ប្រើ​ប្រាស់ និង​សន្តិសុខ​ទិន្នន័យ។

ផលប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ AI ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​កិច្ច​សន្ទនា​ប្រជាធិបតេយ្យ​ស្តីពី​ប្រជាធិបតេយ្យ​ឌីជីថល និង​បញ្ញាសប្បនិមិត្ត ​សម្រាប់​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ និង​អភិបាល​កិច្ច​ល្អ​នៅ​កម្ពុជា រៀបចំ​ដោយ​វិទ្យសា្ថន​ប្រជាធិបតេយ្យ​កម្ពុជា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។

លោក Thomas White​ នាយក​ផ្នែក​ប្រជាធិបតេយ្យ និង​អភិបាល​កិច្ច​នៃ​ទីភ្នាក់​ងារ​ផ្ដល់​ជំនួយ​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ (USAID Cambodia) ​បាន​ថ្លែង​ថា កម្ពុជា​មាន​ឱកាស​ក្នុង​ការ​ការ​ចាប់​យក​បច្ចេកវិទ្យា​ដើម្បី​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល ដូចដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ​២០២២-២០៣៥។ ប៉ុន្តែ ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ក៏​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​ផង​ដែរ។

លោក​ថ្លែង​ថា៖ «យើង​នៅ​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ការ​រីក​ចម្រើន​នៃ​វេទិកា​ឌីជីថល និង​បច្ចេកវិទ្យា​ AI វា​មិន​មែន​នាំ​មក​នៅ​តែ​កំណើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​បញ្ហា​ប្រឈម​ដែល​តម្រូវ​ឲ្យ​មាន​​ការ​កាច់​ចង្កូត​ដោយ​ការ​យក​ចិត្ត​ទុកដាក់។ ឧបករណ៍​ឌីជីថល និង​ការ​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មាន​សក្ដានុពល​ធ្វើ​ឲ្យ​អភិបាលកិច្ច​​កាន់​តែ​មាន​ការ​ចូលរួម (បរិយាប័ន្ន) ជួយ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​ដំណើរ​ការ​នយោបាយ និង​លើក​កម្ពស់​តម្លាភាព ដែល​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​ការ​សម្រេច​ចិត្ត»។

លោក សេក សុជាតិ អ្នក​ស្រាវជ្រាវ​ឯករាជ្យ ដែល​ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​កម្មវិធី​នេះ​បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ដើម្បី​បញ្ចេញ​សំឡេង និង​តស៊ូ​មតិ​ទៅ​លើ​ទិដ្ឋភាព​នានា​ដែល​ពួក​គេ​យល់​ថា​មិន​ត្រឹម​ត្រូវ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ឡើង​វិញ​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ករណី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV-DTA ជា​ដើម ដែល​កម្ពុជា​បាន​ដក​ខ្លួន​ចេញ។

លោក​ក៏​លើក​ឡើង​ពី​ការ​ប្រើ​ប្រាស់​ AI លើស​ដែន​កំណត់​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ឬ ការ​ប្រើ​ប្រាស់​មិន​ប្រុង​ប្រយ័ត្ន ធ្វើ​ឲ្យ​បាត់​ឯកជន​ភាព​របស់​ខ្លួន។

លោក​ថា៖ «ប្រើ​វា​បាន​ល្អ វា​ជួយ​ដល់​សង្គម ជួយ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ប្រើ​ប្រាស់​មិន​បាន​ល្អ វា​ក្លាយ​ទៅ​ជា​គ្រោះ​ទៅ​តាម​ផ្លូវ​ច្បាប់»។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល (កណ្ដាល) និង​វាគ្មិន ក្នុង​កិច្ច​សន្ទនា​ កាល​ពី​ថ្ងៃ​ទិ២១ វច្ឆិកា។ CID

លោក​ សេក សុជាតិ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ទៅ​លើ​សន្តិសុខ​អ៊ីនធឺណិត ពីព្រោះ​វា​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ និង​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់។ ភាព​ទន់​ជ្រាយ​ផ្នែក​នេះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ ដូចជា​ការ​ចាប់​ជំរិត​តាម​អនឡាយ និង​ការ​ក្លែង​បន្លំ​នានា ដែល​ទាំង​អស់​នេះ​បង្ក​បញ្ហា​ប្រឈម​ដល់​សង្គម​ទាំង​មូល។

លោក Marc Pinol Rovira ប្រធាន​គ្រប់​គ្រង​ការ​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​អាស៊ី បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​កម្ពុជា​គឺ​ជា​អ្នក​គាំទ្រ​បច្ចេកវិទ្យា​ដ៏​សម្បើម​មួយ​ ដែល​នៅ​ឆ្នាំ​២០២៤​នេះ អត្រាប្រើ​ប្រាស់​អ៊ីនធឺណិត​មាន​​ប្រហែល ៦០​ភាគរយ។ កាល​ពី​១៥​ឆ្នាំ​មុន អត្រា​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្រោម ៥​ភាគរយ។ 

ប៉ុន្តែ លោក​ថា សំណួរ​សំខាន់​នោះ​គឺ​ថាតើ ការ​ប្រើប្រាស់​បាន​​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ឬ​អត់ ដែល​នេះជា​បញ្ហា​ប្រឈម និង​ជា​ការ​គំរាម​កំហែង។

លោក​ថា៖ «អ្នក​ខ្លះ​បាន​ដឹង​ខ្លួន​ឯង​ថា ពួក​គេ​ប្រើ​ប្រាស់​ AI ដើម្បី​រំលោភ​ច្បាប់ ដែល​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ទេ។ ប៉ុន្តែ ក៏​មាន​មនុស្ស​ដែល​ប្រើ​ប្រាស់ AI ដោយ​មិន​ដឹង​ខ្លួន​ហើយ​វា​បង្ក​បញ្ហា​ដល់​ពួក​គ ដូចជា​ការ​ប្រើ​ប្រាស់​ AI ដើម្បី​វិភាគ​ទិន្នន័យ ដែល​គេ​មិន​ដឹង​ថា តើ​ព័ត៌មាន​ដែល​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​នោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណា»។

លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល ដែល​មាន​វត្តមាន​ជា​វាគ្មិន​ បាន​ថ្លែង​ថា រដ្ឋាភិបាល​អាណត្តិ​ទី៧ នេះ​ចាត់​ទុក​បច្ចេកវិទ្យា និង​បញ្ញាសិប្បនិម្មិត​ជា​គោលដៅ​ងាទិភាព ដូច​មាន​ចែង​នៅ​ក្នុង​មុំ​ទី៥ យុទ្ធសាស្ត្រ​បញ្ចកោណ។ 

លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បច្ចេកវិត្យា​ប្រកប​ដោយ​ការ​ទំនួល​ខុស​ត្រូវ ជាពិសេស​ការ​ប្រើ​ប្រាស់​សិទ្ធិ​ឲ្យ​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់។

លោក​ថ្លែង​ថា៖ «មាន​ជន​មួយ​ចំនួន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ក្នុង​គោលដៅ​ទុច្ចរិត ដែល​ធ្វើ​ឲ្យ​ទីលាន​បច្ចេកវិទ្យា​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​ក្លែង​ក្លាយ ប្រឌិត​បំភ្លើស​បំភ្លៃ ការ​កាត់​ត​រូបភាព​មិន​ពិត​យក​មក​ផ្សព្វផ្សាយ និង​ការ​បោក​ប្រាស់​នៅ​លើ​ប្រព័ន្ធ​អនឡាញ ដែល​ជា​បញ្ហា​មួយ​ធំ​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន»។

លោក​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​​ក្រម​សីលធម៌ គោរព​គ្នា​ទៅវិញ​ទៅ​មក និង​មិន​ហួស​បន្ទាត់​ក្រហម​ផ្លូវ​ច្បាប់​ដែល​អាច​នាំ​ដល់​ការ​អនុវត្ត​វិធានការ​ច្បាប់។

វាគ្មិន​មក​ពី​អង្គការ​យូណេស្កូ ​អង្គការ​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ មូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ប្រចាំ​កម្ពុជា ​​អ្នក​ជំនាញ​សន្តិសុខ​ឌីជីថល សុទ្ធ​តែ​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​បញ្ហា​សិប្បនិម្មិត ដើម្បី​ពង្រឹក​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ដំណើរការ​ប្រជាធិប្បតេយ្យ។

ភាគច្រើន​នៃ​វាគ្មិន​បាន​លើក​ឡើង​ពី​ដែន​កំណត់​ និង​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ប្រើ​ប្រាស់​​ AI ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​បង្កើត​​កម្មវិធី​ AI នានា​ពាក់​ព័ន្ធ​នឹង​សុវត្ថិភាព​និង​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់ ​ក៏ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គោរព​សិទ្ធិ​អ្នក​ប្រើប្រាស់៕