កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ​ស្តី​ពី​ពិភព​លោក​គ្មាន​មីន ចាប់​ផ្ដើម​នៅ​​ថ្ងៃ​នេះ​នៅ​ខេត្តសៀមរាប ដើម្បី​ពិនិត្យ​មើល​ប្រតិបត្តិការ និង​ស្ថាន​ភាព​នៃ​ការ​អនុវត្ត​អនុសញ្ញា​អូតាវ៉ា និង​ ហើយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា​របស់​ប្រទេស​សមាជិក ​១៦៤ ដើម្បី​បញ្ចប់​គ្រាប់មីន​ដ៏​ឃោរឃៅ ​និង​មាន​ផល​វិបាក​រយៈ​ពេល​យូរ​អង្វែង។ កិច្ច​ប្រជុំ​កំពូល​នេះ​​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា។

កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ​ស្តី​ពី​ពិភព​លោក​គ្មានមីន ដែល​មាន​មាន​ឈ្មោះម្យ៉ាង​ទៀត​ថា សន្និសីទ​​លើក​ទី៥ (5RC) នៃ​អនុ​សញ្ញា​ស្ដី​ពី​ការ​ហាម​ប្រើ​ ការរក្សា ​ការ​ផលិត និង​ការ​ផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ និង​ការ​បំផ្លាញ​វា។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​ពិភពលោក​នេះ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៧០០ នាក់ ដែល​តំណាង​ឱ្យ​ប្រទេស​សមាជិក​និង​ដៃគូ​របស់​អនុសញ្ញា​អូតាវ៉ា​ ចំនួន​១៥០។

ក្នុង​ពិធី​បើក​សន្និសីទ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​បាន​នាំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ទី​វាល​សមរភូមិ​​នៅ​អំឡុង​សង្គ្រាម​ត្រជាក់ ដែល​បាន​ទុក​នូវ​គ្រាប់មីន និង​សំណល់​ពី​សង្គ្រាម (ERW) ចំនួន​យ៉ាង​ច្រើន។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បំផ្លាញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់​ និង​គ្រាប់​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រមាណ​ ៣លាន​គ្រាប់​ ហើយ​បាន​សម្អាត​ដី​ប្រមាណ ៣,០០០ គីឡូ​ម៉ែត្រការ៉េ។ រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១៤ ទៀត ត្រូវ​បាន​ប្រកាស​ថា មិន​មាន​គ្រាប់​មីន​ទៀត​ឡើយ។

លោក​បាន​ថ្លែង​ថា នៅ​ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ ចំនួន​ជន​រងគ្រោះ​ដោយ​គ្រាប់​មីន​បាន​ថយ​ចុះ​មិន​នៅ​ក្រោម​ ១០០នាក់ ក្នុង​មួយ​ឆ្នាំ​ បើ​ប្រៀប​ធៀប​នឹង​នឹង​ចំនួន​ជាង ៤,០០០ នាក់​នៅ​ឆ្នាំ ១៩៩៦។ ទោះបីជា​យ៉ាង​នេះ​ក្តី កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​ចំនួន ១,៦០០ គីឡូម៉ែត្រ​ការ៉េ​ទៀត ដែល​ត្រូវ​សម្អាត និង​ប៉ះ​ពាល់​ដល់​ប្រជាជន​ប្រមាណ​ ១លាន​នាក់។

លោក​ ហ៊ុន ម៉ាណែត បន្ត​ថា ឆ្លង​កាត់​បទ​ពិសោធន៍​របស់​ខ្លួន​ក្នុង​ករ​បោស​សម្អាត​មីន កម្ពុជា​បាន​ ចែក​រំលែក​បទពិសោធន៍ ​និង​ការអនុវត្ត​ល្អៗ​​ទៅ​ប្រទេស​ជាច្រើន ដូចជា អ៊ុយក្រែន អាហ្វហ្គានីស្ថាន អាមេនី អាស៊ែបៃហ្សង់ និង​ប្រទេស​សមាជិក​អាស៊ាន។

លោក​បាន​អំពាវនាវ​ឲ្យ​​សមាជិក​ទាំង​អស់ បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​អនុវត្ត​​អនុសញ្ញា​អូតាវ៉ា ដែល​ជា​ឯកសារ​សំខាន់​បំផុត​សម្រាប់​មនុស្សជាតិ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «កម្ពុជា ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​ចូល​រួម​ជាមួយ​យើង​ក្នុង​បេសកកម្ម​នេះ ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​មាន​សុវត្ថិភាព និង​សន្តិភាព ​មិនមែន​សម្រាប់​ជំនាន់​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​ជំនាន់​ក្រោយៗ​​ផង​ដែរ។ យើង​ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ស្វែង​រក និង​សម្អាត​គ្រាប់មីន ​ពង្រីក​ការ​អប់រំ និង​លើក​កម្ពស់​​ការ​យល់​ដឹង ​និង​ពង្រីក​ការ​គាំទ្រ​ជូន​ជនរងគ្រោះ​ជា​សកល»។

លោក លី ធុជ ប្រធាន​អនុសញ្ញា​អូតាវ៉ា  និង​ជា​អនុប្រធាន​ទី១ អាជ្ញាធរ​មីន បាន​ស្វាគមន៍​អ្នក​ចូលរួម និង​បាន​ថ្លែង​ថា កិច្ច​ប្រជុំ​កំពូល​នេះ​​បង្ហាញ​​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​បញ្ចប់​មរតក​ដ៏​ឃោរឃៅ​នៃ​គ្រាប់មីន។

លោក​ថ្លែង​ថា៖ «កិច្ចប្រជុំ​កំពូល​​នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​ជួប​ប្រជុំ​របស់​ប្រទេស​សមាជិក​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​​ ​ចំពោះសន្តិភាព ​សេចក្ដី​ថ្លៃថ្នូរ ​និង​សាមគ្គីភាព។ ​យើង​ទាំង​អស់​គ្នា​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ប្រវត្តិសាស្រ្ត ​ដែល​ការ​ចងចាំ​នៃ​ការ​ឈឺ​ចាប់​ពី​សង្គ្រាម​កំពុង​ត្រូវ​បាន​ជំនួស​ដោយ​អនាគត​ប្រកប​ដោយ​ក្ដី​សង្ឃឹម​ ការតស៊ូ ​និង​សន្តិភាព»។

អ្នកស្រី ​Armida Salsiah Alisjahbana, អនុលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រធាន​​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល ២៥ ឆ្នាំ មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង ៥៥លាន​ត្រូវ​បាន​បំផ្លាញ​នៅ​ជាង ​៦០ ប្រទេស។

អ្នកស្រី​ក៏​បាន​អាន​សារ​ពី​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ ​លោក ​António Guterres ដែល​បាន​សរសើរ​កម្ពុជា​សម្រាប់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មីន ​និង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​នេះ។

លោក​ Guterres ថ្លែង​ថា៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​​សមាជិក​បំពេញ​តាម​កាតព្វកិច្ច និង​ធានា​ឲ្យ​មាន​ការ​អនុលោម​តាម​អនុសញ្ញា ​ដោយ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​លើ​ផល​ប៉ះពាល់​មនុស្ស​ធម៌ និង​ការ​អភិវឌ្ឍ តាម​រយៈ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស។ ខ្ញុំ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ទាំង​អស់​ដែល​មិន​ទាន់​ចូល​រួម​អនុសញ្ញា​នេះ​ សូម​ចូល​រួម​ជា​មួយ​ប្រទេស​សមាជិក ១៦៤​ ដែល​បាន​ធ្វើ​ហើយ»។

លោក Guterres បានបន្ថែមថា៖ «កិច្ច​ប្រជុំ​កំពូល​នេះ​ និង​ផែនការ​សកម្មភាព​សៀមរាប ​គឺ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​សម្រេច​ចក្ខុវិស័យ​នេះ ​និង​ធានា​ឲ្យ​ប្រជាជន​ទាំង​អស់​អស់​រស់​នៅ​ដោយ​សុវត្ថិភាព កិត្យានុភាព និង​ក្ដី​សង្ឃឹម»៕