ក្រសួង​សុខាភិបាល​ក្រើន​រំឭក​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ពង្រឹង​ការ​គ្រប់​គ្រង​លើ​​សេវា​សុខាភិបាល​ឯកជន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ និង​ត្រូវ​លុប​បំបាត់​សេវា​សុខាភិបាល​ឯកជន​ខុស​ច្បាប់​ក្នុង​ដែន​ដី​របស់​ខ្លួន។

ការ​ក្រើន​រំឭក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​មួយ​នៅ​ខេត្ត​តាកែវ បាន​ចាក់​ថ្នាំ​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​មាន​ប្រតិកម្ម​រហូត​ដល់​ស្លាប់ និង​បាន​យក​សាកសព រួម​ជាមួយ​នឹង​ក្មួយ​ស្រី​អ្នក​ជំងឺ​ទៅ​បោះ​ចោល​នៅ​ក្នុង​ព្រៃ កាល​ពី​សប្ដាហ៍​មុន។

នៅ​ក្នុង​លិខិត​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី២៤ ខែវិច្ឆិកា​នេះ លោក ម៉ី សំបូរ រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល ​ប្រគល់​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី ​ខេត្ត តាំង​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ តាម​គោលការណ៍​វិមជ្ឈការ និង​វិសហមជ្ឈការ។

ក្រសួង​ម​ក្រើន​រំលឹក​ដល់ អភិបាល​រាជធានី ខេត្ត​ទាំង​អស់​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​មូលដ្ឋាន​សុខាភិបាល​ឯកជន​ទាំង​អស់​ឲ្យ​បាន​ទៀងទាត់ ​ដោយ​ពិនិត្យ​មើល​លិខិត​អនុញ្ញាត បើក​សេវា​ឯកជន​ អាជ្ញាប័ណ្ណ​គណៈ​វិជ្ជាជីវៈ ​សញ្ញាបត្រ​វិជ្ជាជីវៈ​របស់​បុគ្គលិក​បច្ចេកទេស ការ អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស និង​ឯកសារ​ប្រើ​ប្រាស់​សម្រាប់​អ្នកជំងឺ។

រាល់​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ឬ​ឱសថស្ថាន​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​តែ​បញ្ឈប់​ទាំង​អស់។ អាជ្ញាធរ​ក៏​ត្រូវ​ពិនិត្យ​គុណភាព​ឱសថ និង​ការ​ថែ​រក្សា​ទុក​ដាក់​ឱសថ​ដែល​មាន​បញ្ជីកា​ត្រឹម​ត្រូវ។

ក្រសួង​បញ្ជាក់​ថា៖ «អភិបាល​រាជធានី​ខេត្ត​ត្រូវ​ធ្វើ​របាយការណ៍​បច្ចុប្បន្នភាព​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​មូលដ្ឋាន​សុខាភិបាល​ឯកជន​មក​ក្រសួង​សុខាភិបាល​ឱ្យ​បាន​មុន​ថ្ងៃ​ទី៣០ ខែ​ធ្នូ​ ឆ្នាំ២០២៤ និង​របាយការណ៍​ទៀង​ទាត់​រៀង​រាល់​ត្រីមាស»។

ក្រសួង​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូលរួម​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​អំពី​មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែល​មិន​ប្រក្រតី សង្ស័យ​ថា​គ្មាន​ច្បាប់​អនុញ្ញាត និង​បញ្ជ្រាប​ព័ត៌មាន អំពី​ហានិភ័យ និង​អសុវត្ថិភាព​នៃ​ការ​ផ្តល់​និង​ទទួល​សេវា​ព្យាបាល​ពី​មូលដ្ឋាន​សុខា​ភិបាល​ឯកជន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​វិជ្ជាជីវៈ។

លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​កាលពី​ខែ​កញ្ញា ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​បាន​រឹត​បន្តឹង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ និង​បាន​បិទ​ទីតាំង​ជា​ច្រើន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​ថ្មី។

លោក ​នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ជីវសាស្ត្រ​ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជាបាន​ថ្លែង​ថា លោក កត់​សម្គាល់​ឃើញ​ថា ក្រសួង​សុខាភិបាល​នៅ​ក្នុង​អាណត្តិ​នៃ​រដ្ឋាភិបាល​ថ្មី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ពង្រឹង​គុណភាព​សុខាភិបាល។

លោក​និយាយ​ថា៖ «ក្រសួង​សុខាភិបាល​បាន​ចាត់​មន្ត្រី​ជំនាញ ក៏ដូចជា​រដ្ឋលេខាធិការ​ដើម្បី​ចុះ​ពង្រឹង​ដល់​ភូមិ​ឃុំ មិន​ត្រឹម​តែ​នៅ​កម្រិត​ស្រុក​នោះ​ទេ។ អីចឹង ខ្ញុំ​គិត​ថា ក្រសួង​សុខាភិបាល​ចាត់​វិធាន​ការ​តឹងរ៉ឹង គ្រាន់​តែ​ថា​ នៅ​មាន​បញ្ហា​ចន្លោះ​ប្រហោង​ ដែល​ធ្វើ​ឲ្យ​មាន​គ្លីនិក​បើក​ដំណើរ​ការ​ដោយ​គ្មាន​ច្បាប់។ ករណី​នេះ​ខ្ញុំ​មិន​យល់​ដែរ ព្រោះ​ថា មាន​ច្រក​ចេញ​ចូល​តែ​មួយ​ដែល​ស្ថិត​ក្រោម​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ»។

ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​គឺ​ជា កន្លែង​ផ្ដល់​សេវាកម្ម​រដ្ឋបាល​សម្រាប់​ប្រជា​ពលរដ្ឋ​ និង​ជា​កន្លែង​ប្រមូល​ផ្តុំ​សេវាកម្ម និង ​នីតិវិធី​រដ្ឋបាល​មួយ​ចំនួន​នៅ​កន្លែង​តែ​មួយ៕