ខេត្ត​កំពង់​ចាម​នឹង​ក្លាយ​ជា​ខេត្ត​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​បាន​បញ្ចប់​ការ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ចុះ​ទៅ​ប្រកាស​ខេត្ត​អំពី​ភាព​ជោគ​ជ័យ​នៃ​ខេត្ត​នេះ​លើ​ការ​វាស់​វែង​ដី​ធ្លី ​នៅ​ខែ​ធ្នូ​ខាង​មុខ។

កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម ជា​ពិសេស​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដែល​បាន​បំផ្លាញ​កម្មសិទ្ធ​ឯកជន ជា​ពិសេស​កម្មសិទ្ធិ​ដីធ្លី ដោយ​យក​ដី​ធ្វើ​ជា​របស់​សមូហភាព។ ក្រោយ​ពេល​របប​នេះ​បាន​រលត់​ផុត​ទៅ ជម្លោះ​ដណ្ដើម​ដីធ្លី​បាន​កើត​ឡើង ខណៈ​ដែល​ព្រំដែន​រវាង​ដី​ឯកជន​និង​ដី​រដ្ឋ​គ្មាន​ព្រំដែន​ច្បាស់​លាស់។ នេះ​បើ​តាម​លោក ហ៊ុន ម៉ាណែត។

ថ្លែង​នៅ​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និង​ទិស​ដៅ​ការងារ​ឆ្នាំ​បន្ត របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា​នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា៖ «យើង​នឹង​ប្រកាស​ខេត្ត​កំពង់​ចាម ជា​ខេត្ត​មុន​គេ​ដែល​បញ្ចប់​ការ​វាស់​វែង​ចុះ​បញ្ជី​ក្បាល​ដី សូម​អបអរ​សាទរ។ ដោយសារ​យើង​មាន​សង្គ្រាម កាល​ពី​មុន ខ្ញុំ​ដើរ​ប្រកាស​ខេត្ត​បាន​ដោះ​មីន​អស់ ដែល​មាន​១៥​ខេត្ត។ ឥឡូវ​យើង​ចាប់​ផ្ដើម​ប្រកាស​ខេត្ត​ដែល​បាន​វាស់​វែង​ចុះ​បញ្ជី​ក្បាល​ដី ចាប់​ពី​ខេត្ត​កំពង់​ចាម​មុន​គេ»។

លោក ហ៊ុន ម៉ាណែត សង្ឃឹម​ថា ការ​ចុះ​វាស់​វែង​និង​ចុះ​បញ្ជី​ដីធ្លី​នឹង​ត្រូវ​បញ្ចប់​ស្ថាពរ​នៅ​ឆ្នាំ​២០២៩ ដើម្បី​ចេញ​កម្មសិទ្ធិ​ឯកជន​នេះ។

កាល​ពី​ខែ​សីហា ក្នុង​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៧ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា រយៈ​ពេល ១២ ខែ​ចុង​ក្រោយ រាជរដ្ឋាភិបាល​បាន​វាស់​វែង​និង​ចុះ​បញ្ជី​ដី​បន្ថែម​បាន​ចំនួន​ជាង ២​ លាន​ក្បាល​ដី និង​បាន​ចេញ​ប័ណ្ណ​ជិត ៥៩​ ម៉ឺន​ប័ណ្ណ។

លោក​ថា ​ការ​វាស់​វែង​ក្បាល​ដី​នៅ​សេស​សល់​ប្រមាណ ២,៥​ លាន​ក្បាល​ដី នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០២៥ ដោយ​ប្រើ​ប្រាស់​កម្លាំង​សរុប​ជាង​ ៥​ពាន់​នាក់ និង​គ្រោង​ចំណាយ​ថវិកា​១០០​លាន​ដុល្លារ។

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​នេះ លោក​បញ្ជាក់​ថា ការ​ចុះ​វាស់វែង​ចុះ​បញ្ជី​ដីធ្លី​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ៕