ភ្នំពេញៈ ការវិភាគមុខងាររដ្ឋបាលសាធារណៈ ទ្រង់ទ្រាយធំ ដែលកំពុងតែដំណើរនេះ គឺមិនមែនជាការដាក់បន្ទុកបន្ថែម និងមិន​មែន​ជាការវះកាត់ ទៅលើក្រសួង ស្ថាប័នរដ្ឋនោះទេ តែវាជាឱកាស ក្នុងការផ្តល់នូវការគាំទ្រ និងជំនួយ​បច្ចេក​ទេសចាំ​បាច់​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា។ នេះជាការលើក​ឡើងរបស់ លោក​ឧប​នាយ​ករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានស្តីពី«ការអនុវត្តវិធានការគន្លឹះទី២ ក្នុង​ការកែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៦ ខែវិច្ឆិកានេះ។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង ពង្រីកវិសាលភាព នៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង​បញ្ជ្រាបការយល់ដឹងបន្ថែមដល់មន្រ្តីរាជការ និងសាធារណជន អំពីគោលដៅនៃការអនុវត្ត «ការពិនិត្យឡើងវិញ វិភាគ​មុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» បន្ទាប់ពី ក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រសួង ស្ថាប័នចំនួន៩ រួចមក ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ។ 

ក្រសួង និងស្ថាប័នទាំងនោះរួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ, អប់រំ យុវជន និងកីឡា, សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទា, យុត្តិធម៌, សុខាភិបាល, រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។   

ការបញ្ជាក់ប្រាប់​ ពីការវិភាគមុខងាររដ្ឋបាលសាធារណៈនេះ គឺជាការពន្យល់បន្ថែម ចំពោះក្តីកង្វល់របស់មន្រ្តីមួយចំនួន ពីការបាត់បង់ផលប្រយោជន៍ បន្ទាប់ពី រដ្ឋាបាលកម្ពុជា ក៏ដូចជា ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីណែនាំ ស្តី​​ពីការពិនិត្យឡើងវិញ និង​ការ​វិភាគ​មុខ​ងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នកាលពីខែឧសភាកន្លងមក។  

លោក​ឧប​នាយ​ករដ្ឋមន្រ្តីហ៊ុន ម៉ានី ដែល ជា​អនុ​ប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុង​ការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.)ផងនោះមានប្រសាសន៍ថា៖«ប្រាកដណាស់ ធ្វើយ៉ាងណា កុំឱ្យ​មាន​ការ​យល់​ឃើញថា ការវិភាគមុខងារខុសគ្នា។ ឧទាហរណ៍កន្លែងខ្លះយើងឮ ព័ត៌មានមកថា ការវិភាគមុខងារ គឺជា​ការរៀប​ចំវិ​ធាន​ការណ៍ វះកាត់ ដែលធ្វើឱ្យមន្រ្តីមួយចំនួនបាត់បង់អ្វី ដែលជាផលប្រយោជន៍ និងភារៈកិច្ចរបស់ខ្លួន»។

លោករដ្ឋមន្រ្តីបន្តថា៖«អញ្ជឹងគ្រាន់តែចាប់ផ្តើមពីដើមទីប៉ុណ្ណឹង កន្លែងខ្លះ គឺគាត់មានការព្រួយបារម្ភតែម្តង។​ គោល​បំណងធ្វើ​ការវិភាគមុខងារ គឺការធ្វើឱ្យមានប្រសិទ្ធភាព របស់ក្រសួង ស្ថាប័ន ​បាន​ប្រសើរ​ជាង​មុន​។ តែប្រសិន​បើ​មន្រ្តី​របស់យើងមានការភ័ន្តច្រលំគិតថា ការវិភាគមុខងារ គឺជាយន្តការឈានទៅដល់ ការវះកាត់ ឬក៏​ធ្វើឱ្យបាត់​ផល​ប្រ​យោជន៍ របស់មន្រ្តី អញ្ជឹងគឺវានឹងអាចបង្កើតបរិយាកាសមួយ ឱ្យមានការព្រួយបារម្ភ»។

លោកបន្ថែមថា នេះជាចំណុច​មួយ ដែលត្រូវជំនះ ត្រូវការបកស្រាយ ហើយត្រូវការ ការធ្វើការចំណាយពេលវេលា ត្រូវ​ការពន្យល់ពីក្រសួង ស្ថាប័ន​នីមួយៗ ដែលរៀបចំឱ្យមានការបញ្រ្ជាប ដើម្បីកុំឱ្យមានការព្រួយបារម្ភតទៅទៀត។ 

លោកថ្លែងដូច្នេះថា៖«វាជាឱកាស ដើម្បីយើងពិនិត្យទៅលើស្ថានភាពសុខភាព នៃប្រព័ន្ធរដ្ឋបាល​សាធារណៈ​របស់​យើង ថាតើក្នុងពេលបច្ចុប្បន្ន គឺយើងស្ថិតក្នុងចំណុចណា។ ការវិភាគមុខងារនេះ ដើម្បីយើងអាច​មើល​ឃើញនូវ​ចំ​ណុចខ្លាំង និងចំណុចណា ដែលមានភាពខ្វះខាត ដែលយើងត្រូវការកែសម្រួល។ សំខាន់ជាងគេ​បង្អស់​គឺប្រមូល​ទិន្នន័យ​ទាំងអស់នេះ ដើម្បីធ្វើយ៉ាងណា យើងមានមូលដ្ឋាន ដើម្បីឆ្ពោះទៅមុខបន្ថែមទៀត»។  

លោកក៏បានឱ្យដឹងផងដែរថា ក្នុងដំណាក់កាលចាប់ផ្តើមដំណើរការដំបូងកាលពីខែឧសភាកន្លងមក គឺមិនសូវមាន​ការយល់គ្នានោះទេ។ 

ប៉ុ​ន្តែ​ក្រោយពីមានការជួបគ្នា ទាំងកម្រិតបច្ចេកទេស កម្រិតនយោបាយបច្ចេកទេស និង​កម្រិត​ស្ថាប័នរួចមក រហូត​មក​ដល់ពេលនេះ គឺមានការយល់គ្នាកាន់តែច្រើនឡើងៗ។ 

លោកបញ្ជាក់ថា ការកែទម្រង់ ដែលបានធ្វើតាំងពីអាណត្តិមុនៗ រហូមកដល់ពេលបច្ចុប្បន្ននេះ គឺមិនដែលមា​ន​ការ​កែ​ទម្រង់មួយណា ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ របស់មន្រ្តីរាជការស៊ីវិល ​ដែលជាសិទ្ធិទទួលបាន មាន​ចែង​នៅ​ក្នុង​ក្របខណ្ឌច្បាប់នោះទេ។ 

ដូចគ្នានេះដែរ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាល ក៏មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍ របស់​មន្រ្តី​រាជការដែរ។ ជាពិសេស គឺសិទ្ធិ ដែលពួកគាត់ទទួលបានទៅតាមច្បាប់ ដែលមានចែង។

ការពិនិត្យឡើងវិញ និង​ការ​វិភាគ​មុខ​ងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននេះគឺធ្វើឡើងដោយក្រសួងសាម៉ីផ្ទាល់ទៅតាម​ទម្រង់ឯកសារមូលដ្ឋាន ដែលក្រសួងមុខងារសាធារណៈបានចែកជូនយកទៅបំពេញ ហើយ​ត្រូវ​បញ្ជូ​នរ​បាយ​កា​រណ៍​នោះ​ទៅក្រ​សួង​វិញ ដើម្បី​ប្រ​មូលទិន្នន័យ ​ឬ​ព័ត៌​មានរួមមួយ ដែលមានលក្ខណៈ​ គ្រប់ជ្រុងជ្រោយ លើ​ស្ថាន​ភាព​ជាក់​ស្តែង។ 

ក្រសួង​មុខ​ងារសាធារណៈ នឹងដាក់របាយការណ៍នោះ ជូនប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ា​ណែត ដែលជាប្រធានគ.វ.រ ដើម្បីការពិនិត្យ ហើយក្រសួង​មុខ​ងារសាធារណៈនឹងរងចាំការពិគ្រោះយោបល់ និង​ការ​តម្រង់ទិសពីប្រមុខរដ្ឋាភិបាល ។ 

លោក​ឧប​នាយ​ករដ្ឋមន្រ្តីបានជឿជាក់ថា ក្រសួង ស្ថាប័ន មានវិជ្ជាជីវៈ និងការ​បំពេញការងារច្បាស់លាស់ ដែល​មិន​អាចធ្វើឱ្យមានការសង្ស័យ ទៅលើទិន្នន័យ ដែលត្រូវដាក់ទៅក្រសួងវិញនោះទេ។ 

លើសពីនោះ ការ​ធ្វើការជា​មួយ​គ្នា​ ពិគ្រោះយោបល់ និងការត្រួតពិនិត្យជាមួយគ្នាទៅមក នឹងកាន់តែធ្វើឱ្យទិន្នន័យនោះ មានភាពច្បាស់​លាស់​ និង​មាន​សុក្រឹតថែម​ទៀត ដែលអាចទទួលយកបានទាំងសងខាង។

លោក​ឧប​នាយ​ករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះថា«ពីមុនក្រសួងខ្លះស្នើសុំបង្កើនរចនាសម្ព័ន្ធ ឬក៏​ស្នើសុំឱ្យ​មានការ​ជ្រើស​រើសមន្រ្តីបន្ថែម ដើម្បីបំពេញតួនាទី តែចំពោះអាណត្តិទី៧ ហើយនិងការវិភាគមុខងារ ក្រសួងសាម៉ី​ត្រូវការ​វិភាគ​មុខ​ងារ​ទៅលើអ្វីដែលជាសុខភាពរបស់ខ្លួន ដោយមិនឱ្យពង្រីករចនាសម្ព័ន្ធ។ បើមិនមានការធ្វើវិភាគមុខងារច្បាស់លាស់ ចប់សព្វគ្រប់ ក៏មិនមានឱកាសក្នុងការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មីៗផងដែរ»។ 

លោកបញ្ជាក់ថា ការប្រលង​ជ្រើសរើស​មន្រ្តីថ្មី នាពេលថ្មីៗនេះ គឺសុទ្ធតែក្របខណ្ឌ ដែលត្រូវបានអនុញ្ញតតាំង​ពី​ឆ្នាំ​២០២៣មក ប៉ុន្តែ ចំពោះ​ការ​អនុញ្ញា​តឱ្យ​ជ្រើស​រើស​ក្របខណ្ឌមន្រ្តីថ្មីសម្រាប់ឆ្នាំ២០២៤ ២០២៥ គឺមិនទាន់​មាន​នោះ​ទេ។  

ក្រោយពីមានការណែនាំពីរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈក៏បាន បង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បី​ធ្វើ​ការ​ជាមួយក្រសួង ស្ថាប័នតាមវិស័យ ដែលត្រូវបានបែងចែកជាបួន។ 

ក្នុងនោះរួមមាន វិស័យរដ្ឋបាលទូទៅ ដែល​មានក្រសួង និងស្ថាប័នចំនួន១០ វិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលមានក្រសួងចំនួន២ វិស័យ​សង្គម​កិច្ច ដែលមានក្រសួងចំនួន៩ និងវិស័យសេដ្ឋកិច្ច ដែលមានក្រសួង ស្ថាប័នចំនួន១០។ 

ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងធ្វើសិក្ខាសាលាផ្សព្វផ្សាយ កម្រិតបច្ចេកទេស សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញ ដែលទទួលបន្ទុកលើការវិភាគមុខងារសាធារណៈនេះ។ 

បន្ថែមពីនោះ ក៏មានការរៀបចំសិក្ខាសាលាចំនួន៣ដង  ដើម្បីទទួលបទពិសោធន៍ ពីប្រទេសដទៃ លើការងារវិភាគមុខងារសាធារណៈនេះ។ ក្នុងនោះមានប្រទេសអូស្រ្តាលី  សិង្ហបុរី និងឥណ្ឌូនេស៊ី។

ប្រមុខរដ្ឋាភិបាលបានណែនាំឱ្យក្រសួង ស្ថាប័ន ធ្វើការការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធរបស់​ខ្លួន​ឱ្យ​បាន​​រួចរាល់ត្រឹម​ត្រីមាសទី៣ នៃឆ្នាំ២០២៤។ 

អ្នក​នាំពាក្យ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ពិត ករុណាបានឱ្យដឹងថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​រៀប​ចំ​គណៈកម្មា​ការត្រួតពិនិត្យ វាយតម្លៃ ដើម្បីពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ហើយលោករដ្ឋមន្រ្តីឆាយ ឫទ្ធិ​សែនបានដឹកនាំប្រជុំ ដើម្បី ពិនិត្យទៅលើការងារនេះរួចរាល់ហើយផងដែរ។ 

លោកបញ្ជាក់ថា៖«យើងផ្តោតសំខាន់ទៅលើការត្រួតពិនិត្យឡើងវិញ នូវតួនាទី ភារៈកិច្ចរបស់ក្រសួង ដែល​មាន​ភាព​ជាន់គ្នា ឬមានតួនាទីក្នុងអង្គភាព ដែលមិនដំណើរការ។ អញ្ជឹងក្រសួងបានស​ម្រេចដកនូវមុខងារណា​ ដែល​មាន​ភាពជាន់​គ្នា និងសម្រួលការងារណា ដែលមិនដំណើរការ»។ 

លោកបន្ថែមថា ក្រសួងបានបញ្ចប់ការ​ រៀប​ចំកា​រ​វិភា​គ​មុ​ខ​ងារ​នេះ​ ហើយក៏បានបញ្ជូនទៅក្រសួងមុខងារសាធារណៈរួច​រា​ល់ហើយផងដែរ។ 

លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា ក្រសួង​កំពុង​ធ្វើកា​រងារនេះ​ជាមួយ​ក្រសួ​ងមុខងារសាធារណៈជាបន្តបន្ទាប់ និង​បំពេញ​គ្រប់​តម្រូវ​ការ​លើកា​រវិភាគ​មុខ​ងាររប​ស់​ក្រសួង​សាធា​រ​ណ​ការ​ ​និងដឹកជញ្ជូន។ 

លើសពីនេះ គ្រប់បណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ បាន​ផ្សព្វផ្សាយ​ជាហូរហែ​លើយន្តការ និងសកម្មភាពការងារវិភាគមុខងារនេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការបង្ហាញពីសមិទ្ធផលជាជំហ៊ានៗ លើការអនុវត្តវិធានការគន្លឹះទី២ របស់រាជរដ្ឋា​ភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាសេនាធិការ និងបង្ហាញភាពវិជ្ជមាន នៃការចូលរួមសហការពីក្រសួង ស្ថាប័ន​ទាំង៩ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ ក៏ដូ​ចជា​ក្រ​សួង ស្ថា​ប័ន​ទាំង៩ ផងដែរ។ 

ក្នុងពិធីបិទសិក្ខាសាលា ស្តីពី«ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋ​បាល​សាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកានេះ ក្នុងខេត្តព្រះសីហនុ លោក​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានអំពាវនាវផងដែរថា៖«សូមយើងទាំងអស់គ្នា​ ចាត់ទុកថា ការងារកែទម្រង់ គឺជា​ឱ​កាស​កែ​លម្អខ្លួនឯង និងឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង»៕